ប្រធាន ​គ.ជ.ប​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ត្រឡប់​មក​បោះឆ្នោត

រូបឯកសារ៖ ពលរដ្ឋម្នាក់បានបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិបាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរនៅ​ក្រៅ​ប្រទេស មកចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ នៅ​ថ្ងៃទី​ ២៣​ ខែ​កក្កដា ​ឆ្នាំ​ ២០២៣​នេះ​ ឱ្យ​បាន​គ្រប់ៗ​គ្នា​ ដើម្បី​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន។​

​ការ​បោះ​ឆ្នោត​ជាតិ​លើក​នេះកំពុង​ស្ថិត​ក្រោម​ការ​តាម​ដាន​យ៉ាង​ដិត​ដល់​របស់​អ្នក​ឃ្លាំ​មើល​នយោបាយ​កម្ពុជា​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ​នៅ​ពេល​គណបក្ស​នយោបាយ​ជំទាស់​ចម្បង​មួយ​ គឺ​គណ​បក្ស​ភ្លើង​ទៀន ​បាត់​ឱកាស​ចូលរួម​កា​របោះឆ្នោត ហើយ​គណបក្ស​នេះ​ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើ​ប្រាស់​សិទ្ធិ ​និង​សតិ​សម្បជញ្ញៈ​របស់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​ចេញ​ទៅ​បោះ​ឆ្នោត​ដែល​នឹង​ចូល​មក​ដល់​តែ​ជាង​មួយ​ខែ​ទៀត​នេះ។​

​ក្នុង​សេចក្តី​អំពាវនាវ​មួយ​ច្បាប់​ចេញ​ផ្សាយ​នៅថ្ងៃទី​ ១៤ ​ខែ​មិថុនា ​ឆ្នាំ​ ២០២៣ ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ លោក ​ប្រាជ្ញ ចន្ទ​ បាន​ថ្លែង​ថា៖

«ប្រជា​ពល​រដ្ឋ​ខ្មែរ​ ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​ ២០២២ ​និង​កំពុង​បំពេញ​បេសកកម្ម​ ឬ​រស់​នៅ​ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ សូម​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី ៧ ​ឆ្នាំ​ ២០២៣​ នា​ពេល​ខាង​មុខ​នេះ ​តាម​កាល​បរិច្ឆេទ​ដែល​បាន​កំណត់​កុំបី​ខាន»។​

បើ​គិត​ត្រឹម​ខែ​ឧសភា​ ឆ្នាំ​ ២០២៣​ ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ប្រមាណ​ ១​លាន ​៣​សែន​នាក់ ​ដោយ​ក្នុង​នោះនៅ​ប្រទេ​ស​ថៃ​ មាន​ ១​លាន ២​សែន​នាក់​ នៅកូរ៉េខាងត្បូង មាន​ចំនួន ៤​ម៉ឺន​ ៩​ពាន់​នាក់ ​នៅ​ម៉ាឡេស៊ី មាន​ចំនួន​ ២​ម៉ឺន​ ២​ពាន់​នាក់​ និង​នៅ​ប្រទេស​ជប៉ុន មាន​ចំនួន ១​ម៉ឺន ​៩​ពាន់​នាក់។ ​នេះ​បើ​យោង​តាមរដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​លោក ​អ៊ិត សំហេង ​ដែល​ថ្លែង​ក្នុងពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ ​កម្មការិនី ​ក្នុង​ខេត្ត​កំពង់ឆ្នាំង កាល​ពីថ្ងៃ​ទី ​៨ ​ខែ​មិថុនា ​ឆ្នាំ​ ២០២៣។​

អ្នក​នាំពាក្យ​ គ.ជ.ប លោក ​ហង្ស ពុទ្ធា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា តួលេខក្នុង​បញ្ជី​បោះឆ្នោត ​ដែល​សំដៅ​ដល់​ប្រជា​ពលរដ្ឋមាន​សិទ្ធិ​បោះឆ្នោត​អាណត្តិ​ទី​ ៧ ​នោះ មាន​ចំនួន​សរុប​ជាង​ ៩​លាន ​៧​សែន​នាក់ ​(៩.៧១០.៦៥៥នាក់)។ ​លោកបន្ថែម​ថា​ ស្ថាប័ន ​គ.ជ.ប ​ក្តាប់​មិន​បាន​ជាក់​លាក់​អំពី​ចំនួន​ប្រជាពលរដ្ឋនៅក្រៅប្រទេស ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោ​ត​នោះ​ទេ ​តែ​រាល់​ការ​បោះឆ្នោត​ម្តងៗ ប្រជា​ពលរដ្ឋ​ខ្មែរប្រមាណ​ជា​ ១​លាន​នាក់​ ខក​ខាន​មិន​បាន​បោះឆ្នោត។

លោក​ថ្លែង​ថា៖ «គ.ជ.ប ក្តាប់​មិន​បាន​អំពី​ចំនួន​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ ហើយ​នៅ​ ក្រៅ​ប្រទេស​នោះទេ។ ប៉ុន្តែ​ជា​រៀង​រាល់​បទ​ពិសោធន៍​នៃ​ការ​បោះឆ្នោត​ អវត្ត​មាន​ប្រមាណ​ជា​ ១​លាន​នាក់ ​ដែល​លោក​អត់​បាន​អញ្ជើញ​មក​ធ្វើ​ការ​បោះឆ្នោត»។​

​អ្នក​នាំ​ពាក្យ​ គ.ជ.ប​ រូប​នេះ​ថា លោកមិន​ទាន់​អាច​ស្មាន​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​នឹងទៅ​បោះឆ្នោត​ទេ។ ប៉ុន្តែ​លោក​កត់​សម្គាល់​ថា​ រាល់​ការ​បោះ​ឆ្នោត​ម្តងៗ ប្រជា​ពលរដ្ឋ​ខ្មែរ ​យ៉ាង​តិច​ជាង​ ៧០% ​បាន​ចេញ​ទៅ​បោះ​ឆ្នោត។​

​បើ​តាម​លោក ​ហង្ស ពុទ្ធា​ ពលរដ្ឋគ្មាន​ទោសពៃរ៍​ទេ​ បើ​សិន​ពួក​គេ​មិន​ទៅ​បោះឆ្នោត ​ឬ​ទៅ​បោះឆ្នោត ​ដោយ​គូស​សន្លឹក​ឆ្នោត​ចោល​ ព្រោះ​នេះ​ជា​ការ​អនុវត្តសិទ្ធិ។ ​ប៉ុន្តែ​លោក​អំពាវនាវ​ទៅ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ប្រើ​ប្រាស់​សិទ្ធិ​ក្នុង​ការជ្រើស​រើស​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត ដោយ​កុំជឿ​តាម​ការញុះញង់ និង​ការ​រារាំងពីជន​អសកម្ម​មួយ​ចំនួន។​

រូបឯកសារ៖ កម្មករ​ចំណាកស្រុក​ខ្មែរ​ដែល​ធ្វើ​សំណង់​រង់​ចាំ​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ខាង​ក្រៅ​អគារ​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៦។

មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល ​លោក​ កន សាវាង្ស​ កត់​សម្គាល់​ថា​ សម្រាប់​ពលរដ្ឋ​ម្នាក់ ​ប្រសិន​បើ​គាត់​ចង់​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត នោះ​គាត់​នឹង​ត្រូវ​ចំណាយ​ថវិកា​យ៉ាង​តិច ​១០០ ​ទៅ​ ២០០ ​ដុល្លារ​អាមេរិក​ ​ដែល​នេះ​ជា​ឧបសគ្គ​សម្រាប់​ពលករ​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ហើយបូក​រួម​បរិយាកាស​នយោ​បាយ​មិន​ទូលំ​ទូលាយ​សម្រាប់​ប្រជា​ពលរដ្ឋ​ ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ខ្លះនឹង​មិន​មក​បោះ​ឆ្នោតទេ។​

លោក​ថ្លែង​ថា៖ «គាត់​មិន​អាច​ចំណាយ​លុយ ​រាប់​រយ​ដើម្បី​ធ្វើការ​វិល​ត្រឡប់​ ដោយ​សារការបោះឆ្នោត ​ឬក៏​ការ​ចុះ​ឈ្មោះ​ទេ។ ​គួប​ផ្សំ​បរិយាកាស​នយោបាយ​បច្ចុប្បន្ន​ មិនមែន​បរិយាកាស​មួយ​ដែល​ធ្វើ​ឱ្យគាត់​ត្រូវ​លះ​បង់​ថែម​ទៀត ​ព្រោះ​រឿង​ខ្លះ​បរិយាកាស​នយោបាយ​មាន​ភាព​ចង្អៀត ​សម្រាប់​គ្រប់​ប្រជា​ពលរដ្ឋ។​ វាអត់​បាន​ទូលាយ​រាល់​គ្រប់​ប្រជា​ពលរដ្ឋ​ទេ។ ​អ៊ីចឹង​វា​អាច​ធ្វើ​ឱ្យ​គាត់ហ្នឹង​អាចមាន​ការ​លះ​បង់​[ការ​បោះឆ្នោត]​ហើយ»។​

បើ​តាម​លោក ​កន សាវាង្ស ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោតជាតិ​ (គ.ជ.ប) ​គួរ​ស្នើ​សុំ​ធ្វើ​វិសោធន​កម្ម​ «ច្បាប់​បោះ​ឆ្នោត»​ ដោយរៀប​ចំ​បែប​បទ​នីតិវិធី​យ៉ាង​ណា​ដើម្បី​ផ្តល់​លទ្ធភាព​ងាយ​ស្រួល​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាក់​ទងការ​ចុះ​ឈ្មោះ ​និង​ការ​បោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស​ នៅ​តាម​ស្ថានទូត​ និង​ស្ថាន​កុងស៊ុល​ ព្រោះ​ប្រទេស​មួ​យ​ចំនួន ​ដូច​ជា​ប្រទេស​ថៃ​ជា​ដើម ក៏​មាន​ការ​រៀប​ចំ​ដំណើរការ​បោះ​ឆ្នោត​តាមស្ថានទូត ​និង​ស្ថាន​កុងស៊ុលនេះ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«មែន​ទែន​ទៅ​នៅ​ប្រទេស​ថៃ ​ជា​ការណ៍​ពិត​គឺ​អ្នក​មិន​អាច​បោះឆ្នោត​គឺ​មិន​អាច​ឈរ​ឈ្មោះ​ ពេល​ក្រោយ​អី​បាន។​ ប៉ុន្តែ​គេ​មាន​កាតព្វកិច្ច​មួយ​ គេ​មិន​បោះបង់​ប្រជា​ពលរដ្ឋ​ទេ ​គឺ​រដ្ឋ​ត្រូវ​បំពេញ​កាតព្វកិច្ច​មួយ ទី១​ គឺ​ថា ​ត្រូវ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​លទ្ធភាព​បោះ​ឆ្នោត​នៅ​ក្រៅ​បាន។​ មាន​ន័យ​ថា ​ទាំង​មន្ត្រី ​ទាំង​អីហ្នឹង​ គេ​អាច​រៀប​ចំ​នៅ​ខាង​ក្រៅ ​ទៅ​តាម​ស្ថានទូត​អី​បាន។​ អ៊ីចឹង​យើង​ក៏ត្រូវ​ធ្វើ​អ៊ីចឹង​ដូច​គ្នា»។​

ទោះ​យ៉ាងណា​ លោក ​ហង្ស ពុទ្ធា ​ថ្លែង​ថា ​គ.ជ.ប​ មិន​អាចរៀប​ចំ​ការិយាល័យ​បោះ​ឆ្នោត​នៅ​តាម​ស្ថានទូត​ ឬក៏​នៅ​តាម​ជាយ​ដែន​បាន​ទេ​ ព្រោះ​ច្បាប់​តម្រូវ​ឱ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​តាម​ឃុំ​សង្កាត់​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​បន្ថែម​ថា ​បើ​សិន​ជា​មាន​ការ​រៀប​ចំ​ការិយាល័យ​បោះ​ឆ្នោត​នៅ​តាម​ស្ថានទូត នោះ​ស្ថាប័ន ​គ.ជ.ប ​នឹងមាន​កំហុស។​

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោ​ក ​យ៉េង វីរៈ ​ថ្លែង​ថា គណបក្សប្រជាធិបតេយ្យ​មូលដ្ឋានតែង​តែ​ចង់​ឱ្យ​មាន​ការ​កែ​ប្រព័ន្ធ​ច្បាប់​បោះឆ្នោត​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស អាច​បោះ​ឆ្នោត​បាន​តាម​ប្រទេស​នីមួយៗ​ ជាជាង​ការ​ចំណាយ​ថវិកាច្រើន​ ដើម្បី​មក​បោះឆ្នោត​ក្នុង​ប្រទេស។ ​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​អ្វី​ដែល​គួរ​ធ្វើ​គឺ​កែ​ច្បាប់​បោះឆ្នោត​ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ដែលកំពុង​មាន​វត្តមាន​នៅក្រៅ​ប្រទេស ធ្វើការ​ងារ​នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន​ ជំនួស​ឱ្យ​ការ​អំពាវនាវ​ឱ្យ​ជិះ​កប៉ាល់​ហោះ ​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ​មក​ប្រទេស​វិញ​ដើម្បី​បោះ​ឆ្នោត»។

ការ​ប្រកាស​របស់​ប្រធាន ​គ.ជ.ប​ លោក ​ប្រាជ្ញ ចន្ទ​ ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​កម្ពុជា​ចូល​មក​បោះឆ្នោត​នៅ​ខែ​កក្កដា​នោះ​ កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​ស្នើឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​និង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​រៀបចំ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ជា​បន្ទាន់ ​ដោយ​កំណត់​លក្ខខណ្ឌ​មិន​អនុញ្ញាត​ឱ្យ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ ​បើ​សិន​បុគ្គល​ណា​ម្នាក់​មិន​បាន​ទៅ​បោះ​ឆ្នោត​នៅ​អាណត្តិ​នេះ។​

ក៏​ប៉ុន្តែ​លោក ​យ៉េង វីរៈ ​រក្សា​ជំហរមិន​គាំទ្រ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​ដោយ​កំណត់​ «មិន​ឱ្យ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត បើ​បុគ្គល​នោះ​មិន​បាន​បោះ​ឆ្នោត» ​ព្រោះ​លោក​យល់​ថា នេះ​ជាចេតនា​នយោបាយ​ដាក់​កំហិត​ ​«ដក​សិទ្ធិ»​ បេក្ខជន​គណ​បក្ស​ប្រឆាំង។ លោកក៏​មិន​គាំទ្រ​យុទ្ធនាការ​គូស​សន្លឹក​ឆ្នោត​ចោល​នោះ​ដែរ​ ព្រោះ​ការណ៍​នេះ នឹង​បង្ហាញ​តែ​ពី​ចំនួន​អ្នក​បោះឆ្នោត​មាន​ច្រើន ​តែផ្ទុយ​ទៅ​វិញ​ពលរដ្ឋ​មិន​បាន​ប្រើ​ប្រាស់​សិទ្ធិ​ត្រឹមត្រូវ ​ដែល​ធ្វើ​ឱ្យ​រដ្ឋ​សភា​បាត់​បង់​ភាព​ចម្រុះនៃ​សមាជិកសភា ៥ ​ឆ្នាំ​បន្ត​ទៀត។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី ៧ ​នៅ​ថ្ងៃ​ទី​ ២៣ ​ខែ​កក្កដា ​ឆ្នាំ​ ២០២៣​ នេះនឹង​ប្រ​ព្រឹត្ត​ទៅ ចាប់​ពី​ម៉ោង​ ៧​ព្រឹក ​រហូត​ដល់​ម៉ោង​ ៣​រសៀល។ គណបក្ស​នយោបាយ​ចំនួន​ ១៨ ​នឹង​មាន​វត្តមាន​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ ហើយ​គណបក្ស​កាន់​អំណាច​ត្រូវ​គេ​រំពឹង​ថា​ នឹង​ឈ្នះ​ភ្លូក​ទឹក​ភ្លូកដី​ នៅ​ពេល​គ្មាន​គូ​ប្រជែង​របស់​ខ្លួន គឺ​គណបក្ស​ភ្លើង​ទៀន៕