ប្រទេសអឺរ៉ុបខ្លះនៅពេលឆាប់ៗនេះអាចត្រូវកាត់ផ្តាច់មិនឲ្យទទួលព័ត៌មានសម្ងាត់ពីសហរដ្ឋអាមេរិក និងព័ត៌មានសំខាន់ៗផ្សេងទៀត ប្រសិនបើពួកគេនៅតែព្យាយាមធ្វើការទាក់ទងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន។
លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Mike Pompeo បានចេញសេចក្តីព្រមាននេះ កាលពីថ្ងៃព្រហស្សតិ៍ បន្ទាប់ពីកិច្ចប្រជុំមួយរបស់ក្រុមមន្ត្រីការបរទេសនៃអង្គការអូតង់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្រុមមន្ត្រីការពារប្រទេស និងស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក បានព្រមានជាច្រើនលើកច្រើនសារ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗ អំពីការកើនឡើងនៃការគំរាមកំហែងដែលថា ព័ត៌មានចែករំលែកគ្នាពាក់ព័ន្ធនឹងការកសាងបណ្តាញរបស់ចិន ឬឧបករណ៍ដែលចិនធ្វើ អាចត្រូវគេលួចចម្លង ឬចែកចាយជាមួយរដ្ឋាភិបាលចិន។
ថ្មីៗនេះ ការព្រួយបារម្ភផ្តោតទៅលើក្រុមហ៊ុន Huawei និង ZTE របស់ចិនដែលសន្យាថានឹងចេញលក់ទូរស័ព្ទចល័ត 5G នៅទូទាំងអឺរ៉ុប។
របាយការណ៍មួយរបស់គណកម្មការសហរដ្ឋអាមេរិកមួយ ដែលផ្តល់ការប្រឹក្សាជូនក្រសួងការពារប្រទេសសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីដើមសប្តាហ៍នេះបានលើកឡើងថា ក្រុមហ៊ុន Huawei ប្រហែលជាកំពុងតែបង្កើតទ្វារក្រោយដើម្បីយកព័ត៌មានពីទូរស័ព្ទចល័តទាំងនោះ៕