មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីរយៈពេលជាង២ខែមកនេះ មានចំនួនជាង៥៣ម៉ឺននាក់ បើគិតមកដល់ថ្ងៃទី៩ ខែវិច្ឆិកា ដែលចំនួននេះ គឺស្មើជាង៣៣ភាគរយនៃចំនួនប្រជាជនដែលប៉ាន់ស្មានសម្រាប់ការចុះឈ្មោះថ្មីជាង១,៦លាននាក់។
ការចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកគ្រប់អាយុបោះឆ្នោត និងអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា។
លោក សោម សូរីដា អគ្គលេខាធិការងនៃគ.ជ.ប បានថ្លែងប្រាប់ VOA ថា អ្នកចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៧នេះ មានជាង៥៣ម៉ឺននាក់នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានជាង១,៦លាននាក់។ លោកបញ្ជាក់ថា ចំនួនអ្នកមិនបានមកចុះឈ្មោះបោះឆ្នោតជាង១លាននាក់ គឺជាទិន្នន័យចាស់ឆ្នាំ២០១៦ គឺសំដៅទៅលើអ្នកនៅខាងក្រៅប្រទេសជាង១លាននាក់។
លោកបានចាត់ទុកថា ទិន្នន័យនេះ គឺអាចទទួលយកបាន។
លោកមានប្រសាសន៍ថា៖ «ការចុះឈ្មោះនេះ បើតាមយោបល់ពូ គឺវាមានទិន្នន័យគួរជាទីពេញចិត្ត ដែលយើងគិតថា មកដល់ពេលនេះ គឺប្រជាពលរដ្ឋ ដែលយើងប៉ាន់ស្មានជាង៩លាននាក់ បានមកចុះឈ្មោះបោះឆ្នោតជាង៨លាននាក់ ដូច្នេះតួលេខនេះ គឺជាតួលេខមួយដែលអាចទទួលយកបាន ហើយពូពេញចិត្តជាមួយតួលេខនេះ ពីព្រោះទោះបីជាយើងខំពន្យារយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរដែលចំណាកស្រុកទៅឯក្រៅប្រទេសហ្នឹង លោកពុំមានពេលវេលាគ្រប់គ្រាន់មកចុះឈ្មោះបោះឆ្នោតទេ ហើយប្រហែលជាខ្វះទាំងមធ្យោបាយក្នុងការអញ្ជើញមកចុះឈ្មោះបោះឆ្នោត»។
បើតាមលោក សោម សូរីដា បើសរុបចំនួនមនុស្សនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត គឺមានជាង៨លាននាក់ ដែលស្មើប្រមាណ៨៥ភាគរយនៃអ្នកដែលអាចបោះឆ្នោតបាន គឺអាយុ១៨ឆ្នាំឡើងទៅ។ លោកចាត់ទុកចំនួន៨៥ភាគរយ គឺខ្ពស់ជាងគេ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់។
លោក សូរីដា បានបញ្ជាក់បន្ថែមថា គ.ជ.ប មិនអាចកំណត់ថា តើមានមនុស្សប៉ាន់ស្មានប៉ុន្មាននាក់ក្នុងស្រុកដែលមិនបានមកចុះឈ្មោះបោះឆ្នោតរហូតមកដល់ពេលនេះ។
មន្រ្តីបោះឆ្នោតបានឲ្យដឹងថា គ.ជ.ប នឹងបិទផ្សាយបញ្ជីដំបូងនៅពេលខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋពិនិត្យមើល ហើយអាចប្តឹងតវ៉ា ប្រសិនបើមានកំហុសនៃការចុះបញ្ជី។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ គ.ជ.ប មិនមានគម្រោងពន្យារពេលចុះឈ្មោះបោះឆ្នោតនោះទេ។ លោកចាត់ទុកចំនួនមនុស្សចុះឈ្មោះបោះឆ្នោតនេះអាចទទួលយកបាន។
បើទោះកម្ពុជាប្រឈមនឹងបញ្ហានយោបាយតានតឹងក៏ដោយ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ស្ថានភាពនយោបាយបច្ចុប្បន្នមិនប៉ះពាល់ដល់ការចុះឈ្មោះបោះឆ្នោតនោះទេ។
ពីរថ្ងៃបន្ទាប់ពីចាប់ដំណើរការចុះឈ្មោះបោះឆ្នោត ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនទាំងកណ្តាលអធ្រាត្រ ដោយត្រូវចោទប្រកាន់ថាប្រព្រឹត្តអំពើក្បត់ជាតិ។ បន្ទាប់មកក្រសួងមហាផ្ទៃក៏បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល កាលពីខែតុលា ស្នើឲ្យរំលាយគណបក្សសង្រ្គោះជាតិ ដែលត្រូវបានចោទថា ប្រព្រឹត្តអំពើក្បត់ជាតិ ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាល។ កាលពីចុងខែសីហា មុនដំណើការចុះឈ្មោះបោះឆ្នោត រដ្ឋាភិបាលក៏បានបិទការិយាល័យប្រចាំប្រទេសនៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យNDI ដែលជាអង្គការអាមេរិកធ្វើការពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ការបិទនេះនាំឲ្យអង្គការក្នុងស្រុកមួយចំនួនដែលធ្វើការលើការបោះឆ្នោត បាត់បង់ជំនួយសម្រាប់ការងារផ្សព្វផ្សាយអំពីការចុះឈ្មោះបោះឆ្នោត។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក៏បានបិទទ្វារ ក្រោយរងសម្ពាធលើការបង់ពន្ធផងដែរ។
លោក ប៊ូ សុផល ប្រធានក្រុមចុះឈ្មោះបោះឆ្នោតរបស់គ.ជ.ប នៅឃុំសារិកាកែវ ក្នុងខេត្តកណ្តាល បានលើកឡើងថា ការចុះឈ្មោះបោះឆ្នោតក្នុងឃុំរបស់លោកបានតែជិត៤០ភាគរយប៉ុណ្ណោះក្នុងចំណោមពលរដ្ឋប៉ាន់ស្មានចន្លោះពី៥០០ទៅ៦០០នាក់។ លោកបន្តថា មិនមានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតដូចការរំពឹងទុក សម្រាប់ថ្ងៃឈប់សម្រាក ដូចជាភ្ជុំបិណ្ឌ និងព្រះរាជពិធីបុណ្យអុំទូក។
ក្រៅពីកត្តាចំណាកស្រុក និងដោយសាររវល់ការងារ លោក សុផល យល់ថា កត្តានយោបាយក៏ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមិនមកចុះឈ្មោះបោះឆ្នោតដែរ។
លោកមានប្រសាសន៍ថា៖ «ប្រហែលជាអាចមួយចំណែកអាចប៉ះពាល់រឿងនយោបាយដែរ អាហ្នឹងវាគ្រាន់តែការទស្សន៍ទាយមើល»។
អ្នកនាង ហួន ម៉ាឡា អាយុ២៩ឆ្នាំ ជាអ្នកលក់ម្ហូបតាមដងផ្លូវក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ខេត្តកណ្តាល បាននិយាយថា អ្នកនាងមិនសូវខ្វល់ពីរឿងបោះឆ្នោតនោះទេ គួបផ្សំនឹងការងារលក់ដូរ ដូច្នេះហើយបានជាអ្នកនាងមិនចុះឈ្មោះបោះឆ្នោតកាលពីកន្លងទៅ។ ម៉ាឡា ដែលរៀនបានត្រឹមថ្នាក់ទី៥ បានឲ្យដឹងទៀតថា ដោយសារមានការជំរុញពីអ្នកស្គាល់គ្នាជាបន្តបន្ទាប់ ដូច្នេះអ្នកនាងក៏សម្រេចចិត្តទៅចុះឈ្មោះបោះឆ្នោតកាលពីខែកញ្ញា ដើម្បីចូលរួមការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
អ្នកនាងបាននិយាយថា៖ «ពីមុនមក ខ្ញុំដូចថា វាមិនសូវរវល់ពីការបោះឆ្នោតអញ្ចឹងណា។ ព្រោះខ្ញុំរវល់លក់ដូរអញ្ចឹង។ ដល់ពេលនេះទៅខ្ញុំក៏សម្រេចចិត្តថា ទៅចុះឈ្មោះបោះឆ្នោតឲ្យបាននឹងគេម្តង»។
បើទោះជាស្ថានភាពនយោបាយស្ថិតក្នុងដំណាក់កាលនេះក៏ដោយ អ្នកនាងបានអះអាងថាបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការបោះឆ្នោតសាកលនៅឆ្នាំក្រោយ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិកតាំងពីខែសីហា ដោយបារម្ភពីសុវត្ថិភាព ស្របពេលនយោបាយតានតឹង មានប្រសាសន៍ថា ស្ថានការណ៍នយោបាយឡើងកម្តៅ បានប៉ះពាល់ដល់ការចុះឈ្មោះបោះឆ្នោត ស្របពេលមានការរឹតត្បិតលើឯកសារបញ្ជាក់ទីលំនៅសម្រាប់ការចុះឈ្មោះបោះឆ្នោត។ លោកក៏បានចោទប្រកាន់ថា គណបក្សកាន់អំណាចមិនចង់ឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតច្រើននោះទេ។
លោកបានថ្លែងប្រាប់VOAថា៖ «គណបក្សកាន់អំណាច គេដឹងថាកាលណា អ្នកចុះឈ្មោះមានចំនួនកាន់តែច្រើន គឺគណបក្សប្រឆាំងនឹងមានប្រៀប។ អញ្ចឹងហើយគេត្រូវរកវិធីយ៉ាងម៉េចដើម្បីឲ្យបន្ថយអ្នកចុះឈ្មោះបានតិចទៅ ដើម្បីគេមានប្រៀបផ្នែកនយោបាយ»។
លោកក៏បានបង្ហាញសេចក្តីសង្ឃឹមថា បរិយាកាសនយោបាយនឹងមានភាពល្អប្រសើរ ហើយគណបក្សសង្រ្គោះជាតិនឹងអាចចូលរួមការបោះឆ្នោតនៅពេលខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការចោទប្រកាន់របស់លោក អេង ឆៃអ៊ាង។
លោកមានប្រសាសន៍ថា៖ «វាមានទឡ្ហីករណ៍ ឬហេតុផល ឬមួយក៏ភស្តុតាងអី ដែលបញ្ជាក់ថាគណបក្សប្រជាជនគ្មានចេតនាចង់ឲ្យប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោត អាហ្នឹងជាការនិយាយមូលបង្កាច់ហើយ»។ លោកបន្តថា គណបក្សប្រជាជនកម្ពុជាអបអរសាទរនឹងតួលេខនៃការចុះឈ្មោះនេះ ហើយសង្ឃឹមថា ពួកគេនឹងទៅបោះឆ្នោតគ្រប់ៗគ្នា។
លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល លើកឡើងថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះអាចទទួលយកបាន បើទោះជាមិនទាន់ពេញចិត្តទាំងស្រុងក៏ដោយ។ លោកក៏បានបង្ហាញការសោកស្តាយ ដែលគ.ជ.ប មិនមានលទ្ធភាពក្នុងការចុះឈ្មោះប្រជាពលរដ្ឋនៅក្រៅប្រទេសបាន។
លោក សុធារ៉ា យល់ឃើញថា បញ្ហានយោបាយក៏ជាហេតុផលមួយដែលបណ្តាលឲ្យប្រជាពលរដ្ឋមិនចង់ទៅចុះឈ្មោះបោះឆ្នោតផងដែរ។
លោកបានថ្លែងប្រាប់VOAថា៖ « វាមានអ្នកខ្លះ ក៏គិតថា បើគណបក្សសង្រ្គោះជាតិឬគណបក្សប្រឆាំងធំ គាត់ចុះឈ្មោះបោះឆ្នោត គាត់ប្រុងនឹងបោះឆ្នោតឲ្យគណបក្សហ្នឹងហើយ ដល់ពេលគណបក្សហ្នឹងប្រុងនឹងរំលាយដដែល គាត់ទៅចុះឈ្មោះបោះឆ្នោត ដើម្បីអី? បើគណបក្សបោះឆ្នោត គាត់អត់មានជម្រើស គាត់ទៅគូសបោះឆ្នោតឲ្យផងហ្នឹង»។
លោក យឿង សុធារ៉ា មានប្រសាសន៍ថា ប្រសិនបើបរិយាកាសនយោបាយមិនល្អ រហូតដល់មានការរំលាយគណបក្សសង្រ្គោះជាតិ នោះប្រជាជនមួយចំនួននឹងមិនចូលរួមការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោកមានប្រសាសន៍ថា៖«ខ្ញុំមិនគិតថា ប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយគាំទ្រគណបក្សប្រឆាំង គាត់នឹងចេញទៅបោះឆ្នោតទេ។ អាចថាភាគច្រើននៃពួកគាត់នឹងមិនសប្បាយចិត្តហើយមិនចេញទៅចូលរួមបោះឆ្នោត អាហ្នឹងវាអាស្រ័យលើស្ថានភាព»។
គួរបញ្ជាក់ថា ការបោះឆ្នោតសាកលឆ្នាំក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ អ្នកវិភាគថា ប្រសិនបើបរិយាកាសនយោបាយមិនធូរស្រាល ហើយមានការរំលាយគណបក្សសង្រ្គោះជាតិ នោះវានឹងប៉ះពាល់ដល់ការបោះឆ្នោតខាងមុខ៕