មេដឹកនាំអូតង់កំពុងជួបជុំគ្នានៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ សម្រាប់កិច្ចប្រជុំកំពូលដែលនឹងរួមបញ្ចូលការពិភាក្សាអំពីការគាំទ្រប្រទេសអ៊ុយក្រែន និងរបៀបដែលសម្ពន្ធភាពនេះនឹងសម្របខ្លួនសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត។ មេដឹកនាំទាំងនេះត្រូវគេរំពឹងថានឹងព្រមព្រៀងគ្នាជំរុញការគាំទ្រប្រទេសអ៊ុយក្រែន ខណៈប្រទេសនេះការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី។
អគ្គលេខាធិការអូតង់ លោក Jens Stoltenberg បានប្រាប់អ្នកសារព័ត៌មានថា ការជួបជុំនេះនឹងក្លាយជា «កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ និងផ្លាស់ប្តូរសម្រាប់សម្ពន្ធភាពរបស់យើង»។លោកបន្ថែមថា វាកើតឡើងចំពេល «មានវិបត្តិខាងសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតដែលយើងមិនធ្លាប់ជួបប្រទះចាប់តាំងពីសង្គ្រាមលោកលើកទីពីរ»។
ការវាយប្រហាររបស់រុស្ស៊ីក៏កំពុងមានឥទ្ធិពលលើផែនការរយៈពេលយូររបស់អូតង់ ដែលមានគោលគំនិតយុទ្ធសាស្ត្រថ្មី រួមបញ្ចូលនូវអ្វីដែលសម្ព័ន្ធមិត្តនេះហៅថា «បរិយាកាសសន្តិសុខដែលបានផ្លាស់ប្តូរ»។ កិច្ចព្រមព្រៀងតម្រង់ទិសនេះក៏នឹងដោះស្រាយបញ្ហាប្រឈមផ្សេងទៀត រួមមានប្រទេសចិនផងដែរ។
ក្នុងរយៈពេលខ្លី អូតង់កំពុងពង្រឹងការត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងពីខាងក្រៅ ដោយរួមមានការបង្កើនចំនួនកងទ័ពក្រោមការបញ្ជាផ្ទាល់របស់អូតង់ និងកំណត់ទីតាំងអាវុធធុនធ្ងន់បន្ថែមទៀត និងធនធានភស្តុភារ។
ខណៈសមាជិកអូតង់ពិចារណាលើពាក្យស្នើសុំសម្រាប់ប្រទេសស៊ុយអែត និងហ្វាំងឡង់ចូលរួមសម្ពន្ធភាពនេះនោះ កិច្ចប្រជុំកំពូលក៏ត្រូវបានកំណត់ពិភាក្សាអំពីការពង្រឹងភាពជាដៃគូជាមួយប្រទេសមិនមែនសមាជិកអូតង់ផងដែរ។ អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ មានមេដឹកនាំប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។ ការពិភាក្សាផ្សេងទៀតរួមមាន ភេរវកម្ម ការវាយប្រហារតាមអ៊ីនធឺណិត និងការប្រែប្រួលអាកាសធាតុ៕