ប្រមុខ​អង្គការ​អូតង់​ព្រមាន​ថា គ្មាន​នរណា​អាច​មើល​ស្រាល​សម្ព័ន្ធភាព​របស់​អង្គការ​អូតង់​នោះ​ឡើយ

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​លោក Lloyd Austin ស្វាគមន៍​អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg ពេល​លោក​អញ្ជើញ​មក​ដល់​ក្រសួងការពារជាតិ​អាមេរិក​កាលពី​ថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។ (AP)

អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​បង្ហាញ​សញ្ញា​ថា វា​ជា​កំហុស​មួយ​ក្នុង​ការ​យល់​ឃើញ​ថា អង្គការ​អូតង់​ចុះខ្សោយ​ដោយសារតែ​ការ​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ឬ​ក៏​ដោយសារ​ភាព​តានតឹង​ដែល​កាន់តែ​ពុះ​កញ្ជ្រោល​ឡើង​រវាង​ប្រទេស​បារាំង​និង​សហរដ្ឋ​អាមេរិក។

ផ្ទុយ​ទៅ​វិញ លោក Stoltenberg បាន​ព្រមាន​ថា អង្គការ​អូតង់​នឹង​នៅតែ​រួម​សាមគ្គី​គ្នា​និង​តាំងចិត្ត​មុតមាំ​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​ការ​គំរាម​កំហែង​ពី​សត្រូវ​ទាំង​ចាស់​និង​ថ្មី។

លោក Stoltenberg បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​សាកលវិទ្យាល័យ Georgetown ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជា​បន្តបន្ទាប់​ជាមួយ​មន្ត្រី​កំពូលៗ​សហរដ្ឋ​អាមេរិក​ថា៖ «យើង​ឃើញ​មាន​ចម្ងល់​អំពី​ភាព​រឹងមាំ​នៃ​ទំនាក់ទំនង​រវាង​អឺរ៉ុប​និង​អាមេរិក​ខាងជើង»។

លោក​បាន​បន្ថែម​ថា៖ «[ការ​ដក​ទ័ព​ពី​អាហ្វហ្គានីស្ថាន​និង​ភាព​តានតឹង​រវាង​បារាំង​និង​អាមេរិក] មិន​បាន​ផ្លាស់ប្ដូរ​ទិដ្ឋភាព​ជា​ទូទៅ​នោះ​ទេ។ យើង​មិន​ដឹង​ថា​វិបត្តិ​បន្ទាប់​គឺជា​អ្វី​នោះ​ឡើយ ប៉ុន្តែ​យើង​ដឹង​ថា ទោះជា​មាន​រឿង​អ្វី​កើតឡើង​ក៏ដោយ គឺ​យើង​មាន​សុវត្ថិភាព​ខ្លាំង​ជាង​នៅ​ពេល​ដែល​យើង​រួបរួម​គ្នា»។

លោក Stoltenberg បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បោះបង់​ចោល​សម្ព័ន្ធមិត្ត​អង្គការ​អូតង់ នៅ​ពេល​ដែល​លោក Biden សម្រេច​ចិត្ត​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​របស់​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី Donald Trump ក្នុង​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន។

មេដឹកនាំ​អង្គការ​អូតង់​រូប​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ខណៈ​ដែល​បារាំង​មាន​ការ «ខក​ចិត្ត» ចំពោះ​កិច្ច​ព្រមព្រៀងAUKUS ដែល​ជា​កិច្ច​ព្រមព្រៀង​សន្តិសុខ​ថ្មី​រវាង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី «សម្ព័ន្ធមិត្ត​អង្គការ​អូតង់​យល់ស្រប​ចំពោះ​ទិដ្ឋភាព​ជា​ទូទៅ​ថា យើង​ចាំបាច់​ត្រូវ​រួបរួម​គ្នា​ដោយ​សហការ​ផងដែរ​ជាមួយ​ដៃគូ​របស់​យើង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»។ នៅ​ក្រោម​កិច្ច​ព្រមព្រៀង AUKUS នេះ សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​នឹង​ចែករំលែក​បច្ចេកវិទ្យា​ជាមួយ​ប្រទេស​អូស្ត្រាលី​ដើម្បី​ជួយ​ប្រទេស​នេះ​ផលិត​នាវា​មុជ​ទឹក​ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ៕