ប្រធាន​អង្គការ​អូតង់​សរសើរ​ជប៉ុន​ដែល​មាន​ផែនការ​ពង្រីក​ការចំណាយលើ​វិស័យ​​​ការពារ​ប្រទេស

អគ្គលេខាធិការ​អង្គការ​អូតង់ លោក Jens Stoltenberg (ឆ្វេង) ចាប់​រលាក់ដៃ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida នៅ​ទីក្រុង​តូក្យូ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣។

ប្រធាន​អង្គការ​អូតង់​នៅ​ថ្ងៃ​ពុធ​នេះ​បាន​សរសើរ​ផែនការ​របស់​ប្រទេស​ជប៉ុន​ចំពោះ​ការ​បង្កើន​ទ្វេ​ដង​នូវ​ការចំណាយ​វិស័យ​ការពារ​ជាតិ​ដោយ​និយាយ​ថា ​ការសន្យា​នេះ​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការដោះស្រាយ​របស់​ជប៉ុន​ចំពោះ​បញ្ហា​សន្តិសុខ​កាន់តែ​ខ្លាំង​ឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​ពិភពលោក។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP។

ថ្លែង​នៅ​ក្នុង​ទីក្រុង​តូក្យូ លោក Jens Stoltenberg បាន​និយាយ​ថា ការបន្ត​ផ្តោតយក​ចិត្ត​ទុកដាក់​របស់​ជប៉ុន​លើ​សន្តិសុខ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​កា្លយ​ជា​ដៃគូ​កាន់តែ​ខ្លាំង​ឡើង​«ដើម្បី​សន្តិភាព»។

លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅឯ​សាកលវិទ្យាល័យ Keio ថា៖ «ខ្ញុំ​សប្បាយ​រីករាយ​ដែល​ជប៉ុន​កំពុង​រៀបចំ​ផែនការ​ថវិកា​យោធា​ទៅដល់​ការកំណត់​របស់​អង្គការ​អូតង់​ដែល​មាន២ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​សម្រាប់​វិស័យ​ការពារ​ជាតិ»។

អស់​រាប់​ទសវត្សរ៍​មក​ហើយ ជប៉ុន​បាន​កម្រិត​ការចំណាយ​លើ​វិស័យ​យោធា​ប្រហែល១ ភាគរយ​នៃផលិតផល​សរុប​ក្នុង​ស្រុក ក៏ប៉ុន្តែ កាលពី​ចុងឆ្នាំ​ទៅ ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី Fumio Kishida បាន​យល់ព្រម​យុទ្ធសាស្ត្រ​សន្តិសុខ​ថ្មី​រួមមាន​ផែនការ​ដើម្បី​បង្កើន​ការចំណាយ​ដល់​ទៅ២ភាគរយ​នៃផលិតផល​សរុប​ក្នុង​ស្រុកនៅ​កំណត់​ឆ្នាំ​សារពើពន្ធ​២០២៧។

លោក Stoltenberg បាន​មាន​ប្រសាសន៍​ទៀត​ថា«ការណ៍​នេះ​បង្ហាញ​ថា ​ជប៉ុន​បាន​គិតគូ​យ៉ាង​ហ្មត់ចត់​អំពី​សន្តិសុខ​អន្តរជាតិ»។

ការកើនឡើង​នូវ​ការគំរាមកំហែង​ពី​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ជើង​ និង​សង្គ្រាម​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មាន​ការគាំទ្រ​ជា​សាធារណៈ​ចំពោះ​ការចំណាយ​ខាង​យោធា​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន។

លោក Stoltenberg បាន​ជួប​ជាមួយ​លោក Kishida កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ហើយ​បាន​និយាយក្រោយមក​ថា​ លោក​ទាំង២បាន​ព្រមព្រៀង​ថា ​«នៅតែ​រួបរួម​គ្នា​យ៉ាង​ខ្លាំង»​នៅ​ក្នុង​ការប្រឈម​ការគំរាម​កំហែង​សន្តិសុខ​ពី​ប្រទេស​ចិន កូរ៉េ​ខាង​ជើង​ និង​សង្គ្រាម​នៅ​អ៊ុយក្រែន៕