អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បានព្រមានកាលពីថ្ងៃអាទិត្យថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើឱ្យសុវត្ថិភាពរបស់ទាហានសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកប្រឈមនឹងហានិភ័យ បន្ទាប់ពីលោក Trump ដែលជាបេក្ខជននាំមុខនៅក្នុងការប្រជែងតំណែងបេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋនេះ បាននិយាយថា រុស្ស៊ីគួរតែអាចធ្វើ «អ្វីដែលខ្លួនចង់ធ្វើ» ចំពោះប្រទេសសមាជិកអង្គការអូតង់ណាដែលមិនបានបំពេញតាមគោលដៅចំណាយផ្នែកការពាររបស់ខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Stoltenberg បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ការស្នើណាមួយដែលថាសម្ព័ន្ធមិត្តនឹងមិនការពារគ្នាទៅវិញទៅមកគឺធ្វើឱ្យអន្តរាយដល់សន្តិសុខទាំងអស់របស់យើង ដែលក្នុងនោះរួមមានទាំងសន្តិសុខរបស់សហរដ្ឋអាមេរិកផងដែរ និងធ្វើឱ្យទាហានអាមេរិកាំងនិងទាហានអឺរ៉ុបកាន់តែប្រឈមនឹងហានិភ័យ»។
នៅក្នុងការថ្លែងក្នុងការជួបជុំមួយក្នុងទីក្រុង Conway រដ្ឋ South Carolina កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក Trump បានរំឭកថានៅពេលដែលលោកធ្វើជាប្រធានាធិបតី លោកបានប្រាប់ប្រទេសជាសមាជិកអង្គការអូតង់មួយថា លោកនឹង «លើកទឹកចិត្ត» ប្រទេសរុស្ស៊ីឱ្យធ្វើអ្វីដែលខ្លួនចង់ធ្វើក្នុងករណីដែលប្រទេសជាសមាជិកអង្គការអូតង់មិនបង់ចំណែករបស់ខ្លួនសម្រាប់ការចំណាយរបស់អង្គការនេះ។
ការលើកឡើងរបស់លោក Trump នេះបានបណ្ដាលឱ្យមានក្ដីបារម្ភខ្លាំងក្លានៅក្នុងប្រទេសប៉ូឡូញ ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីកាលពីអតីតកាល និងដែលកំពុងមានអារម្មណ៍វិលវល់ភ័យខ្លាចខ្លាំងទាក់ទិននឹងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនជាប់ប្រទេសប៉ូឡូញនាពេលបច្ចុប្បន្ន៕