គណបក្ស​ចំនួន ​៤ ​ស្នើ​ឱ្យ​គ.ជ.ប ជ្រើស​រើស​មន្ត្រី​បោះឆ្នោត​ដោយ​មិន​លម្អៀង

មន្ត្រី​តាម​ការិយា​ល័យ​បោះឆ្នោត​ ​ត្រួត​ពិនិត្យ​ឯក​សារ​បោះ​ឆ្នោត​របស់​ពល​រដ្ឋ​ នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១​​ ​ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)

គណបក្ស​នយោបាយ​ចំនួន ​៤ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ស្នើឱ្យ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប) ​កំណត់លក្ខខណ្ឌ​ជាក់លាក់ក្នុង​ការជ្រើសរើស​មន្ត្រី​បោះឆ្នោត ដោយមិន​ត្រូវ​យក​បុគ្គល​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​នយោបាយ ឬ​លម្អៀង​ផ្នែក​នយោបាយ​លើគណបក្ស​ណា​មួយ​ឡើយ ដើម្បី​ធានា​ថា​ ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២៣ មាន​ភាព​សុក្រឹត ហើយ​ដើម្បី​ឱ្យ​អ្នក​ចាញ់​ឆ្នោត​និង​អ្នក​ឈ្នះ​ទទួល​យក​ដោយ​អស់​ចិត្ត​ទាំង​អស់​គ្នា។

​គណបក្សទាំង​នោះ ដែល​រួម​មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែ​ទម្រង់​កម្ពុជា​ គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ភ្លើងទៀន​ បាន​ដាក់​សំណើ​រួម​គ្នា​មួយ ដោយ​គូស​បញ្ជាក់ជាង​ ១០ ​ចំណុច ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) ដោយ​ស្នើ​ឱ្យ​កែ​ប្រែ​ប្រព័ន្ធ​បោះឆ្នោតនៅ​កម្ពុជា​ ដើម្បី​ធានា​ការ​បោះឆ្នោត​ថ្នាក់​ជាតិមាន​ភាពសេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

ចំណុច​មួយ​ក្នុង​ចំណោម​ ១៦​ នេះ ដែល​គណបក្ស​ទាំង​ ៤ ​បាន​ស្នើ​សុំ ទាក់ទង​នឹង​សមាសភាព​របស់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោតទាំង​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត និង​ថ្នាក់​ឃុំ។ ពួកគេ​អះអាង​ថា គណបក្ស​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច មិនទាន់​មាន​ទំនុក​ចិត្ត​ពេញលេញ​ទៅលើ​សមាសភាព​របស់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ។ ពួក​គេ​លើក​ហេតុ​ផល​ថា ​មន្ត្រីខ្លះ​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ ដែល​អាច​ធ្វើ​ឱ្យ​មាន​ភាព​លម្អៀង​ក្នុង​ដំណើរការ​រៀប​ចំការ​បោះឆ្នោត​ ដែល​ជះ​ឥទ្ធិពល​ដល់លទ្ធផល​នៃ​ការបោះឆ្នោត។ តំណាង​គណបក្ស​ទាំង ៤ បាន​លើកឡើង​ដូច្នេះ ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ។

​លោក គង់ មុនីកា ​ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ​ បាន​ថ្លែង​ថា​ ដើម្បី​កុំ​ឱ្យ​មានសង្ស័យ​ ឬ​មិន​ទុកចិត្តលើ​លទ្ធផលនៃការ​បោះឆ្នោត និង​ដើម្បី​កុំ​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​ក្រោយ​ការ​បោះឆ្នោត ស្ថាប័ន​ គ.ជ.ប ត្រូវ​តែ​កំណត់​លក្ខខណ្ឌច្បាស់​លាស់​ក្នុង​ការ​ជ្រើស​រើស​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ទាំង​ថ្នាក់​ខេត្ត ថ្នាក់ឃុំ ដោយ​កំណត់​ថា បុគ្គលណា​ម្នាក់​ដែល​ចង់​ធ្វើជា​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត គឺ​មិន​ត្រូវ​ជាប់​ពាក់​ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

លោក​ថ្លែង​បន្ថែម​ថា​ ការ​កំណត់​បែប​នេះ ក៏​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ផ្លូវ​ចិត្ត​សម្រាប់​គណបក្ស​នយោបាយ​ ដែល​ចូលរួម​ប្រកួត​ប្រជែង​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖ «សមាស​ភាព​កំពូល ថ្នាក់ដឹកនាំ គ.ជ.ប ទាម​ទារ​ឱ្យ​មាន​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ ហើយ​យើង​មិន​លើក​ចំណុច​ហ្នឹង​ជាមួយ​ គ.ជ.ប ទេ។ តែ​ក៏​យើង​ឃើញ​ថា ​មន្ត្រី​របស់​ គ.ជ.ប នៅ​ថ្នាក់​ក្រោម​ ក៏​ពាក់​ព័ន្ធ​នយោបាយ​ដែរ។ កន្លង​មក​ កែ​តែ​លើ កែ​តែ​ ៩ ​រូប​ហ្នឹង តែ​ខាង​ក្រោម​សុទ្ធ​តែ​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​ ជាពិសេស​ [ពាក់ព័ន្ធ​] គណបក្ស​កាន់​អំណាច​ហ្នឹង ​ក៏​វា​ធ្វើ​ឱ្យ​ដំណើរការ​បោះឆ្នោត និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ដែរ។ អ៊ីចឹង​ហើយ​បាន​យើង​មានចំណុច​ខ្លះ ​យើង​គិត​ថា​ គ.ជ.ប ​អាច​ធ្វើ​បាន»។

រូប​ឯកសារ៖ លោក ប្រាជ្ញ ចន្ទ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (កណ្តាល) ដឹកនាំ​កិច្ច​ប្រជុំ​មួយ​របស់គ.ជ.ប ​នៅ​ទីស្តីការ​គ.ជ.បក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត)

បើ​តាម​លោក គង់ មុនីកា​ ការ​ជ្រើស​រើស​សមាសភាព​ប្រធាន និងមន្ត្រីជាន់ខ្ពស់​របស់​គ.ជ.ប ទាំង​ ៩ ​រូប​ មិន​ឱ្យ​ជាប់​ពាក់​ព័ន្ធ​គណបក្ស​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​ ក៏​ជា​រឿង​សំខាន់​ដែរ។ ប៉ុន្តែ​លោក​ថា​ គណបក្ស​ទាំង ​៤ ​មិន​បាន​ជជែក​ជាមួយ​ស្ថាប័ន​ គ.ជ.ប ​ទេ ពី​ព្រោះ​កិច្ចការ​នេះ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើវិសោធនកម្ម​ច្បាប់​ ដែល​ស្ថិត​ក្រោម​ស្ថាប័ន​រដ្ឋ​សភា។

​លោក​បាន​កត់​សម្គាល់​បន្ថែម​ថា នីតិវិធី​បោះឆ្នោតមួយ​ចំនួនមាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​សម្រាប់​នីតិ​វិធី​មួយ​ចំនួន​ទៀត​វិញ ការ​អនុវត្ត​ជាក់​ស្តែង​មិន​ដូច​នឹងបទ​បញ្ជា ​និង​ច្បាប់​ទេ​ ដែល​ធ្វើឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរការ​បោះឆ្នោត និង​លទ្ធផល​នៃ​ការ​បោះឆ្នោត។ លោក​ថា ដូច្នេះ​ហើយ​បាន​ជា​មាន​ការ​តស៊ូ​មតិ​ផ្លូវ​ច្បាប់​បែប​នេះ។

លោក ​ចេប គឹមអ៊ាង អនុ​ប្រធាន​ម្នាក់​នៃ​គណបក្ស​ភ្លើង​ទៀន បាន​បញ្ជាក់​ថា​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ដែរ​ថា ​គោលដៅ​ចម្បង​ដែល​គណបក្ស​ទាំង ​៤ ​ស្នើទៅស្ថាប័ន​ គ.ជ.ប​ ទាំង ១៦ ចំណុច​នោះ គឺ​ការ​ធានា​ឱ្យ​បាន​នូវភាព​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ក្នុង​ការ​បោះឆ្នោត និង​ដើម្បី​ឱ្យគណបក្ស​ចូល​រួម​ប្រកួត​ អាចទទួល​យក​បាន​នូវ​លទ្ធផល​បោះឆ្នោត​ ដោយ​អស់​ចិត្ត និង​បញ្ចៀស​ជម្លោះ​លើ​លទ្ធផល​បោះឆ្នោត ក្រោយ​ការ​បោះឆ្នោត។

លោក​បាន​ថ្លែង​ថា៖ «យើង​ជា​គណបក្ស​នយោបាយដែល​នៅ​ក្រៅ​រដ្ឋាភិបាល​ យើង​ចង់​បាន​ការ​បោះឆ្នោត​មួយ​ដែលត្រឹម​ត្រូវ​ យុត្តិធម៌ ហើយ​នឹង​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​ ទាំង​ភាគី​គណបក្ស​ឈ្នះ​ឆ្នោត​ ទាំង​ភាគី​គណបក្ស​ដែល​ចាញ់​ឆ្នោត។ គឺ​គោលដៅ​យើង​ធ្វើ​ម៉េច ក្រោយ​ការ​បោះឆ្នោត​ យើង​ចង់​បាន​មិន​ឱ្យ​មាន​ជម្លោះ​រវាង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ ​ចង់​ឱ្យ​គណបក្ស​ដែល​ចាញ់​ឆ្នោត​ស្វាគមន៍ ​ទទួល​ស្គាល់​នូវ​គណបក្ស​ឈ្នះ​ឆ្នោត​ ហើយ​គណបក្ស​ឈ្នះ​ឆ្នោត គឺ​ឈ្នះ​ដោយ​កិត្តិយស ហើយ​គណបក្ស​ចាញ់​ឆ្នោត​ ចាញ់​ដោយ​អស់​ចិត្ត ដោយសារយើង​មាន​បច្ចេកទេស ​ឬ​ក៏​យើង​មាន​គោលនយោបាយ​ល្អ​ឬ​យ៉ាង​ណា ឱ្យ​ប្រជា​ពលរដ្ឋ​បោះឆ្នោត​ជូន​យើង»។ ​

​១៦ ​ចំណុច ​ដែល​គណបក្ស​ទាំង​ ៤​ បាន​ស្នើ​ទៅ​កាន់​ស្ថាប័ន ​គ.ជ.ប រួម​មាន​ការ​កំណត់​យន្តការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ប្រចាំ​នៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ការ​បង្កើន​ពេល​វេលា​ក្នុង​ការ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស​ឱ្យ​មាន​រយៈពេល​ច្រើន​ថ្ងៃ ​ប្រធាន​គណៈកម្មការ​ឃុំ​សង្កាត់​ គឺ​ជា​អ្នក​បញ្ជាក់​បេក្ខជន និង​ភ្នាក់ងារ​នយោបាយ ត្រូវ​កំណត់​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​ជ្រើស​រើស​មន្ត្រី​ដោយ​ត្រូវ​ធានា​ភាព​មិន​លម្អៀង​ទៅ​លើ​គណបក្ស​ណា​មួយ គណបក្ស​អាច​ចុះ​ភ្នាក់​ងារ​សង្កេត​ការណ៍​ចល័ត ត្រូវ​មាន​ការ​កំណត់​ពី​ទម្រង់​ឃោសនា​ឱ្យ​មាន​ភាព​ស្មើគ្នា​សម្រាប់គណបក្ស​ទាំង​អស់​ ត្រូវ​កំណត់​ថវិកា​អតិបរមា​សម្រាប់​យុទ្ធនាការ​ឃោសនា​ដើម្បី​ធានា​តម្លាភាព​ និង​គោលការណ៍​ស្មើ​គ្នា​សម្រាប់​គណបក្ស​ទាំង​អស់​ ជំរុញ​អនុវត្ត​យន្តការ​ដាក់​ពិន័យ​ការ​ប្រើប្រាស់​លុយ​កាក់​ និង​អំណោយ​ទិញ​ទឹក​ចិត្ត​អ្នក​បោះឆ្នោត​ ត្រូវ​ដាក់បម្រាម​ដល់​មន្ត្រី​រាជការ​ចាប់​ពី​ប្រធាន​ការិយាល័យ​ឡើង​ក្នុង​ការ​ចូលរួម​ការ​ឃោសនា​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​មួយ។

​ចំណុច​ផ្សេង​ទៀត​រួមមាន ​ការ​បង្កើត​មណ្ឌល​បោះឆ្នោត​ពិសេស​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដើម្បី​ឱ្យ​ពល​រដ្ឋ​ចំណាក​ស្រុក​មាន​លទ្ធភាព​បោះឆ្នោត​និង​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​បាន​ ការ​ប្រើ​ប្រាស់​ត្រាអុក​ជំនួស​ការ​គូស​លើ​សន្លឹក​ឆ្នោត​ ត្រូវ​បើក​ទ្វារ-បង្អួច​ការិយាល័យនិង​មណ្ឌល​បោះឆ្នោត​និង​កុំ​ដេញ​អ្នក​បោះឆ្នោត​ចេញ​ពី​មណ្ឌល​បោះឆ្នោត​ ការ​ចែក​ទម្រង់ ​១១០២ ​នៅ​តាម​ការិយាល័យ ​គួរ​បន្ថែម​អាសនៈ​ខេត្ត​ដែល​មាន​អាសនៈ​តំណាងរាស្ត្រ​តែ​មួយ​ឱ្យ​កើន​ទៅ​ជា​ ២ ​ឬ ៣ ​អាសនៈ ប្រើ​ប្រាស់​រូប​មន្ត​សំណល់​ធំ​បំផុត​ដូច​ការ​បោះឆ្នោត​ឆ្នាំ​ ១៩៩៣​ ក្នុង​ការ​បែង​ចែក​អាសនៈ​ និង​ត្រូវ​ដោះ​ស្រាយ​វិវាទ​បោះឆ្នោត​តាម​យន្តការ ​និង​ច្បាប់បោះឆ្នោត ​ដោយ​កុំ​ប្រើ​ប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​ជាដើម។

លោក ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ស្នើ​របស់​គណ​បក្ស​នយោបាយ​ទាំង ​៤​ ដោយ​ទាមទារ​ឱ្យ​ស្ថាប័ន គ.ជ.ប កំណត់​លក្ខខណ្ឌ​ក្នុង​ការ​ជ្រើស​រើស​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ ដោយមិន​ឱ្យ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​ នោះ​វា​នឹង​ធ្វើ​ឱ្យ​ការ​ជ្រើសរើស​មន្ត្រី​រៀបចំ​ការ​បោះឆ្នោតជួប​បញ្ហា​មិន​គ្រប់​ចំនួន ដោយ​ពិបាក​រក​បុគ្គល​ដែល​មិន​មាន​ការ​គាំទ្រ​គណបក្ស។ លោក​បាន​ថ្លែង​ការពារ​ថា ស្ថាប័ន​ គ.ជ.ប មិន​អាច​ទៅ​ដឹង​ថា ​បុគ្គល​ណា​ម្នាក់​មាន​និន្នាការ​នយោបាយ​លើ​គណបក្ស​ណា​នោះ​ទេ។ ម្យ៉ាង​ទៀត នៅ​ពេល​ណា​បុគ្គល​ណា​ម្នាក់​ជាប់​ជាមន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នោះ ​ពួកគេ​ត្រូវអនុវត្ត​តាមនីតិវិធី​ បទ​បញ្ជា​ផ្ទៃ​ក្នុង តាម​ច្បាប់​របស់​ គ.ជ.ប។

​លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គ្រាន់​តែ​ដាក់​សំណួរ​តប​ទៅ​វិញ​ថា តើ​ធ្វើ​យ៉ាង​ណា​បានយើង​អាច​ដឹង​បាន​ថា​ តើ​គាត់​អត់​មាន​ពាក់​ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ អាហ្នឹង​រឿង​ទី ១។ រឿង​ទី ២ ​នៅ​ពេល​ដែល​គាត់​ដាក់​ពាក្យ​មក​ ឧទាហរណ៍​ថា យើង​ដឹង​ឬ​អត់​ថា​ គាត់​ជា​សមាជិក​ ឬ​មិន​មែន​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ តាម​វិធី​ណា។ សូម​ឱ្យ​យោបល់​ជា​បច្ចេកទេស​មក​វិញ»។

​ចំណែក​ទាក់​ទង​ចំណុច​ទាំង​ ១៦ ដែល​គណបក្ស​ទាំង​ ៤ ​ដាក់​ទៅ​ស្ថាប័ន​ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​កំពុង​ត្រួត​ពិនិត្យ។ ក៏​ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ដែល​ស្ថាប័ន គ.ជ.ប នឹង​ឆ្លើយ​តបទៅ​សំណើ​របស់​គណបក្ស​ទាំង​នោះ​នៅឡើយ​ទេ។

បើ​តាម​លោក ហង្ស ពុទ្ធា ​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​ នឹង​ត្រូវ​ការ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​រយៈពេល​ខ្លី និង​វែង​ចំនួន​ប្រមាណ ៣.០០០ ពាន់​នាក់ ព្រោះ​ក្នុង​មួយ​ការិយាល័យ​ នឹង​ដាក់​មន្ត្រី​ចំនួន ​៦ ​នាក់។ ប៉ុន្តែ​លោក​ថ្លែង​ថា​ នៅ​ពេល​នេះ គឺ​មិន​ទាន់​បាន​ចាប់​ផ្តើម​ជ្រើស​រើស​មន្ត្រី​ទាំង​នោះ​នៅ​ឡើយ​ទេ។

លោក​ កន សាវាង្ស​ មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល ​យល់​ថា ការ​កំណត់​លក្ខខណ្ឌ​ច្បាស់​លាស់​ក្នុង​ការ​ជ្រើស​រើស​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ គឺ​ជា​ចំណុច​ល្អ និង​ជា​ចំណុចស្នូល ដែល​ធ្វើ​ឱ្យគណបក្ស​ចូល​រួម​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោតមាន​ទំនុក​ចិត្ត និង​បញ្ជាក់​ពី​ការ​អនុវត្ត​ការងារ​ជាអាជ្ញាកណ្តាល​របស់​មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត និង​ដើម្បី​កុំ​ឱ្យ​ការ​អនុវត្ត​មាន​ភាព​លម្អៀង​ នៅពេល​បុគ្គល​ណា​ម្នាក់​មាន​ទំនោរ​នយោបាយ​ ពេល​ឃើញ​គណបក្ស​ខ្លួន​ធ្លាក់​សំ​ឡេង​ នៅក្នុង​មណ្ឌល​បោះឆ្នោត​ណា​មួយ​នោះ។

លោក​បាន​ថ្លែងថា៖ «រឿង​សំខាន់​គណបក្ស​នយោបាយ​យក​បទ​ពិសោធន៍​ដែលជួប​ប្រទះ ដែល​រៀន​សូត្រ ដែល​គិត​ថា​ មាន​ភាព​លម្អៀង​នៅ​ក្នុង​ចំណុច​ណា​ ហើយ​យក​ចំណុច​ហ្នឹង​ទៅ​ពិភាក្សា​ជាមួយ​ស្ថាប័ន ​គ.ជ.ប ដើម្បី​រក​ចំណុច​ដែល​អាច​ត្រូវ​រ៉ូវ​គ្នា​ក្នុង​ការ​កំណត់​ ពីព្រោះ​បើ​សិន​ជា​ គ.ជ.ប​ បាន​អះអាង​ថា​ ការ​រើស​មាន​លក្ខខណ្ឌ​ត្រឹមត្រូវអនុវត្ត​ក៏​គោរព​តាម​លក្ខខណ្ឌត្រឹមត្រូវ​ហើយ​ តើ​ស្អី​ជា​ការ​ព្រួយ​បារម្ភ​នូវ​ការ​អនុវត្ត​ និង​លក្ខខណ្ឌ​ដែលគណបក្ស​នយោបាយ​ គិត​ថា ​វា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​ផ្សេង​ទៀត។ អាហ្នឹង​រក​បញ្ហា​ហ្នឹង​ទៅ ហើយ​យក​មក​ជជែក​គ្នា​ ហើយ​ដាក់​លើ​តុ ​ហើយ​រក​មើល​អនុសាសន៍​ថា​ គួរ​កែ​បែប​ម៉េច»។

​គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ​ប្រចាំ​កម្ពុជា ​បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វីអូអេ​ថា​ ការ​កែ​លម្អ​ស្ថានភាព​បោះឆ្នោត​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ គឺ​លក្ខណៈ​វិនិច្ឆយ​សម្រាប់​ការ​ជ្រើស​រើស​មន្ត្រី​បោះឆ្នោត​ប្រមាណ ៣.០០០ នាក់ គួរ​តែ​មាន​តម្លា​ភាព និងជ្រើស​រើស​មន្ត្រី​ដែល​បាន​សមត្ថភាព​និង​ឯករាជ្យ និង​មិន​ប្រកាន់​បក្សពួក ហើយមិន​ចាំ​បាច់​ផ្លាស់​ប្តូរ​ច្បាប់​ធំៗ​នោះ​ទេ៕