ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ស៊ិក ប៊ុនហុក បញ្ជាក់ថា ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និង គ.ជ.ប.ត្រូវដើរទន្ទឹមគ្នា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប.។
សេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប. ចេញកាលពីថ្ងៃច័ន្ទ បានស្រង់សម្តីរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប. ខណៈលោកថ្លែងក្នុងកម្មវិធីបញ្ជ្រៀបការយល់ដឹងអំពីច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប. និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងសាស្ត្រាចារ្យចំនួន១១៣៥នាក់ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មានដដែលនោះបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ក្នុងពិធីនោះ បានឆ្លើយសំណួរចំនួន៨ អំពីភាពស្របគ្នារវាងតួអង្គម្ចាស់ឆ្នោត និងគ.ជ.ប. ពាក់ព័ន្ធនឹងសារៈសំខាន់នៃការទៅបោះឆ្នោត និងសិទ្ធិចូលរួមការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
សេចក្តីប្រកាសនោះបានស្រង់សម្តីរបស់លោកស៊ិក ប៊ុនហុក តាមន័យដើមថា៖
«ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានតួអង្គសំខាន់២ ដែលត្រូវដើរទន្ទឹមគ្នាសម្រាប់ការបោះឆ្នោត គឺប្រជាពលរដ្ឋម្ចាស់ឆ្នោត និងស្ថាប័ន គ.ជ.ប. នេះឯង។ ការបោះឆ្នោតនឹងស្ថិតនៅក្នុងដៃម្ចាស់ឆ្នោត»។
នៅព្រឹកថ្ងៃអង្គារនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប.បានពន្យល់ប្រាប់ VOA បន្ថែមពាក់ព័ន្ធនឹងការដើរទន្ទឹមគ្នារបស់ពលរដ្ឋ និងគ.ជ.ប. ថា ប្រជាពលរដ្ឋមានសារៈសំខាន់ខ្លាំងក្នុងដំណើរការនៃការបោះឆ្នោត ដើម្បីឲ្យដំណើរការបោះឆ្នោតនោះមានភាពត្រឹមត្រូវទៅតាមការរៀបចំរបស់ គ.ជ.ប.។
លោកបញ្ជាក់ថា៖
«បើមានតែអ្នករៀបចំ ហើយអ្នកចូលរួមអត់មកបោះឆ្នោត អា ហ្នឹងក៏មិនមានន័យថា ជាការដើរទន្ទឹមគ្នាដែរ។ ប្រសិនបើម្ចាស់ឆ្នោតលោកអត់ចូលរួម មានន័យថា ការបោះឆ្នោតហ្នឹងមិនដើរទន្ទឹមគ្នាហ្នឹងអ្វីដែលគ.ជ.ប.បានរៀបចំនោះទេ។ មានន័យថា ជាការបោះឆ្នោតមួយដែលគ្មានការចូលរួមពីប្រជាពលរដ្ឋ។ អាហ្នឹងខ្ញុំមិននិយាយថា ម៉េចទេ។ វាបាត់បង់ភាគីណាមួយគឺការបោះឆ្នោតមិនមានតម្លៃក្នុងការដំណើរការទេ»។
ថ្មីៗនេះ វោហារសាស្រ្តរបស់អ្នកនយោបាយ ទាំងអ្នកនយោបាយគណបក្សកាន់អំណាច និងអ្នកនយោបាយគណបក្សប្រឆាំង ដែលថ្លែងពីការទៅឬមិនទៅចូលរួមបោះឆ្នោត បាន និងកំពុងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថា ទៅបោះឆ្នោត ឬអត់។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលកំពុងស្ថិតនៅបរទេស បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ប្រសិនបើមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដោយលោកថា ការបោះឆ្នោតខាងមុខជាការបោះឆ្នោតក្លែងក្លាយសម្រាប់បង្គ្រប់កិច្ចឲ្យគណបក្សកាន់អំណាចដឹកនាំប្រទេសតាមរបៀបផ្តាច់ការ។
ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ និងទើបប្រកាសថា នឹងបន្តកាន់អំណាចត្រឹមរយៈពេល១០ឆ្នាំទៀតនោះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដោយភ្ជាប់នឹងការព្រមានជាបន្តបន្ទាប់ថា ប្រសិនបើអ្នកមិនទៅបោះឆ្នោតហើយបែរយកទឹកខ្មៅ ឬថ្នាំលាបសក់មកលាបលើម្រាមដៃបន្លំថា បានទៅបោះឆ្នោត នោះនឹងត្រូវប្រឈមនឹងការមានទោស។
យ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលដែលជាអ្នកឃ្លាំមើលការបោះឆ្នោត និងអ្នកជំនាញខាងច្បាប់ បានបញ្ជាក់ថា ប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការសម្រចថា ទៅបោះឆ្នោត ឬអត់ ដោយមិនត្រូវមានការចាប់បង្ខំ មិនត្រូវមានសម្ពាធ និងមិនត្រូវមានការគំរាមកំហែងណាមួយនោះទេ។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែល ប្រាប់ VOA ថា លោកគាំទ្រការលើកឡើងដែលថា ប្រជាពលរដ្ឋជាតួអង្គសំខាន់ក្នុងការចូលរួមការបោះឆ្នោតឲ្យមានភាពសេរី និងយុត្តិធម៌។ ប៉ុន្តែលោកថា ប្រជាពលរដ្ឋមួយចំនួននឹងមិនអាចដើរទន្ទឹម គ.ជ.ប.ដើម្បីចូលរួមបោះឆ្នោតបានទេ ប្រសិនបើគ្មានគណបក្សដែលពួកគាត់ចូលចិត្ត។
លោកមានប្រសាសន៍ថា៖
«តួអង្គរៀបចំការបោះឆ្នោតបានល្អ ហើយប្រជាពលរដ្ឋមិនមានការគំរាមកំហែង ក៏ប៉ុន្តែជម្រើសសម្រាប់គាត់អត់មាន។ អិចឹងវាជាចំណុចមួយដែលយើងគិតថា វាអត់ទាន់គ្រប់គ្រាន់។ ឧទាហរណ៍ថា ក្នុងចំណោមហ្នឹងមានគណបក្ស A B C D ហើយគាត់អត់ស្រឡាញ់ទេ A B C ហ្នឹង។ គាត់ស្រឡាញ់មនុស្សដែលធ្លាប់ធ្វើកិច្ចការជាមួយគាត់ ដែលនៅមូលដ្ឋានគាត់ ដែលបម្រើគាត់ ដែលជាគណបក្ស D អីចឹងទៅ ប៉ុន្តែគណបក្ស D ហ្នឹងវាអត់មាន។ យើងចង់និយាយអីចឹង។ កាលណាវាអត់មាន សិទ្ធិសេរីភាពដែលជាជម្រើសរបស់គាត់ត្រូវបាត់បង់»។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមិនមានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សនេះត្រូវបានតុលាការកំពូលរំលាយទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្រោយការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនេះ គេឃើញអង្គការ និងស្ថាប័នជាតិ អន្តរជាតិមួយចំនួនបង្ហាញការបារម្ភថា ការបោះឆ្នោតនាពេលខាងមុខនឹងប្រព្រឹត្តទៅដោយមិនមានតម្លាភាព និងមិនយុត្តិធម៌។
យ៉ាងណាក៏ដោយទាំង គ.ជ.ប. និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុទ្ធតែបានលើកឡើងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ មិនមានការចូលរួមសង្កេតការណ៍របស់ក្រុមសង្គមស៊ីវិល និងមិនមានការទទួលស្គាល់លទ្ធផលឆ្នោតពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕