ប្រទេសជិត២០០ក្នុងពិភពលោកបានយល់ស្របគ្នាក្នុងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលគេប្រើប្រាស់នៅក្នុងទូរទឹកកក និង ម៉ាស៊ីនត្រជាក់។ នេះជាជំហានយ៉ាងធំមួយក្នុងការទប់ទល់ជាមួយការផ្លាស់ប្តូរអាកាសធាតុ។
កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសនៅថ្ងៃសៅរ៍នេះ នៅក្នុងកិច្ចប្រជុំស្តីពីអាកាសធាតុមួយក្នុងទីក្រុង Kigali ប្រទេសរវ៉ាន់ដា។
លោករដ្ឋមន្រ្តីការបរទេសស.រ.អា John Kerry បានហៅកិច្ចព្រមព្រៀងរបស់ប្រទេសទាំង ១៩៧ នោះថាជាជំហានឆ្ពោះទៅមុខយ៉ាងធំអស្ចារ្យមួយ។
ឧស្ម័ន hydrofluorocarbon ហៅកាត់ថាHFC ដែលផលិតក្នុងរោងចក្រនោះ ត្រូវបានគេយកមកប្រើប្រាស់កាលពីរាប់សិបឆ្នាំមុន ដើម្បីយកមកជំនួសជាតិគីមីដែលនាំឲ្យខូតខាតបរិស្ថាន ប៉ុន្តែក្រោយមកត្រូវគេរកឃើញថាជាមូលហេតុមួយនាំឲ្យពិភពលោកកើនកម្តៅ។ គ្រោះថ្នាក់កើតចេញពីឧស្ម័ននេះកើនឡើង នៅពេលដែលការលក់ទូរទឹកកក និង ម៉ាស៊ីនត្រជាក់ កាន់តែច្រើនខ្លាំងក្នុងប្រទេសកំពុងអភិវឌ្ឍន៏ ដូចជាប្រទេសចិន និង ឥណ្ឌាជាដើម៕