គ.ជ.ប.​ដោះស្រាយ​បាន​បណ្តឹង​ចំនួន​៣៩​ក្នុង​ចំណោម​បណ្តឹង​១២៨

គ.ជ.ប. បិទផ្សាយ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះស្ទួនដែលលុបចេញពីបញ្ជី ដើម្បីអោយប្រជាពលរដ្ឋកម្ពុជា មកផ្ទៀងផ្ទាត់ឈ្មោះ និងកំណត់ត្រាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)

រយៈ​ពេល​៣​ថ្ងៃ​នៃ​ការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​​ថ្មី​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​​ ​បាន​ដោះស្រាយ​ពាក្យ​បណ្តឹង​ ចំនួន​៣៩​ ក្នុង​ចំណោម​បណ្តឹង​សរុប​ចំនួន​១២៨​ ដែល​គ.ជ.ប​ទទួល​បាន។​

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​គ.ជ.ប នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ដោះស្រាយ​បណ្តឹង​តវ៉ា​ បណ្តឹង​ជំទាស់​ ពាក់​ព័ន្ធ​នឹង​បញ្ជី​បោះ​ឆ្នោត​ដំបូង នាថ្ងៃ​ព្រហស្បតិ៍​ ទី​១៩​ ខែ​មករា​នេះ។

ក្នុង​ចំណោម​បណ្តឹង​ទាំង​១២៨​នេះ​ មាន​បណ្តឹង​ចំនួន​១២៥​ ដែល​បាន​ប្តឹង​ជំទាស់​ឲ្យ​លុប​ឈ្មោះ​អ្នក​បោះឆ្នោតចំនួន​ជិត​២.០០០​នាក់​ចេញបញ្ជី​បោះ​ឆ្នោត​ ដែល​អ្នក​ទាំង​នោះរង​ការ​ចោទ​ថា​មិន​មាន​សញ្ជាតិ​ខ្មែរ ​ឬពុំ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត។​

យ៉ាង​ណា​ក៏​ដោយ​ ​មក​ទល់​ពេល​នេះ​ គ.ជ.ប​មិន​ទាន់​សម្រេច​លុប​ឈ្មោះ​ណា​មួយ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ដំបូង​នោះ​ទេ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ ស្តី​ពី​ការ​ដោះស្រាយ​បណ្តឹង​តវ៉ា​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ មាន​ សទិ​ សមាជិក​គ.ជ.ប ​លើក​ឡើង​ថា ​កន្លង​មក​ដើម​បណ្តឹង​ដែល​ប្តឹង​ជំទាស់​មក​កាន់​គ.ជ.ប​ ពុំ​បាន​ផ្តល់​ភស្តុតាងផ្លូវ​ច្បាប់​ឲ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ដាក់​បន្ទុក​ថា​ជន​ណា​មួយ​ពុំ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោតនោះ​ទេ។

សន្និសីទសារព័ត៌មាន ស្តីពីការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងជំទាស់ ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង នៅទីស្នាក់ការគ.ជ.ប​ ក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)

លោក មាន​ សទិ ថ្លែង​ថា៖​

«នៅ​ពេល​ធ្វើ​សវនាការ​ ដើម​បណ្តឹង​ និង​មេធាវី​ដើម​បណ្តឹង​ បាន​លើក​ឡើង​អំពី​សញ្ជាតិ​ ដោយ​គាត់​មាន​សំអាង​តែ​លើ​សំនៀង ទំនៀម​ទម្លាប់​ របៀប​រស់​នៅ​ និង​ការ​ខ្វះ​ព្រះ​រាជក្រឹត្យ គាត់​និយាយ​ពី​ព្រះ​រាជក្រឹត្យ ព្រោះ​គាត់​សង្ស័យ​ថា​ អ្នក​ដែល​ត្រូវ​ប្តឹង​ហ្នឹង​ ជា​ជន​បរទេស»។

ថ្លែង​មក​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ លោក​ សោម​ សូរីដា​ អគ្គលេខាធិការ​រង​ គ.ជ.ប ​ ​ទទូច​ឲ្យ​មាន​ការ​ចូលរួម​សកម្ម​ពី​ភាគី​ដើម​បណ្តឹង​ដើម្បីផ្តល់​ភស្តុតាង​ និង​ចម្លើយ​ដល់​ក្រុម​ជំនុំ​ជម្រះ​គ.ជ.ប។

«នៅ​ក្នុង​មាត្រា​៦១​ចែង​ថា​ ដើម្បី​ប្តឹង​ជំទាស់​ទៅ​នឹង​ជន​ណា​ សាមី​អ្នក​ប្តឹង​ជំទាស់​ត្រូវ​មាន​ភស្តុតាង​បញ្ជាក់​ថា​ ជន​នោះ​មាន​លក្ខខណ្ឌ​មិន​គ្រប់​គ្រាន់​ដើម្បី​មាន​ឈ្មោះ​បោះ​ឆ្នោត។ បន្ទុក​នៃ​ការ​រក​ភស្តុតាង​ដើម្បី​បញ្ជាក់​ គឺ​ជា​បន្ទុក​អ្នក​ប្តឹង​ជំទាស់។​ ប៉ុន្តែ​ការ​ពិនិត្យ​មើល​កន្លង​មក​នេះ​ គឺ​ពុំ​មាន​ឯកសារ ​យថាភូត​ណា​មួយ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដែល​ជា​ឯកសារ​ផ្ទុយ​ដែល​បញ្ជាក់​ថា​ ជន​ដែល​ត្រូវ​ជំទាស់​នោះ​ ពុំ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ដើម្បី​មាន​ឈ្មោះ​បោះឆ្នោត»។​

នា​ពេល​កន្លង​មក​ បញ្ជី​ឈ្មោះ​បោះឆ្នោត ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ គឺ​ជា​បញ្ហា​ចម្រូងចម្រាស​មួយ​យ៉ាង​សំខាន់​ចំពោះ​ការ​បោះឆ្នោត​អាណត្តិ​មុនៗ។​

បញ្ហា​ចម្រូងចម្រាស​ទាំង​នោះ​រួម​មាន​ ​ការ​រក​ឈ្មោះ​មិន​ឃើញ​ បញ្ជី​ឈ្មោះ​ប៉ោង​ និង​ឈ្មោះ​ស្ទួន​ជាដើម​ ដែល​ជា​រឿយៗ​គណបក្ស​ជំទាស់​ធ្វើ​ការ​តវ៉ា​ ដោយ​អះអាង​ថា​ លទ្ធផល​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ច្រើន។

អ្នក​ស្រី​ ម៉េង​ សុភារី​ ប្រធាន​នាយកដ្ឋាន​កិច្ច​ការ​បោះឆ្នោត​ និង​ជា​មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ប្រាប់​ VOA ​ថា​ រយៈ​ពេល​៣​ថ្ងៃ​នៃ​ការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​នេះ​ គ.ជ.ប​មិន​ទាន់​បាន​លុប​ឈ្មោះ​ណា​មួយ​ចេញ​ពី​បញ្ជី​តាម​ការ​ប្តឹង​របស់​គណបក្ស​ជំទាស់នោះ​ទេ។​

អ្នក​ស្រី​ លើក​ឡើង​ថា​ ការ​ស្វែង​រក​ភស្តុតាង​បញ្ជាក់​ថា​ បុគ្គល​ណា​ម្នាក់​មិន​មាន​សញ្ជាតិ​ខ្មែរ​នោះ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ជា​ហេតុ​ដែល​អ្នកស្រី​ទទូច​ឲ្យ​គជប​ សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ផ្ទៀង​ផ្ទាត់​ឯកសារ។​

«ជា​បឋម​ ក្រុម​ចុះ​ឈ្មោះ​ គេ​ពិត​ជា​ចុះ​ឲ្យ​មែន​ហើយ ប៉ុន្តែ​បន្ទាប់​ពី​មាន​បណ្តឹង​ទៅ​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ឯកសារ​ហ្នឹង​ថា ​ត្រឹម​ត្រូវ​ដែរឬទេ។ ចឹង​ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​ឯកសារ​ហ្នឹង​ គឺ​ក្រសួង​មហាផ្ទៃ​ហើយ។ ចឹង​គជប​ ត្រូវ​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ឯកសារ។​ ធម្មតា​យើង​ប្តឹងទាក់​ទង​នឹង​រឿង​សញ្ជាតិ​ យើង​ទៅ​រក​ឯកសារ​ វា​មិន​ងាយ​រក​ទេ»។

អ្នក​ស្រី​រំពឹង​ថា​ ការ​ស៊ើប​អង្កេត​ច្បាស់លាស់​ នឹង​នាំ​ឲ្យ​មានការ​លុប​ឈ្មោះ​មិន​ប្រក្រតីចេញ​ពី​បញ្ជី​បោះឆ្នោត​ នា​ពេល​ខាង​មុខ។

«ចឹង​បើ​សិន​ជា​មាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព​ ដោយ​យុត្តិធម៌​ មុន​និង​ក្រោយ​ យ៉ាង​ហោចណាស់​មាន​អ្នក​ខ្លះ​ ក៏​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​វិញ​ដែរ»។​

របាយការណ៍​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (Comfrel)​ រួម​ជាមួយ​សមាជិក​នៃ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ចេញ​ផ្សាយ​នា​ដើម​សប្តាហ៍​នេះ​ បង្ហាញ​ថា​ ដំណើរការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ មិន​ត្រូវបាន​ធ្វើ​ឡើង​ដោយ​លម្អិត​នៅ​តាម​ឃុំ​សង្កាត់​នោះ​ឡើយ​ ជាពិសេស​ គឺ​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​ជន​បរទេស។ ​

​លោក ​គល់ បញ្ញា​ នាយក​ប្រតិបតិ្ត​នៃ​គណៈកម្មាធិការ​ Comfrel ទទួល​ស្គាល់​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការ​របស់គ.ជ.ប ក៏​ប៉ុន្តែ​លោក​ថា​ ការងារ​ទាំង​នោះ​មិន​ទាន់​បាន​បង្ហាញ​ពី​តម្លាភាព​ឲ្យ​បាន​ពេញ​លេញ​នៅឡើយ។​

លោក​ថា​ គ.ជ.ប​ នៅ​ត្រូវ​ការពេល​វេលា​ច្រើន​ទៀត​ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​បណ្តឹង​ចំពោះបញ្ជី​ឈ្មោះ​នោះ​ ព្រម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​បើក​សវនាការ​ជា​សាធារណៈ​ឲ្យ​បាន​កាន់​តែ​ច្រើន​ ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង​អំពី​របៀប​ដោះស្រាយ​របស់​គជប។ លោក​ថា​ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​គ.ជ.ប។

«ខ្ញុំ​ថា​មិន​ទាន់​មាន​តម្លាភាព​ពេញ​លេញ​ ដែល​ធ្វើ​ឲ្យ​អ្នក​ប្តឹង​អស់​ចិត្ត។​ ខ្ញុំ​គិត​ថា​ គាត់​ត្រូវ​ការ​ពេល​វេលា​មួយ​ចំនួន​ ដើម្បី​ធ្វើ​ជា​វេទិការ​សាធារណៈ​ ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​គេ​ស្តាប់​របៀប​គាត់​ដោះស្រាយ​ សួរ​នាំ​ទៅ​លើ​រឿង​ការ​សង្ស័យ​លើ​សញ្ជាតិ។ ហើយ​ឯកសារ​ ឬ​ការ​សង្ស័យ​មួយ​ចំនួន​គួរ​តែ​មាន​ការ​ផ្ទៀង​ផ្ទាត់​ ឲ្យ​បាន​ស្រួលបួល​ទៅ​ ដើម្បី​ឲ្យ​ដឹង​ថា​ ការ​សង្ស័យ​នឹង​មិន​ត្រឹម​ត្រូវ​ទេ។ គេ​មាន​ឯកសារត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ​ចឹង​អី»។

លោក​ គល់​ បញ្ញា​ មើល​ឃើញ​ថា​ ការ​ចូលរួម​ពី​ភាគី​ពាក់​ព័ន្ធ​នៅ​មាន​កម្រិត​នៅ​ឡើយ ​ដើម្បីជួយ​សម្រួល​ការងារ​ដល់​គ.ជ.ប​ក្នុង​ការ​ដោះស្រាយ​បណ្តឹង​ និង​ប្រមូល​ភស្តុតាង៕