គ.ជ.ប.​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​ និង​អាសនៈ​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធ​សភា​ដោយ​គ្មាន​គណបក្ស​ប្រឆាំង

  • នៅ វណ្ណារិន

រូបភាព​ឯកសារ​៖ លោក ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

គ.ជ.ប.​បាន​កំណត់​លេខ​រៀង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​នយោបាយ​ចំនួន​៣​ដែល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា។ ​អ្នក​វិភាគ​យល់​ថា​ ការ​បោះឆ្នោត​នេះ​គឺ​​គ្រាន់​តែ​បង្គ្រប់​​នីតិវិធី​តែ​ប៉ុណ្ណោះ​​ក្រោយ​ពី​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ឬ​ ​គ.ជ.ប.នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​កំណត់​លំដាប់​លេខ​រៀង​ជា​ផ្លូវការ​សម្រាប់​គណ​បក្ស​នយោបាយ​ និង​កំណត់​អាសនៈព្រឹទ្ធ​សភា​នៅ​តាម​ភូមិ​ភាគ​នានា​ទូទាំង​ប្រទេស​ ​ដើម្បី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី៤​ ​នៅ​ខែ​កុម្ភៈខាង​មុខ។​

ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ឆ្នាំ​នេះ​នឹង​មាន​គណ​បក្ស​នយោបាយ​ចំនួន​៤​ចូល​រួម​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កាន់​អំណាច​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​គណបក្ស​ខ្មែរ​រួប​រួមជាតិ ​គណ​បក្ស​យុវជន​កម្ពុជា​ដែល​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ពី​ការ​បែង​ចែក​អាសនៈ​ទំនេរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ។​

សេចក្តី​សម្រេច​របស់​គ.ជ.ប.​ ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ឱ្យ​ដឹង​ថា​ ​ក្រោយ​ការ​ចាប់​យក​លេខ​រៀង​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​ព្រឹទ្ធ​សភា​ខាង​មុខ​ដោយ​មាន​ការ​ចូល​រួម​ពី​សម្តេច​សង្ឃរាជ​ទាំង​ពីរ​គណៈ​នោះ​ គ.ជ.ប.​បាន​កំណត់​យក​លេខ​រៀង​ទី១​ឲ្យ​ទៅគណ​បក្ស​ប្រជាជន​កម្ពុជា​ ​លេខរៀង​ទីពីរ​បាន​ទៅគណ​បក្ស​យុវជន​កម្ពុជា​ ​លេខ​រៀង​ទី​៣​បាន​ទៅ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ និង​លេខរៀង​ទី៤​គឺ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះ​អង្គម្ចាស់​នរោត្តម​ ​រណ​ឫទ្ធិ។​

លោក​ ​ស៊ិក ប៊ុនហុក​ ​ប្រធាន​គ.ជ.ប.​ ​ត្រូវបាន​គេ​ស្រង់​សម្តី​ដើម​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖​«ការ​កំណត់​លេខ​រៀង​គណ​បក្ស​នយោបាយ​នីមួយៗ​លើ​សន្លឹក​ឆ្នោត​នឹង​ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គណ​បក្ស​នយោបាយ​ពាក់​ព័ន្ធ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ និង​ជួយ​ឱ្យ​អ្នក​បោះ​ឆ្នោត​អាច​ស្គាល់​បាន​ដោយ​ងាយស្រួល​នូវ​គណ​បក្ស​នយោបាយ​ដែល​គាត់​ស្រឡាញ់​ពេញ​ចិត្ត»។​

ប្រធាន​គ.ជ.ប.​ដែល​មក​ពី​គណបក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​បន្ថែម​ថា​ ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នីតិ​កាល​ទី៤​ឆ្នាំ​២០១៨​នេះមាន​ការិយាល័យ​បោះឆ្នោត​៣៣​កន្លែង​ក្នុង​៨​ភូមិភាគ​ និង​មាន​អង្គ​បោះឆ្នោត​សរុប​ចំនួន​១១.៦៩៦នាក់​ ​ក្នុង​នោះ​មាន​តំណាង​រាស្ត្រ​ចំនួន​១២៣​នាក់។​

លោក​ ​ឌឹម សុវណ្ណារុំ​ ​សមាជិក​និង​ជា​អ្នក​នាំពាក្យ​គ.ជ.ប.​ ​បាន​ប្រាប់​ VOA​ ​នៅ​ក្រោយ​ការ​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​ទាំង​នោះ​យ៉ាង​ដូច្នេះ៖​

«ទី១​ បន្ទាប់​ពី​ហ្នឹង​មក​គឺ​បោះ​សន្លឹក​ឆ្នោត​ទៅ​តាម​លេខរៀង​ដែល​បាន​ជ្រើសរើ​កាលពី​ព្រឹកមិញ​ នឹង​ការងារ​បន្ត​ណា៎។​ ទីពីរ​គឺ​យើង​បន្ត​ដោះស្រាយ​ពាក្យ​បណ្តឹង​ដែល​ទទួល​បាន​នៅ​តាម​ខេត្ត​នានា​ ដែល​គណ​បក្ស​បាន​ដាក់​ពាក្យ​បណ្តឹង​មក​កាន់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង​ ​នៅ​តាម​ខេត​ ​រាជធានី​ ហើយ​ការងារ​ផ្សេង​ទៀត​យើង​មាន​ប្រតិទិន​របស់​គ.ជ.ប.​ណា៎»។

លោក​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​គ.ជ.ប.​គ្រោង​ចំណាយ​ថវិកាប្រមាណ​ជាង​២​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ នៅ​ថ្ងៃ​ទី​២៥​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ខាង​មុខ។​

ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ឆ្នាំ​២០១៨​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ចូលរួម​ពី​គណ​បក្ស​ជំទាស់​ដ៏​ធំ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។​ ​គណ​បក្ស​សង្គ្រោះជាតិ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​រាស្ត្រ​ខ្មែរ​ជាង​៤០​ភាគ​រយ​កាល​ពី​ពេល​បោះឆ្នោត​កន្លង​មក​នេះ​ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ ​ស្រប​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។​

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​អាសនៈសភា​និង​អាសនៈ​ឃុំ-សង្កាត់​ដែល​គណ​បក្ស​នេះទទួល​បាន​ពី​ពល​រដ្ឋ​ខ្មែរ​ ​ក៏​ត្រូវ​បាន​បែង​ចែក​ឱ្យ​គណបក្ស​នយោបាយនានា​ដែល​មិន​ទទួល​បាន​ ឬ​ទទួល​បាន​ការ​គាំទ្រតិច​តួច​បំផុត ​ពេល​បោះ​ឆ្នោត​កន្លង​មក។​ ​អាសនៈ​ឃុំសង្កាត់របស់​គណបក្ស​សង្គ្រោះ​ជិត​៥០០​អាសនៈ​ត្រូវ​បែង​ចែក​ឱ្យ​គណបក្ស​នយោបាយ​ចំនួន​៦ ក្នុង​នោះមាន២៣៩​អាសនៈ​បាន​ទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ២០១អាសនៈ​បាន​ទៅ​គណបក្ស​ខ្មែរ​រួប​រួមជាតិ​ ​១០​អាសនៈបាន​ទៅគណបក្ស​សញ្ជាតិ​កម្ពុជា​ គណ​បក្ស​យុវជន​កម្ពុជា​បាន​៣​អាសនៈ​ ​និង​៣​អាសនៈ​ផ្សេង​ទៀតបាន​ទៅ​គណ​បក្ស​ជនជាតិ​ដើម​ប្រជាធិប​តេយ្យ​កម្ពុជា។​ ​នេះ​បើ​តាម​ទិន្និ​ន័យ​របស់​គ.ជ.ប.​ដែល​ ​VOA ​បាន​ទទួល។​

លោក​ ​ពេជ្រ ស្រស់​មេ​គណបក្ស​យុវជន​កម្ពុជា​ ​ដែល​ទទួល​បាន​៣​អាសនៈ​ពី​ការ​បែងចែង​កៅ​អី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​គណ​បក្ស​របស់​លោក​និង​បង្កើន​ការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​របស់​ខ្លួន​ដល់​អង្គ​បោះឆ្នោត​ទាំងអស់។​ ​ក៏ប៉ុន្តែ​លោក​ថា​ គណបក្ស​របស់​លោក​មិន​សង្ឃឹម​ថា​ បាន​លទ្ធផល​ជា​ដុំ​កំ​ភួន​ពី​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នៅ​ពេល​ខាង​មុខ​នោះ​ទេ​ ព្រោះ​អ្វី​ដែល​គណបក្សរបស់​លោក​ផ្តោត​លើ​ គឺ​ការ​បោះឆ្នោត​ជាតិ​ខាង​ឯណោះ​ទេ។​

«ខ្ញុំសូម​ជំរាប​ឡើងវិញ​តាម​រយៈ​អ្នក​សារព័ត៌មាន​ថា ​យើង​ឈរ​ឈ្មោះ​ព្រឹទ្ធសភា​ ​យើង​អត់​មាន​ ​focusing មាន​ន័យ​ថា​ យើងអត់​គិត​ទៅ​លើ​ការ​បាន​អាសនៈ​នៅ​ព្រឹទ្ធ​សភា​ទេ! ​គ្រាន់​តែ​យើង​ឈរ​ឈ្នោះ​ដើម្បី​ឱ្យ​ឱកាស​ដល់​អង្គបោះ​ឆ្នោត​យើង​មាន​សិទ្ធិ​ជ្រើស​រើស​ ពីព្រោះ​យើង​មាន​អង្គ​បោះឆ្នោត​យើង​រួច​ស្រេច​ហើយ​ បើយើង​មិន​ឈរ​ឈ្មោះ​នោះ​ទេ​ អង្គ​បោះ​ឆ្នោត​យើង​នឹង​ពិបាក​ចិត្ត​ទៅ​បោះ​ឆ្នោត​ឱ្យ​បក្ស​ដទៃ​ ​ឬ​ក៏​អាច​លក់​ទៅ​ឱ្យ​បក្ស​ដទៃ»។

លោក​ ​មាស នី​ ​អ្នក​វិភាគ​និង​ឃ្លាំ​មើល​ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ប្រាប់​ ​VOA​ ​ថា​ ការ​រៀបចំ​ដំណើរការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ខាងមុខ​ ​គឺ​គ្រាន់តែ​បង្គ្រប់​កិច្ច​ទៅ​តាម​នីតិវិធី​នោះ​ទេ​ ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​ជំទាស់​ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​នោះ។ លោក​បញ្ជាក់​បន្ថែម​ថា ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​គឺ​នាំ​ឲ្យ​មាន​សំណួរ​មួយ​ថា​ តើ​ព្រឹទ្ធ​សភា​កម្ពុជា​និង​ដើរ​ទៅ​រក​ឯក​បក្ស​ឬ​យ៉ាង​ណា?

«នេះ​បើ​យើង​មើល​ទៅ​ វាគ្រាន់តែ​ជា​ដំណើរ​ការ​មួយ​ដើម្បី​បង្គ្រប់​នីតិវិធីណា៎​ ព្រោះ​យើង​ដឹង​ថា​ ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ បាទ!​ ​ហើយ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​នោះ យើង​ឃើញ​ថា​ វា​មាន​បញ្ហា​ចម្រូង​ចម្រាស​ ពី​រឿង​ការ​ទទួល​ស្គាល់​ថា ​វា​មិន​គ្រប់​លក្ខណៈ​សម្បត្តិ​នោះ ​តាំង​ពី​នៅ​សភា​នោះ​បាទ!»​

លោក​ ​មាស នី​ ​បញ្ជាក់​បន្ថែម​ទៀត​ថា៖​

«ចំណោទ​សួរ​មួយ​ដែលយើង​សួរ​ថា​ ​តើ​ការ​បោះ​ឆ្នោត​នៅព្រឹទ្ធ​សភាខាង​មុខវា​អាច​ទៅជា​ឯក​បក្ស​ទៀត?​ ​នេះ​បើ​យើង​មើល​ទៅសំឡេង​ហ្នឹង​គឺ​វា​នឹងមិន​អាច​ទៅ​ជា​ពហុបក្ស​បាន​ទេ។ ​វាត្រូវ​ទៅ​ជា​ឯក​បក្ស​ទៀត។​ ​លុះ​ត្រា​ណា​តែ​មាន​ល្បែង​ណា​មួយ​ ​ដែល​នឹង​ត្រូវ​លេង​នៅ​ក្នុង​ពេល​ហ្នឹង​ ដើម្បី​ឱ្យ​បោះ ​ជួយ​បោះ​គ្នា​ទៅ​ ​ហើយ​ឱ្យ​មាន​អាសនៈ​គណ​បក្ស​តូចៗ​ផ្សេង​ទៀត​ នៅ​ក្នុង​នោះ​មួយ​ ឬ​ពីរ​អាសនៈ​ទៅ​បាទ។​ ប៉ុន្តែ​ប្រសិន​បើ​គ្មាន​ការ​គិតគូរ​អី​ទេ​នោះ!​ ខ្ញុំ​គិត​ថា​ វា​នឹង​អាច​ក្លាយ​ទៅ​ជា​ឯកបក្ស​ចៀស​មិន​រួច​បាទ»។​

ក្រោយ​ការ​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មានការ​គាំទ្រ​ជាង​៤០​ភាគរយ ពី​ពល​រដ្ឋ​ខ្មែរនោះ​ ​ប្រទេសកម្ពុជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំងៗ​ ​និង​ប្រឈម​នឹង​វិធាន​ការ​មួយ​ចំនួនពី​បណ្តា​ប្រ​ទេស​នានា​ដែល​និយម​លទ្ធិ​ប្រជា​ធិបតេយ្យ​ ជា​ពិសេស​ពួក​បស្ចិម​ប្រទេស ​ដែល​មើល​ឃើញ​ថា​ កម្ពុជា​កំពុង​ដើរ​ផ្ទុយ​ពី​គន្លង​ប្រជា​ធិបតេយ្យ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ឌឹម សុវណ្ណារុំ​ ​សមាជិក​និង​ជា​អ្នក​នាំពាក្យ​គ.ជ.ប.​ បាន​ថ្លែង​ការ​ពារ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នា​ពេល​ខាង​មុខ​ថា​ ​គ.ជ.ប.​គឺ​បាន​ធ្វើតាម​នីតិវិធីសុទ្ធសាធ​ ហើយ​ស្ថាប័ន​គ.ជ.ប.​មិន​មែន​ជា​ស្ថាប័ន​នយោបាយ​នោះ​ទេ។​

«គ.ជ.ប.​ជា​ស្ថាប័ន​ច្បាប់​ អីចឹង​ស្ថាប័ន​នេះ​ធ្វើការ​ទៅ​តាម​ច្បាប់​ ហើយ​ច្បាប់​ស្តីពី​ការ​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​អាណត្តិទី​៤​ វិធាន​ និង​នីតិវិធី​គឺ​បាន​បែង​ចែក​រួច​អស់​ហើយ។​ ​អីចឹង​ អ្វីៗ​យើង​ធ្វើ​ទៅ​តាម​ហ្នឹង!​ គ.ជ.ប.​មិន​មែន​ជា​ស្ថាប័ន​នយោបាយ​នោះ​ទេ។​ អីចឹង​អ្វីៗ​ ​យើង​ធ្វើ​កិច្ចការ​របស់​ខ្លួន​ទៅ​តាម​ច្បាប់»។​

ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ ​នីតិកាល​ទី៤​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥​ ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​ខាង​មុខ។​ សមាជិក​ព្រឹទ្ធ​សភា​ថ្មី​ចំនួន​៥៨​រូប​ ក្នុង​ចំណោម​សមាជិក​ទាំង​អស់​៦២​រូប​ ​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​ ​ដោយ​ ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​បាន​ជ្រើស​តាំង​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​កន្លង​ទៅ។​ ​ឯ​សមាជិក​ព្រឹទ្ធ​សភា​៤រូប​ផ្សេង​ទៀត​នឹង​ត្រូវតែង​តាំង​ដោយ ផ្ទាល់​ពី​ព្រះ​មហា​ក្សត្រ​និង​រដ្ឋសភា៕