គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់កាលបរិច្ឆេទឱ្យគណបក្សនយោបាយសុំចុះបញ្ជីដើម្បីចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិខែកក្កដាខាងមុខខណៈគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយមិនទាន់រកឃើញច្រកដើម្បីត្រឡប់ចូលឆាកនយោបាយបាននៅឡើយ។
យោងតាមសេចក្តីជូនដំណឹងមួយចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ គ.ជ.បបានឱ្យដឹងថាការចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ត្រូវធ្វើចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ខាងមុខ។ សេចក្តីជូនដំណឹងដដែលបន្តថា គណបក្សនយោបាយដែលមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវទៅយកគំរូពាក្យសុំនៅ គ.ជ.ប ឬទាញយកពីគេហទំព័រ www.necelect.org.kh ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវដាក់ពាក្យសុំចុះបញ្ជីនៅ ទីស្តីការ គ.ជ.ប ក្នុងបរិវេណក្រសួងមហាផ្ទៃ។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បញ្ជាក់ក្នុងសេចក្តីជូនដំណឹងដដែលក្នុងន័យដើមថា៖
«គ.ជ.ប. សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយដែលមានបំណងឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់»។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប នេះ ធ្វើឡើងក្នុងថ្ងៃតែមួយនៃការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបញ្ជាក់ថា ការបោះឆ្នោតនឹងធ្វើឡើងតាមកាលកំណត់ ដោយមិនមានការចរចានយោបាយជាមួយគណបក្សប្រឆាំង និងមិនខ្វល់ពីបរទេសណាមួយដែលចង់លូកដៃចូលផ្ទៃក្នុងកម្ពុជានោះឡើយ។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា គណបក្សនេះឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ជាមួយគ្នានោះ តុលាការក៏បានប្រកាសព្យួរសិទ្ធិមន្រ្តី និងតំណាងរាស្រ្តគណបក្សនេះចំនួន១១៨រូប មិនឲ្យធ្វើនយោបាយម្នាក់ៗចំនួន៥ឆ្នាំ។
ក្រោយការរំលាយ ថ្នាក់ដឹកនាំគណបក្សនេះនៅតែបង្ហាញពីជំនឿរបស់ខ្លួនថា នឹងអាចត្រឡប់ចូលឆាកនយោបាយវិញ នៅមុនការបោះឆ្នោតថ្នាក់ជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំងមួយរូបដែលត្រូវបានតុលាការព្យួរសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា លោកនៅតែរំពឹងថា គណបក្សសង្គ្រោះជាតិនឹងអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ខាងមុខនេះ តាមរយៈដំណោះស្រាយនយោបាយ។
លោកបញ្ជាក់ថា៖
«ខ្ញុំនៅតែជឿថា អ្វីដែលកើតមាន វាជាការកើតមានដែលពលរដ្ឋលោកមិនស្វាគមន៍ ហើយអ្វីដែលអ្នកនយោបាយ និងអ្នកដឹកនាំត្រូវធ្វើ ត្រូវតែគោរពឆន្ទៈពលរដ្ឋ ហើយត្រូវតែផ្តល់ឱកាសឲ្យពលរដ្ឋជ្រើសរើសគណបក្សណាមួយដែលលោកពេញចិត្ត»។
កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសជាច្រើនដងថា គណបក្សសង្គ្រោះជាតិនឹងមិនអាចត្រឡប់មកចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះជាដាច់ខាត។ លោក ហ៊ុន សែន ក៏តែងតែជំរុញឲ្យសមាជិកគណបក្សប្រឆាំងដែលមិនពាក់ព័ន្ធនឹងការព្យួរសិទ្ធិនយោបាយ បង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោត។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានគណបក្សថ្មីណាមួយកើតចេញពីសមាជិករបស់គណបក្សសង្គ្រោះជាតិនៅឡើយ។
បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា រហូតមកដល់ពេលនេះ គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃមានប្រមាណជាជិត៤០គណបក្ស។ លោកបញ្ជាក់ថា អ្នកដែលមានគម្រោងចង់បង្កើតគណបក្សថ្មីដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ នៅមិនទាន់ហួសពេលនៅឡើយ ប៉ុន្តែលោកថា គណបក្សដែលអាចមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ចុះឈ្មោះបោះឆ្នោត លុះត្រាតែគណបក្សនោះប្រមូលស្នាមមេដៃអ្នកគាំទ្របានចំនួន៤ពាន់ នៅមុនកាលបរិច្ឆេទនៃការចុះឈ្មោះត្រូវបានបិទបញ្ចប់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា៖
«ដើម្បីឲ្យបានសុពលភាពក្នុងការឈរឈ្មោះ ត្រូវរកស្នាមមេដៃគាំទ្រគណបក្សហ្នឹងយ៉ាងតិចក៏៤ពាន់នាក់ដែរ។ ហើយបញ្ជូនស្នាមមេដៃ៤ពាន់នាក់ហ្នឹងមកក្រសួងមហាផ្ទៃទៀត ក្រសួងមហាផ្ទៃមើលស្នាមមេដៃហ្នឹងទៀត ៤ពាន់នាក់តើមានស្ថិតក្នុងប្រជាពលរដ្ឋដែលយើងហាមឃាត់ទេ? ឧទាហរណ៍ថា ១១៨នាក់យើងហាមឃាត់ធ្វើនយោបាយ ឬក៏អ្នកដទៃទៀតផ្សេងៗហ្នឹងទៅ យើងមើលទៅ បើគ្រប់៤ពាន់នាក់ត្រឹមត្រូវ អត់មានក្លែងស្នាមមេដៃ យើងតបទៅវិញ រួចចុះសុពលភាពហើយ។ ពេលដែលបានសុពលភាពហើយ គាត់មានសិទ្ធិអាចយកគណបក្សគាត់ទៅចុះឈ្មោះប្រកួតប្រជែងនៅ គ.ជ.ប បានហើយ»។
ទោះយ៉ាងណា នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា សម្រាប់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ នឹងមិនអាចត្រឡប់មកចូលរួមការបោះឆ្នោតអាណត្តិនេះបានឡើយ។
ក្រោយការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស រដ្ឋាភិបាលបានបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំង ដែលទទួលបានកាលពីការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ ទាំងជាង៥.០០០ ឲ្យទៅគណបក្សផ្សេងៗ។ ក្នុងនោះ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានច្រើនជាងគេ។
ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤ កាលពីកុម្ភៈ ដោយគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលដឹកនាំប្រទេសជិត៤ទសវត្សរ៍មកហើយនោះ បានប្រមូលយកអាសនៈទាំងអស់នៅក្នុងព្រឹទ្ធសភា ហើយក្លាយជាគណបក្សដែលដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមួយនេះ ដោយឯកបក្ស។
សហរដ្ឋអាមេរិកបានប្រកាសផ្ដាច់ជំនួយអភិវឌ្ឍន៍ជាច្រើនមកកម្ពុជា ដោយថា រដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យ និងមិនអើពើជុំវិញការទទូចឲ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រកាសដកខ្លួនឈប់គាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ចំណែកសភាអឺរ៉ុប ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានទទូចឲ្យបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប ពន្លឿនការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ផងដែរ។
ទោះយ៉ាងណា មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាថ្លែងថា សកម្មភាពនៃការរំលាយគណបក្សសង្រ្គោះជាតិនិងការបង្រ្កាបលើស្ថាប័ន និងបុគ្គលមួយចំនួនទៀតនាពេលកន្លងមក គឺធ្វើឡើងទៅតាមច្បាប់ និងស្របតាមលទ្ធិប្រជាធិបតេយ្យ៕