នៅថ្ងៃអង្គារនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយចំនួន២០លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
ក្នុងពិធីចាប់ឆ្នោតដែលមានតំណាងរបស់គណបក្សទាំង២០ចូលរួមនោះ សម្តេចសង្ឃទាំងពីរគណៈបានចាប់សន្លឹកឆ្នោតម្តងមួយៗ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី២០ ដែលជាលេខរៀងចុងក្រោយបង្អស់។ ចំណែកលេខរៀងទី៤ ដែលជាលេខរៀងរបស់គណបក្សប្រជាជនកម្ពុជាកាលពីអាណត្តិមុន បានទៅគណបក្សសញ្ជាតិកម្ពុជា ចំណែកលេខរៀងទី៧ ដែលជាលេខរៀងរបស់គណបក្សសង្គ្រោះជាតិមុនពេលតុលាការរំលាយក្នុងអាណត្តិមុន បានទៅគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សទើបបង្កើតឡើងនៅដើមឆ្នាំ២០១៥។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្លែងក្នុងពិធីចាប់ឆ្នោតកំណត់លេខរៀងគណបក្សនោះថា ការចាប់ឆ្នោតកំណត់លេខរៀងនេះប្រព្រឹត្តតាមនីតិវិធីត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយតម្លាភាព។ លោកបន្ថែមថា ការកំណត់លេខរៀងសម្រាប់គណបក្សនយោបាយនីមួយៗ នឹងបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយក្នុងដំណើរការនៃការបោះឆ្នោតខាងមុខ។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតគ.ជ.ប.ដែលតែងអះអាងថាគ.ជ.ប.មានភាពឯករាជ្យនោះ មានបញ្ជាក់ថា៖
«ការកំណត់លំដាប់លេខរៀងគណបក្សនយោបាយនីមួយៗលើសន្លឹកឆ្នោត នឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឲ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួល នូវគណបក្សនយោបាយដែលគាត់ស្រលាញ់ពេញចិត្ត»។
ក្រោយការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនីមួយៗបានបញ្ចប់ គេឃើញតំណាងមកពីគណបក្សនយោបាយទាំង២០បានចុះហត្ថលេខាទទួលយកនូវការកំណត់លេខរៀងនោះ រៀងៗខ្លួន។
លោក អ៊ក គីមហាន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ប្រាប់អ្នកសារព័ត៌មានក្នុងពិធីចាប់ឆ្នោតនោះថា ការប្តូរពីលេខរៀងទី៤ទៅលេខរៀងទី២០ ដែលជាលេខរៀងចុងក្រោយបង្អស់នេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការគូសសន្លឹកឆ្នោតក្នុងពេលបោះឆ្នោតខាងមុខ។
លោកបញ្ជាក់ថា៖
«គណបក្សប្រជាជនដែលទទួលបានលំដាប់លេខរៀងទី២០ គឺថា ទីខាងក្រោមគេបំផុតហ្នឹង ក៏ជារឿងមួយដ៏ល្អដែរ ពីព្រោះនៅពេលដែលសកម្មជនរបស់ខ្ញុំទៅពន្យល់ប្រជាពលរដ្ឋ ប្រាប់គាត់ថា អាលេខចុងក្រោយហ្នឹងហើយគណបក្សយើង ឲ្យគាត់ស្រួលគូស»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំ បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានចូលរួមអបអរសាទរដែលគណបក្សរបស់លោកទទួលបានលេខរៀងទី២០ ក្នុងការចាប់ឆ្នោតកំណត់លេខរៀងថ្មីនេះ។
លោកបានសរសេរក្នុងន័យដើមថា៖
«គណបក្សប្រជាជនកម្ពុជាត្រូវចាប់លេខរៀងបានលេខទី២០ ដែលជាលេខងាយស្រួលចំណាំដល់ពលរដ្ឋទូទាំងប្រទេស។ គ.ជ.ប.នឹងដាក់បង្ហាញការបោះពុម្ពទម្រង់សន្លឹកឆ្នោតនៅពេលឆាប់ៗនេះ»។
ក្រៅពីគណបក្សដែលទទួលបានលេខ៤ លេខ៧ និងលេខ២០ លទ្ធផលនៃការចាប់លេខរៀងគណបក្សនយោបាយ នៅថ្ងៃអង្គារនេះ បង្ហាញថា៖
លេខរៀងទី១បានទៅគណបក្សខ្មែររួបរួមជាតិ
លេខរៀងទី២ បានទៅគណបក្សមាតុភូមិយើង
លេខរៀងទី៣ បានទៅគណបក្សពន្លឺថ្មី
លេខរៀងទី៥ បានទៅគណបក្សខ្មែរក្រោក
លេខរៀងទី៦ បានទៅគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
លេខរៀងទី៨ បានទៅគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
លេខរៀងទី៩ បានទៅគណបក្សរស្មីខេមរា
លេខរៀងទី១០ បានទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
លេខរៀងទី១១បានទៅគណបក្សខ្មែរសាធារណរដ្ឋ
លេខរៀងទី១២ បានទៅគណបក្សខ្មែរឈប់ក្រ
លេខរៀងទី១៣ បានទៅគណបក្សហ៊្វុនស៊ីនប៉ិច
លេខរៀងទី១៤ បានទៅគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
លេខរៀងទី១៥ បានទៅគណបក្សយុវជនកម្ពុជា
លេខរៀងទី១៦ បានទៅគណបក្សធម្មាធិបតេយ្យ
លេខរៀងទី១៧ បានទៅគណបក្សឆន្ទៈខ្មែរ
លេខរៀងទី១៨ បានទៅគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង
លេខរៀងទី១៩ បានលើគណបក្សខ្មែរតែមួយ។
លោក ហេង សំអ៊ន ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលទទួលបានលេខរៀងចាស់របស់គណបក្សសង្គ្រោះជាតិនាអាណត្តិមុន លើកឡើងថា ការទទួលបានលេខរៀងទី៧នេះអាចនឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែឆាប់ស្គាល់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយទទួលបានលេខរៀងទី៧ និងមានប្រជាពលរដ្ឋគាំទ្រជាង៣លាននាក់ កាលពីអាណត្តិមុន។ លោកបន្ថែមដោយរំពឹងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងទទួលបានជោគជ័យក្លាយជាអ្នកដឹកនាំប្រទេសក្នុងអាណត្តិនេះ។
លោកមានប្រសាសន៍ថា៖
«យើងអាចបានសំឡេងពីអតីតគណបក្សសង្គ្រោះជាតិ ហើយយើងក៏អាចបានសំឡេងពីអតីតអ្នកគាំទ្រគណបក្សប្រជាជនដែរ ដោយសារតែគោលនយោបាយស៥របស់យើង ជាគោលនយោបាយដែលល្អ»។
ចំណែកលោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា ដែលទទួលបានលេខរៀងទី៤ ដែលជាលេខរៀងចាស់របស់គណបក្សកាន់អំណាចកាលពីអាណត្តិមុន និយាយថា គណបក្សសញ្ជាតិកម្ពុជារបស់លោកនឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតនេះ ដោយថា លេខ៤ជាលេខរៀងរបស់គណបក្សដែលទទួលបានជ័យជំនះកាលពីអាណត្តិកន្លងទៅ។
លោកបញ្ជាក់ថា៖
«អាណត្តិនេះគឺថា លេខ៤នឹងទទួលបានជោគជ័យ១០០ភាគរយ ដោយសារតែមូលហេតុដូចខ្ញុំបញ្ជាក់ថា ជាលេខមួយគេហៅថា លេខព្រហ្មវិហារធម៌ ហើយកាលពីមុន គណបក្សប្រជាជនកម្ពុជាចាប់បានលេខ៤ ក៏ជាលេខព្រហ្មវិហារធម៌ដែរ ទទួលបានជោគជ័យ ហើយនេះជាលេខព្រហ្មវិហារធម៌៤ ត្រូវតែទទួលជោគជ័យ»។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមិនមានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សនេះត្រូវបានតុលាការកំពូលរំលាយទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្រោយការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនេះ គេឃើញអង្គការ និងស្ថាប័នជាតិអន្តរជាតិមួយចំនួនបង្ហាញការបារម្ភថា ការបោះឆ្នោតនាពេលខាងមុខនឹងប្រព្រឹត្តទៅដោយមិនមានតម្លាភាព និងមិនយុត្តិធម៌៕