មេ​បញ្ជាការ​អង្គការ​អូតង់​៖ បស្ចឹម​លោក​គួរ​ពិចារណា​​បញ្ជូន​អាវុធ​ដើម្បី​ជួយ​អ៊ុយក្រែន​ទប់ទល់​នឹង​ក្រុម​បំបែក​រដ្ឋ

ឧត្តមសេនីយ៍​អាមេរិក​លោក Phlip Breedlove និយាយថា បស្ចឹម​លោក​គួរ​ពិចារណា​បញ្ជូន​អាវុធ​ដើម្បី​ជួយ​អ៊ុយក្រែន​ទប់ទល់​នឹង​ក្រុម​បំបែក​រដ្ឋ។​

អគ្គមេបញ្ជាការ​យោធា​នៃអង្គការអូតង់បាន​និយាយ​ថា ពួក​បស្ចឹមប្រទេស​គួរ​ពិចារណា​អំពីការ​បញ្ជូនគ្រឿងអាវុធ​ការពារទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ជួយ​ប្រទេស​នោះទប់ទល់​នឹង​ការ​ទាក់ទិន​របស់​ប្រទេសរុស្សី​ដែល​កំពុង​បន្ត​ទៅ​មុខ​ក្នុងការ​គាំទ្រ​ពួក​ទាមទារបំបែករដ្ឋ​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​កងកម្លាំង​រដ្ឋាភិបាល​ក្រុង kyiv។​

លោកឧត្តមសេនីយ៍​ Philip Breedlove នៃ​កង​ទ័ព​អាកាស​ស.រ.អា​បាន​និយាយ​ប្រាប់​សន្និសីទ​មួយ​ក្នុងក្រុង Bruxelles ថា​លោក​មិន​គិត​ថា​ «គ្រឿង​ឧបករណ៍​ណា​មួយ​របស់​ស.រ.អា​ ឬ​កម្លាំង​របស់​ប្រទេស​ជាតិ​ណា​មួយ​មិនគួរ​មិន​ដាក់​លើតុជា​ការ​ចាំបាច់​ទេ»។

ក៏​ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ Breedlove បានទទួល​ស្គាល់ថា​ ការ​បញ្ជូន​អាវុធ​ទៅ​ឲ្យ​រដ្ឋាភិបាលក្រុង​ Kyiv អាច​ធ្វើ​ឲ្យ​ប្រទេសអ៊ុយក្រែន​មាន​អស្ថេរភាព​នៅ​ពេល​មាន​កង្វល់អំពី​ការ​អនុវត្តន៍​កិច្ចឈប់បាញ់គ្នា​មិន​មាំទាំមួយ​ដែល​មាន​រយៈពេល​មួយ​ខែ​មក​ហើយ​រវាងពួក​បះបោរលម្អៀង​ទៅ​ខាង​រុស្សី​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន និង​ក្រុម​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន៕