ក្រសួង​មហាផ្ទៃ​និង​គ.ជ.ប.​បដិសេធ​បណ្តឹង​អំពីជន​បរទេស​ចុះឈ្មោះ​បោះឆ្នោត

រូបឯកសារ៖ លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប)។ (ហ៊ុល រស្មី/VOA)

លោក​ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ ​គ.ជ.ប.​លើក​ឡើង​ថា ​ការ​ឆ្លើយ​តប​នៃ​ការ​រក​ឃើញ​របស់​ក្រសួង​មហា​ផ្ទៃ​គឺ​ជា​មូលហេតុ​រឹងមាំ​ក្នុងការ​គាំទ្រ​​ការ​សម្រេច​របស់​ គ.ជ.ប. ​ក្នុង​ការ​ច្រាន​ចោល​បណ្តឹង​​សុំ​ឲ្យ​លុប​​ឈ្មោះ​ពលរដ្ឋ​ចំនួន​១៨១​នាក់​​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ដោយ​​សង្ស័យ​ថា ​ជា​ជន​ជាតិ​វៀតណាម។

បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប.)​ទទួល​បាន​បណ្តឹង​ពីការស្នើ​ឲ្យលុប​ឈ្មោះ​ជន​ដែល​ត្រូវ​បានសង្ស័យ​ថា​ ជា​ជន​បរទេស​ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោតថ្មី ​ គ.ជ.ប.​ក៏​បាន​ច្រានចោលបណ្តឹង​នោះ។ ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ច្រាន​ចោល​បណ្តឹងនោះ​ ក្រសួង​មហាផ្ទៃ​ក៏​បាន​ចេញលទ្ធផល​នៃ​ការ​ស្រាវជ្រាវរបស់​ខ្លួន​ថា ​ អត្ត​សញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ​ចំនួន​១៧៩ ​ដែល​រងការ​សង្ស័យ​ថា ​ចេញ​ឲ្យ​ជនជាតិ​វៀតណាមនោះ​ សុទ្ធ​តែជា​អត្ត​សញ្ញាណ​ប័ណ្ណ​ស្រប​ច្បាប់។

គណបក្ស​សង្គ្រោះ​ជាតិ​ច្រាន​ចោល​ការ​រក​ឃើញ​របស់​ក្រសួង​មហាផ្ទៃដែល​បង្ហាញ​ថា អត្ត​សញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ​ចំនួន​១៧៩​របស់​ជន​ដែល​ត្រូវ​បាន​គេ​ប្តឹង​ឲ្យ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ដំបូង​ ដោយ​សង្ស័យ​ថា ​ជា​ជនជាតិ​វៀតណាម​នោះ គឺ​សុទ្ធ​តែជា​អត្តសញ្ញាណ​ប័ណ្ណ​ស្រប​ច្បាប់។​

កាលពី​ថ្ងៃទី​១៦ ​ខែ​មករា ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ.ជ.ប.​បាន​បើក​សវនាការ​ជំនុំ​ជម្រះលើ​បណ្តឹង​ចំនួន​៧ ​ដែលប្តឹង​ដោយ​មន្រ្តី​គណបក្ស​ប្រឆាំង​និងប្រជា​ពលរដ្ឋ ​ដែល​សុំ​ឲ្យ​លុប​ឈ្មោះ​ពលរដ្ឋ​ចំនួន១៨១នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ដោយសង្ស័យ​ថា ជា​ជនជាតិ​វៀតណាម។ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​គ.ជ.ប.​បាន​ច្រាន​ចោល​បណ្តឹង​ជំទាស់​ទាំង​នោះ​ដោយ​រក្សា​ឈ្មោះ​អ្នក​ទាំង​នោះ​ទុក​នៅ​ដដែល ​និង​បាន​ស្នើ​សុំ​ក្រសួង​មហា​ផ្ទៃ​បញ្ជាក់​ភាព​ស្រប​ច្បាប់នៃ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ។​

លិខិត​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​២០ ​ខែ​មករា​នេះ ​បានឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​គ.ជ.ប. ​ស្តីពីការ​បញ្ជាក់​ភាព​ស្រប​ច្បាប់​នៃ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​ជន​ដែល​ត្រូវ​បាន​គេ​ប្តឹង​ឲ្យ​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត​ដំបូង។​

លិខិត​ដដែល​នោះ​បង្ហាញ​ថា​ ​ក្រសួង​មហាផ្ទៃ​បាន​ចាត់​ឲ្យ​អគ្គនាយក​អត្ត​សញ្ញាណកម្ម​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ដោយ​រក​ឃើញ​ថា ​ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១៥២​ទិន្នន័យ​គឺ​ជា​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ត្រឹមត្រូវ​ ដែល​មាន​ទិន្នន័យរក្សា​ទុក​ក្នុង​ម៉ាស៊ីនមេ​របស់​នាយកដ្ឋាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ​លិខិត​នោះបន្ថែម​ថា ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​២៧​ទិន្នន័យ​មាន​ភាព​មិន​ប្រក្រតី​ ដែល​តម្រូវ​ឲ្យ​មាន​ពេល​វេលា​សមស្រប​ ហើយមន្រ្តី​ត្រូវ​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង​ផ្ទាល់។​

មន្រ្តី​គណបក្ស​សង្គ្រោះជាតិ​បាន​លើកឡើង​ថា​ ​មូល​ហេតុ​នៃ​ការ​ប្តឹង​សុំ​លុប​ឈ្មោះ​ជន​បរទេស​ ជា​ពិសេស​ជនជាតិ​វៀតណាម​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ កាន់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ខុស​ច្បាប់​នោះ​គឺ​ដោយសារ​ពួកគេ​ទាំង​នោះ​មិន​បាន​បំពេញ​លក្ខខណ្ឌ​ដែល​ចែង​ដោយ​ច្បាប់ ​និង​មិន​មាន​ការ​បង្ហាញ​ណា​មួយ​ថា ពួកគេ​ទទួល​បាន​សញ្ជាតិ​ដោយ​ព្រះ​រាជក្រឹត្យ។​

លោកស្រី​ ម៉េង សុភារី ​ប្រធាន​នាយកដ្ឋាន​កិច្ច​ការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ បាន​ប្រាប់​ VOA​ ថា ​នីតិវិធី​នៃ​ការ​ស្រាវជ្រាវ​របស់​ក្រសួង​មហា​ផ្ទៃ​លើ​បណ្តឹង​ពាក់ព័ន្ធ​នឹង​សញ្ជាតិ​នោះ​ មិន​ទាន់​មាន​ភាព​ច្បាស់​លាស់ ​ដែល​អាច​ទទួល​យក​បាន​នៅ​ឡើយ។ លោកស្រី​បន្ថែម​ថា​ ក្រសួង​មហាផ្ទៃ​បាន​ត្រឹមតែ​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​ប័ណ្ណ​ក្នុង​ទិន្នន័​យ តែ​មិន​បាន​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់អំពី​ជន​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ ជា​ជន​ជាតិ​វៀតណាម​នោះ​ទេ។​

លោកស្រី​បញ្ជាក់​ថា៖​

«ការ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ទៅ​ដល់​បុគ្គល​បរទេស​រូប​ណា​ត្រូវតែ​ផ្អែកទៅតាម​លក្ខខណ្ឌ​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ ទើប​អាច​ចេញ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូនបុគ្គល​នោះ​បាន​ ហេតុ​ដូច្នេះហើយ​ការ​ចុះ​ទៅ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ដល់ទី​កន្លែង​ដែល​បុគ្គល​នោះ​រស់​នៅ​គឺជា​ការ​ចាំបាច់​ដើម្បីបង្ហាញ​ឲ្យ​ឃើញ​នូវ​ការណ៍​ពិត​ បង្ហាញ​ឲ្យ​ឃើញ​នូវ​តម្លាភាព​ទាំងអស់​ហ្នឹង​ ទើប​អាច​ទទួល​យក​បាន»។​

លោកស្រី​បន្ថែម​ថា ​គណបក្ស​សង្គ្រោះជាតិ​នឹង​រៀបចំ​បណ្តឹង​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​និង​រៀបចំ​ឯក​សារ​ពាក់ព័ន្ធ​ដាក់ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​ជាង​នេះ។

ច្បាប់​ស្តីពី​សញ្ជាតិ​ដែល​អនុម័ត​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ​១៩៩៦​ចែង​ថា​ សញ្ជាតិ​ខ្មែរ​គឺត្រូវ​ផ្តល់​ឲ្យ​តាម​រយៈ​សញ្ជាតិ​ខ្មែរ​ពី​កំណើត ​សញ្ជាតិ​ខ្មែរ​ដោយ​អាពាហ៍​ពិពាហ៍ ​និង​សញ្ជាតូបនីយកម្ម។ ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ធ្វើ​ឡើង​ដោយ​មិន​ចាំបាច់​មាន​ព្រះ​រាជ​ក្រឹត្យ។ ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​តាមរយៈ​អាពាហ៍​ពិពាហ៍​ត្រូវ​សម្រេច​ដោយ​ព្រះរាជ​ក្រឹត្យ។ ​ចំណែក​ការ​ផ្តល់​សញ្ជាតិ​តាម​រយៈ​សញ្ជាតូបនីយកម្ម​ត្រូវ​សម្រេច​ដោយ​ព្រះ​រាជក្រឹត្យ​ បន្ទាប់ពី​ជន​នោះ​បាន​បំពេញ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់។​

លោក ម៉ៅ ចាន់តារា ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម ​បាន​ប្រាប់​ VOA​ ថា ​មន្រ្តីរបស់​អគ្គនាយក​ដ្ឋាន​បានស្រាវជ្រាវ​ និង​ផ្ទៀង​ផ្ទាត់​លើ​ទិន្នន័យ​របស់​បុគ្គល​ដែល​ត្រូវ​បាន​សង្ស័យ​ថា ​ជាជន​បរទេស​កាន់អត្ត​សញ្ញាណ​ប័ណ្ណខ្មែរ។ លោក​បញ្ជាក់​ថា ​ការផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ទៅឲ្យ​បុគ្គលទាំង​នោះ​ធ្វើ​ឡើង​ដោយ​ភាពត្រឹមត្រូវ​តាម​នីតិវិធីច្បាប់ ​ដូច្នេះ​ក្រសួង​មហាផ្ទៃ​នឹង​មិនចុះ​ស្រាវជ្រាវ​ដល់ទី​កន្លែង​តាម​ការ​លើកឡើង​របស់​អ្នក​ប្តឹងនោះ​ទេ។​ឪ

លោក​មាន​ប្រសាសន៍​ថា៖

«អា​១៥២​នេះ ​គឺ​យើង​អត់​ចុះអី​ទៅ​ទៀត​ទេ។ ​យើង​ចុះ​តាម​គាត់​យ៉ាង​ម៉េច?​ អីចឹងអាប្រព័ន្ធ​ហ្នឹង​វា​ជា​រឿង​ត្រឹមត្រូវ​ហើយ ​ទៅ​ធ្វើ​តាម​គាត់​យ៉ាង​ម៉េច? ​គាត់​គិត​យ៉ាង​ម៉េច?​ យើង​អត់​យល់​ដែរ។​ រឿង​របស់​ជាតិ​មួយ​ទាំងមូល ​មិនមែនរបស់​គណបក្ស​ណាមួយ​ទេ​ ជា​របស់​ជាតិ។​ ហើយ​បើ​យើង​ទាំងអស់​គ្នា​មិន​ទទួល​ស្គាល់​អា​ហ្នឹង​ទៅ​ហើយ​ យើង​ខំ​ធ្វើអី? ​រដ្ឋាភិបាល​ខំ​ធ្វើ​ ​ធ្វើ​អី?​ យើង​ខំ​រៀបចំ​ប្រព័ន្ធ​ហ្នឹងគឺដើម្បី​ធ្វើយ៉ាង​ម៉េច​គ្រប់គ្រង​អត្ត​សញ្ញាណ​មនុស្ស​ឲ្យ​វា​បាន ​រួច​ហើយ​បើ​យើង​មាន​ក្នុង​ប្រព័ន្ធ​ ហើយ​វាត្រឹមត្រូវអស់​ហើយ ​យើង​ចុះទៅ​ធ្វើ​អី​ទៀត?»​

លោក​ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ ​គ.ជ.ប.​លើក​ឡើង​ថា ​ការ​ឆ្លើយ​តប​នៃ​ការ​រក​ឃើញ​របស់​ក្រសួង​មហា​ផ្ទៃ​គឺ​ជា​មូលហេតុ​រឹងមាំ​ក្នុងការ​គាំទ្រការ​សម្រេច​របស់​ គ.ជ.ប. ​ក្នុង​ការ​ច្រាន​ចោល​បណ្តឹងសុំ​ឲ្យ​លុបឈ្មោះ​ពលរដ្ឋ​ចំនួន​១៨១​នាក់ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ដោយសង្ស័យ​ថា ​ជា​ជន​ជាតិ​វៀតណាម។ ​លោក​មាន​ប្រសាសន៍​ថា ​ប្រសិន​ជា​ក្រសួង​មហា​ផ្ទៃ​រក​ឃើញ​ភាព​មិន​ប្រក្រតីពាក់ព័ន្ធ​នឹង​ការ​ចេញ​អត្ត​សញ្ញាណ​ប័ណ្ណ​ចំនួន​២៧​ករណី​ទៀត ​នោះគ.ជ.ប.​នឹង​លុប​ឈ្មោះ​របស់​អ្នកទាំង​នោះ​តាមការ​ស្នើសុំ។

លោក​យឿង សុធារ៉ា ​មន្រ្តី​ច្បាប់ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ខុមហ្រ្វែល ​យល់​ថា ​តម្លាភាព​ក្នុង​ដំណើរ​នៃ​ការ​បោះ​ឆ្នោត​មាន​សារៈសំខាន់​ណាស់​ក្នុងប្រទេស​មាន​លទ្ធិ​ប្រជា​ធិប​តេយ្យ។​ លោក​បន្ថែម​ថា ​ក្រសួង​មហាផ្ទៃ​គួរតែ​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់លើ​បុគ្គល​ដែល​ត្រូវ​បាន​សង្ស័យថា​ជា​ជន​បរទេស​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​តាម​បណ្តឹងដែល​បាន​ដាក់​នៅ​គ.ជ.ប.។​

លោក យឿង សុធារ៉ា​បន្ថែម​ថា ​ប្រសិន​ជា​ការ​អនុវត្ត​ច្បាប់​មាន​ការ​ខ្វះ​ចន្លោះ​បណ្តាល​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ​បោះឆ្នោតនោះ​ នោះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​របស់​ប្រទេស។​

លោក​បញ្ជាក់​ថា៖​

«មាន​តែ​ជនជាតិ​ខ្មែរ​យើង​ ​ជា​ជាតិ​សាសន៍​ខ្មែរ​យើង ​ដែល​មាន​សញ្ជាតិ​ខ្មែរ​ទេ ​ដែល​មាន​សិទ្ធិ​មាន​អំណាច​ក្នុង​ការ​សម្រេចវាសនា​របស់​ប្រទេស​ជាតិ។ ប្រសិន​ជា​ជន​បរទេស​ដែល​មិនមែន​ជាខ្មែរ ​មិនមាន​សញ្ជាតិ​ខ្មែរ ​ហើយ​ឲ្យ​មក​សម្រេច​ជោគ​វាសនា​ប្រទេស​ជាតិ​ជំនួស​យើង​ ​អាហ្នឹង​វា​ទៅ​ជា​រឿង​បញ្ហា​មួយ។ ​បញ្ហា​មួយ​ទៀត ​ការ​រើសអើង​ជាតិ​សាសន៍ ​ការ​រើសអើង​ពូជ​សាសន៍​ ហើយ​រឿង​នយោបាយ​វាយ​ប្រហារ​ពូជសាសន៍​ហ្នឹង​វានៅ​តែកើត​ឥត​ឈប់ឈរ​ ហើយ​បញ្ហា​ជាតិ​សាសន៍​ដទៃ​ហ្នឹង​ វានៅ​តែ​កើត​រឿង​ដដែលៗ​អីចឹង»។

កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៦​ លោក សុខ ផល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ បញ្ជាក់​ថា ​អគ្គ​នាយកដ្ឋាន​បាន​ស្រាវជ្រាវ​រក​ឃើញ​ជន​អន្តោ​ប្រវេសន៍​នៅ​កម្ពុជា​មាន​ជាង​ ១៦​ម៉ឺន​នាក់ ​ក្នុង​នោះ​ជនជាតិ​វៀតណាម​មាន​ជាង​៩៩%។ លោក​ថ្លែង​ថា ​ជន​អន្តោ​ប្រវេសន៍​ដែល​រស់​នៅ​ខុស​ច្បាប់​ភាគ​ច្រើន​ បាន​កាន់កាប់​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី ​មាន​ដូចជា​សៀវភៅ​ស្នាក់នៅ ​សៀវភៅ​គ្រួសារ ​សំបុត្រ​កំណើត​ខ្មែរ ​ប័ណ្ណ​បោះឆ្នោត​ខែ្មរ​ សំបុត្រ​អាពាហ៍​ពិពាហ៍ ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខែ្មរ​ លិខិត​ឆ្លងដែន​ខ្មែរ ​ប័ណ្ណ​មន្ត្រី​រាជការ​ និង​ឯកសារ​ដទៃ​ទៀត៕