ការ​ឆ្លើយ​ឆ្លង​ពាក្យ​សម្តី​រវាង​អង្គការ​អូតង់​និង​រុស្ស៊ី​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​សង្រ្គាម​ត្រជាក់

លោក Vershbow អគ្គលេខាធិការ​រង​របស់​សម្ព័ន្ធ​មិត្ត​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្រោយ​កិច្ច​ប្រជុំ​របស់​លោក​ជាមួយ​ក្រុម​មន្រ្តី​កំពូល​របស់​ប្រទេស ម៉ាសេដ្ឋាន​ (Macedonia) នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​រដ្ឋធានី​ Skopje ប្រទេស​ម៉ាសេដ្ឋាន​កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អង្គការ​អូតង់​និង​ប្រទេស​រុស្ស៊ី​បានឆ្លើយឆ្លង​ពាក្យ​សម្តី​គ្នា​ដ៏​ក្តៅ​គគុក​ដែល​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ឡើង​វិញ​ពី​សម័យ​សង្គ្រាម​ត្រជាក់ដោយ​មាន​ការ​ចោទ​ប្រកាន់​ពីគម្រោង​ផ្នែក​ភូមិ​សាស្រ្ត​នយោបាយ​ដ៏​គួ​ឲ្យ​ភ័យ​ខ្លាចហើយ​និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​តំបន់​ដែល​មាន​ការ​បែកបាក់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​នោះ។

​លោក Alexander Vershbow ​មន្រ្តី​ស៊ី​វិល​កំពូល​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការ​អូតង់​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​ដែល​មាន​ការ​ខឹង​សម្បារ ​និងចង់​សើរើ​ប្រវត្តិសាស្រ្ត​ឡើង​វិញ​កំពុង​ធ្វើ​អ្វី​ៗ​ដើម្បី​បង្កើតតំបន់​អឺរ៉ុប​មួយ​ឡើង​វិញ​ រួម​មាន​ការ​គូស​ខ្សែ​បន្ទាត់​ព្រំដែន​ឡើង​វិញដោយ​ប្រើ​កម្លាំង​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​គោល​ដៅ​របស់​ខ្លួន។

លោក Vershbow អគ្គលេខាធិការ​រង​របស់​សម្ព័ន្ធ​មិត្ត​បាន​ប្រាប់​សន្និសីទ​នៅ​ក្នុង​ប្រទេស​ឡេតូនី (Latvia) ​ថា គោល​បំណង​របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​ហាក់​ដូច​ជា​បង្វែរ​ប្រទេស​អ៊ុយក្រែនឲ្យ​ទៅ​ជា​រដ្ឋបរាជ័យ​មួយ​ហើយ​ដើម្បី​បង្ក្រាប​និ​ង​ដើម្បី​បង្ខូចសំឡេង​ប្រឆាំងនៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដែល​ពួកគេ​ការពារដល់​ការ​ងើប​បះបោរដែល​បាន​បណ្តេញ​លោក Viktor Yanukovych ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូហើយ​និង​ជា​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​ទៅ។

​លោក​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ខ្លាំងៗ​ប្រឆាំង​នឹង​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង។

​លោក Vershbow ​មាន​ប្រសាសន៍​ទៀត​ថា ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Putin ​ប្រទេស​រុស្ស៊ី​បាន​អភិវឌ្ឍ​ប្រភេទ​នៃ​សង្គ្រាម​ថ្មី​គឺ ​ការ​បំភិត​បំភ័យ​ខាង​យោធា ​ការ​ធ្វើ​អន្តរាគមន៍​តាម​បែប​ក្លែង​បន្លំ ​ការ​ផ្គត់ផ្គង់​អាវុធ​ និង​ប្រព័ន្ធ​អាវុធដោយ​លាក់​កំបាំង ​ការយក​សេដ្ឋ​កិច្ច​ជា​ចំណាប់​ខ្មាំង។

នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​វិញ ​អនុ​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​រុស្ស៊ី ​លោក Anatoly Antonov ​បាន​រិះគន់​ប្រទេស​លោក​ខាង​លិច​ចំពោះ​ការ​ព្យាយាមប្រើ​ឆន្ទៈ​របស់​ខ្លួន​លើ​ប្រទេស​ដ៏ទៃ​ហើយ​និង​ចាត់​ទុក​រុស្ស៊ី​ជា​សត្រូវ។ លោក​បាន​ថ្កោល​ទោស​ការ​សម្រេច​របស់​អង្គការ​អូតង់ដើម្បីបង្កើត​មជ្ឈមណ្ឌល​បញ្ជាការ​និង​ត្រួតត្រា​នៅបណ្តា​រដ្ឋ​ក្នុង​សមុទ្រ​បាល់​ទិកហើយ​នឹង​ប្រទេស​៣​ទៀត​ជា​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​អឺរ៉ុប​ខាង​កើត ​ហើយ​និងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កង​ឯកភាពទី​បញ្ជាការ​ក្នុង​ប្រទេស​ប៉ូឡូញ (Poland) ដែល​ហៅ​ចំណាត់​ការ​ទាំង​នោះ​ថា​ជា​សញ្ញា​ដ៏​ច្បាស់​ច្បាស់​មួយ​ដែល​សម្ព័ន្ធ​មិត្ត​ចាត់​ទុក​រុស្ស៊ី​ដូច​ទៅ​នឹង​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ចំពោះ​សហភាព​សូវៀត៕