គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងត្រៀមរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតដោយចាប់ផ្តើមពីការចុះឈ្មោះអ្នកសង្កេតការណ៍លើការចុះបញ្ជីបោះឆ្នោតនៅថ្ងៃទី២៥ខែកញ្ញាខាងមុខនេះហើយការចុះឈ្មោះអ្នកបោះឆ្នោតថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា។
ដំណើរការនេះនឹងប្រព្រឹត្តទៅជាធម្មតាបើទោះបី ជាមានការជំទាស់ពីគណបក្សប្រឆាំងនឹងអ្នកជំនាញការបោះឆ្នោតឱ្យរង់ចាំដល់ពេលគណបក្សដែលមានអាសនៈនៅ ក្នុងរដ្ឋសភារៀបចំបង្កើតស្ថាប័នបោះឆ្នោតថ្មីនិងរៀបចំបញ្ជីបោះឆ្នោតថ្មីតាមការព្រមព្រៀងនយោបាយកន្លងមក។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា ច្បាប់ដែលមានជាធរមានតម្រូវឱ្យគ.ជ.បអនុវត្តការងារនេះហើយការលើកឡើងនានាគ្រាន់តែជា «ការយល់ច្រឡំ»តែ ប៉ុណ្ណោះ។
«តាមពិតការព្រមព្រៀងរបស់គណបក្សនយោបាយជារឿងរបស់គណបក្សនយោបាយក៏ប៉ុន្តែច្បាប់នៅជាធរមានគ.ជ.បនៅតែអនុវត្តទៅតាមច្បាប់ហើយម្យ៉ាងទៀតការចុះបញ្ជីនេះ គឺបញ្ជីបោះឆ្នោតមិនមែនប្រើសម្រាប់តែការបោះឆ្នោតតំណាងរាស្រ្តទេ គឺប្រើសម្រាប់ការបោះឆ្នោតឃុំសង្កាត់ទៀត»។
គណបក្សប្រជាជកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹមសុខាបានព្រមព្រៀងគ្នារៀបចំស្ថាប័នបោះឆ្នោតជាតិថ្មីមួយដែលឯករាជ្យនិងមានការធានាសិទ្ធិរបស់សមាជិករបស់ស្ថាប័ននេះនៅក្នុងរដ្ឋធម្មនុញ្ញមកជំនួសគជបនាពេលបច្ចុប្បន្នដែលរងការចោទប្រកាន់ថាបានលម្អៀងទៅ រកគណបក្សកាន់អំណាច។ ប៉ុន្តែការរៀបចំនៅមិនទាន់ចប់សព្វគ្រប់នៅឡើយដោយក្រុមការងារត្រូវសម្រាកពេលបុណ្យភ្ជុំបិណ្ឌហើយសភាកំពុងសម្រាកវិស្សមកាល។
សភាកម្ពុជានឹងវិលត្រឡប់មកពី សម្រាកវិញហើយចូលប្រជុំនៅដើមខែតុលាដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសម្រាប់បើកផ្លូវឱ្យរៀបចំស្ថាប័នរៀបចំការបោះឆ្នោតតាមការព្រមព្រៀងគ្នារវាងគណបក្សនយោបាយធំៗទាំងពីរនេះ។
លោក យ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា៖
«យើងបានស្នើសុំឱ្យផ្អាកដែរក៏ប៉ុន្តែគាត់ថាច្បាប់ចាស់នៅជាធរមានហើយគាត់អនុវត្តតាមច្បាប់ចាស់ពីព្រោះយើងយល់ថាជាការចាយវាយថវិកាជាតិមិនចាំបាច់ពីព្រោះបន្តិចទៀតយើងឯកភាពគ្នារៀបចំគណៈកម្មការរៀបចំ ការបោះឆ្នោតដោយរៀបចំបញ្ជីថ្មីជាដើម។ យើងបានស្នើដែរក៏ប៉ុន្តែគាត់យល់ថាច្បាប់ចាស់នៅ ជាធរមានហើយគាត់នៅ អនុវត្តរហូតដល់មានគ.ជ.បថ្មី និងច្បាប់ថ្មីមកជំនួស»។
លោកហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិកបានសម្តែងការជំទាស់នឹងការចុះឈ្មោះ អ្នកបោះឆ្នោតថ្មី និងការធ្វើបច្ចុប្បន្នភាពនៃបញ្ជីបោះឆ្នោតនៅពេលនេះដែរ។
«យើងមានការសោកស្តាយដោយមិនចង់ឱ្យមានការចុះ ឈ្មោះ ប្រចាំឆ្នាំដោយសារយោងទៅតាមកិច្ចព្រមព្រៀងបញ្ជីបោះឆ្នោតថ្មី នឹងត្រូវតែធ្វើឡើងអញ្ចឹងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំនៅ ពេលនេះយើងបារម្ភថាបញ្ជីបោះឆ្នោតនេះនឹងមិនត្រូវបានប្រើប្រាស់សម្រាប់ឆ្នាំបោះឆ្នោតខាងមុខ។ អញ្ចឹងគឺជាការប្រើប្រាស់ថវិកាអត់ប្រយោជន៍»។
គ.ជ.បរំពឹងថានឹងចុះឈ្មោះអ្នកបោះឆ្នោតថ្មី ជាលើកដំបូងនិងអ្នកដែលបានផ្លាស់ប្តូរទីលំនៅចំនួនជាង៣០ម៉ឺននាក់នៅពេលដែលខ្លួនបិទបញ្ចប់ការចុះឈ្មោះនៅថ្ងៃទី៣១ខែធ្នូ។
គ.ជ.បបានប៉ាន់ស្មានថាឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីអ្នកបោះឆ្នោតអាចនឹងមានជាង១០ម៉ឺននាក់ដោយសារបានស្លាប់បាត់បង់ជីវិត មានពិរុទ្ធភាព និងអ្នកដែលផ្លាស់ប្តូរទីលំនៅចេញពីមណ្ឌលបោះឆ្នោតចាស់៕