នៅពេលបច្ចុប្បន្ននេះ ករណីឆ្លងជំងឺកូវីដ១៩ មានជិត ២៩ លានករណីនៅទូទាំងពិភពលោក។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងជំងឺនេះច្រើនជាងគេបំផុត គឺចំនួនជាង ៦ លាន ៤ សែនករណី។
ឥណ្ឌាបានដណ្ដើមលំដាប់ថ្នាក់ទីពីរពីប្រទេសប្រេស៊ីល ដែលមានករណីឆ្លងចំនួន ៤ លាន ៧ សែនករណី។ ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងរដ្ឋ Maharashtra ដែលជារដ្ឋធំជាងគេបំផុតនៅឥណ្ឌា និងជារដ្ឋដែលមានក្រុងហិរញ្ញវត្ថុ Mumbai បានកើនឡើងដល់ជាង ១ លានករណីកាលពីថ្ងៃសៅរ៍ ដែលធ្វើឲ្យរង្គោះរង្គើដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌានៅក្នុងការស្ដារសេដ្ឋកិច្ចរបស់ខ្លួន។
ប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤ លាន ៣ សែនករណី។
អត្ថបទមួយនៅក្នុងព្រឹត្តិប័ត្រវេជ្ជសាស្ត្រ The New England Journal of Medicine បានលើកឡើងថា ការពាក់ម៉ាស់នៅទូទាំងសាកលលោក «ប្រហែលជាអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺនេះបាន ហើយធានាថា ករណីឆ្លងថ្មីកាន់តែច្រើនជាងមុនគឺគ្មានរោគសញ្ញា»។
អត្ថបទនោះបានលើកឡើងទៀតថា ប្រសិនបើការលើកឡើងដូច្នេះត្រឹមត្រូវមែននោះ នោះការពាក់ម៉ាស់អាចក្លាយទៅជាទម្រង់មួយនៃវ៉ាក់សាំងបង្ការជំងឺ «ដែលនឹងជួយបង្កើតប្រព័ន្ធការពារខ្លួន និងកាត់បន្ថយការឆ្លងរាលដាលវីរុសនេះ» ក្នុងអំឡុងពេលដែលពិភពលោកកំពុងរង់ចាំវ៉ាក់សាំងបង្ការជំងឺនេះ៕