មន្ត្រីជាន់ខ្ពស់បំផុតរបស់ប្រទេសបារាំងនិងអង្គការសហប្រជាជាតិ មានគំនិតសុទិដ្ឋិនិយមអំពីឱកាសក្នុងការសម្រេចបានកិច្ចព្រមព្រៀងដ៏មានមហិច្ឆតាមួយស្តីអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលនឹងធ្វើឡើងនៅខែក្រោយនេះ នៅចំពេលដែលរដ្ឋមន្ត្រីផ្នែកថាមពលនិងបរិស្ថានមកពីប្រទេសប្រមាណ៧០ បានបូកសរុបការពិភាក្សាសំខាន់ៗជាច្រើន នៅក្នុងសប្តាហ៍មុននៅទីក្រុងប៉ារីស មុនពេលដែលជំនួបកំពូលអំពីបញ្ហាអាកាសធាតុនឹងត្រូវធ្វើឡើងនៅក្នុងខែធ្នូនេះ។
លោក Laurent Fabius រដ្ឋមន្ត្រីការបរទេសបារាំងបានប្រាប់សន្និសីទសារព័ត៌មានថា៖ យើងបានឈានដល់់ជំហានសំខាន់មួយជាមួយនឹងការធ្វើសន្និសីទភាគីពាក់ព័ន្ធលើកទី២១ ឬ (Pre-Cop21)។ លោកបានបន្ថែមថា៖ ប្រជាជាតិទាំងអស់មានកាតព្វកិច្ចក្នុងការធ្វើឲ្យជោគជ័យនៅក្នុងសន្និសីទស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ ដែលកំណត់ធ្វើពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ។
ក្នុងចំណោមកិច្ចការដែលវិវត្តទៅមុខលើបញ្ហានេះ ប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងស៊ូដង់ បានប្រកាសថា ពួកគេបានដាក់បញ្ជូនផែនការអាកាសធាតុរបស់ពួកគេរួចរាល់ហើយ ដែលធ្វើឲ្យចំនួនប្រទេសដែលបានផ្តល់ផែនការជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលនៃការឡើងកម្ដៅភពផែនដីដ៏ឆាប់រហ័សនេះ កើនដល់១៥៨ប្រទេស។
លោក Fabius ដែលប្រទេសរបស់លោកនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីអាកាសធាតុ ដែលគេហៅជាផ្លូវការថា សន្និសីទនៃភាគីពាក់ព័ន្ធលើកទី២១ (COP21) ក៏បានអះអាងដែរថា ក្រុមរដ្ឋមន្ត្រីដែលបានចូលរួមទាំងនោះ បានធ្វើឲ្យប្រសើរលើផ្នែកផ្សេងៗចំនួនប្រាំ រួមមានការវាយតម្លៃអំពីការរីកចម្រើនក្នុងការកាត់បន្ថយឧស្ម័នកាបូនិច រៀងរាល់៥ឆ្នាំម្តង។
លោកស្រី Christiana Figueres ប្រធានផ្នែកអាកាសធាតុនៃអង្គការសហប្រជាជាតិថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ដំណឹងល្អនោះគឺ គ្មានអ្នកណាម្នាក់រង់ចាំកិច្ចព្រមព្រៀងដែលនឹងធ្វើឡើងនៅទីក្រុងប៉ារីស ឬរង់ចាំរហូតដល់ឆ្នាំ២០២០ នៅពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចូលជាធរមានដើម្បីអនុវត្តកិច្ចការនេះ នោះទេ ។ អ្នកស្រីបានបន្ថែមថា កិច្ចព្រមព្រៀងអាកាសធាតុដ៏រឹងមាំមួយ ពិតជាអាចសម្រេចបាននៅទីក្រុងប៉ារីស នៅខែក្រោយនេះ»។
ការព្រួយបារម្ភមានការកើនឡើង
ការប្រជុំត្រៀមទុកមានរយៈកាលពេលបីថ្ងៃដែលធ្វើឡើងកាលពីសប្តាហ៍មុននេះ កើតមានឡើងនៅចំពេលដែលមានភស្តុតាងថ្មីពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើនឡើង និងផលប៉ះពាល់ដ៏អាក្រក់របស់ឧស្ម័ននោះ នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។
កាលពីថ្ងៃទី៩ ខែវិច្ឆិកា អង្គការឧតុនិយមពិភពលោក បានរាយការណ៍ថា កម្រិតនៃឧស្ម័នផ្ទះកញ្ចក់បានឈានដល់កំណត់ត្រាខ្ពស់មួយទៀត។ ការិយាល័យទទួលបន្ទុកផ្នែកធាតុអាកាសរបស់ប្រទេសអង់គ្លេសក៏បាននិយាយផងដែរថា ភពផែនដីបានបានឡើងកម្តៅ ១អង្សាសេ រួចទៅហើយ តាំងពីកម្រិតមុនសម័យឧស្សាហកម្ម។ ប្រទេសចំនួនពាក់កណ្តាលដែលត្រូវបានគេកំណត់ថាឡើងដឺក្រេកម្តៅ ២អង្សាសេ កំពុងធ្វើការឆ្ពោះទៅរកជំនួបកំពូលនៅទីក្រុងប៉ារីស។ លើសពីចំណុចចាប់ផ្តើមទាំងនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានព្រមានអំពីផលប៉ះពាល់នៃបម្រែបម្រួលអាសធាតុថា នឹងអាចមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ហើយមិនអាចវិលត្រឡប់ថយក្រោយបានឡើយ។
របាយការណ៍ដាច់ដោយឡែកពីរទៀតក៏បានអធិប្បាយអំពីទីក្រុងធំៗដែលនៅទាបជាងទឹកសមុទ្រ នៅពេលដែលភពផែនដីឡើងកម្តៅ វានឹងធ្វើឲ្យកម្រិតទឹកសមុទ្រកើនជាងមុន ហើយបានទាញមនុស្សរាប់លានអ្នកបន្ថែមទៀតឲ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ។
អ្នកស្រី Figueres និយាយថា៖ «យើងកំពុងឈានដល់លទ្ធភាពចុងក្រោយក្នុងការប្តូរទិសដៅនៃការបញ្ចេញឧស្ម័ន ដែលនៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ នាពេលបច្ចុប្បន្ននេះ។ យើងត្រូវតែធ្វើវាឲ្យទៅដល់ចំណុចមួយដែលមានភាពប្រសើរឡើងវិញ ហើយការបញ្ចេញឧស្ម័នទាំងនោះចាប់ផ្តើមធ្លាក់ចុះ»។
កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិតីបារាំង Francois Hollande បានជួបជាមួយសមភាគីមកពីបណ្តាប្រទេសអាហ្វ្រិកជាច្រើន ដែលត្រូវបានចាត់ទុកជាប្រទេសដែលងាយរងគ្រោះបំផុតពីបម្រែបម្រួលអាកាសធាតុនិងឥទ្ធិពលរបស់វា។
លោក Haile Mariam Dessalegn នាយករដ្ឋមន្ត្រីនៃប្រទេសអេត្យូពីបាននិយាយថា៖ ទ្វីបអាហ្វ្រិកកំពុងទន្ទឹងរង់ចាំលទ្ធផលល្អពីសន្និសីទនៃភាគីពាក់ពន្ធលើកទី២១ នេះ។ វាជាបញ្ហាដ៏មានសារៈសំខាន់សម្រាប់យើង»។ លោកបានមានប្រសាសន៍ដូច្នេះ ក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងពេលដែលមេដឹកនាំនៃបណ្តាប្រទេសអាហ្វ្រិកបានអំពាវនាវរកការគាំទ្រលើការផ្គត់ផ្គង់អគ្គិសនីដល់ទ្វីបនេះ និងបានភ្ជាប់រវាងបម្រែបម្រួលអាកាសធាតុជាមួយនឹងរលកនៃជនភៀសខ្លួនដែលបានរត់គេចចេញពីទ្វីបរួចទៅហើយ។
ការផ្តល់ហិរញ្ញប្បទានសម្រាប់អាកាសធាតុនៅក្នុងបណ្តាប្រទេសក្រីក្រ នៅតែជាចំណុចរាំងស្ទះដ៏ធំមួយ បើទោះជាការចន្លោះប្រហោងនេះបានរួមតូចដោយនៅសល់តែ១០០ពាន់លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំក៏ដោយ ក្នុងការផ្តល់ហិរញ្ញប្បទានផ្តោតលើការជួយប្រទេសទាំងនោះដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងប្រឈមមុខដោះស្រាយបញ្ហាឥតព្រៀងទុកកើតចេញពីការឡើងកម្តៅសកលលោក។ សេចក្ដីព្រាងនៃសន្ធិសញ្ញាទីក្រុងប៉ារីសស្តីអំពីបម្រែបម្រួលអាកាសធាតុត្រូវបានគេសម្រិតសម្រាំង ហើយត្រូវបានពង្រួមកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។ ទោះយ៉ាងណា នៅមានចំណុចក្នុងវង់ក្រចកជាច្រើន ដែលតាមសេចក្ដីរាយការណ៍មកថា នៅមានបញ្ហានៅឡើយ ទាក់ទិននឹងការប្រើភាសា ដែលនេះបង្ហាញឲ្យឃើញពីចំណុចជាច្រើនដែលមិនទាន់បានដោះស្រាយ។
នយោបាយលើកិច្ចព្រមព្រៀង
លើសពីក្តីបារម្ភផ្នែកបរិស្ថាន ការសម្រេចបានកិច្ចព្រមព្រៀងដ៏មានមហិច្ឆតាមួយស្តីអំពីបម្រែបម្រួលអាកាសធាតុ ក៏អាចបង្កើនជោគរាសីនយោបាយរបស់លោក ប្រធានាធិតី Hollande ដែលកំពុងប្រឹងប្រែងធ្វើឲ្យកម្រិតប្រជាប្រិយភាពដែលធ្លាក់ចុះរបស់លោក វិលត្រលប់ទៅរកភាពល្អប្រសើរវិញ។ អ្នកវិភាគនយោបាយម្នាក់បានទស្សទាយថា គណៈបក្សសង្គមនិយមរបស់គាត់នឹងទទួលជ័យជម្នះក្នុងអំឡុងពេលបោះឆ្នោតតាមតំបន់របស់ប្រទេសបារាំងក្នុងខែធ្នូ។
ជំនួយការដ៏ស្និទ្ធស្នាលម្នាក់របស់លោក Hollande បានប្រាប់កាសែតបារាំងផ្សាយប្រចាំសប្តាហ៍ Journal du Dimanche ថា៖ «គោលបំណងនៃសន្និសីទអាកាសធាតុនេះ គឺមិនមែនដើម្បីការបោះឆ្នោតនោះទេ។ ក៏ប៉ុន្តែ បើសិនជាសន្និសីទទីក្រុងប៉ារីសទទួលបានជោគជ័យ មនុស្សម្នានឹងនិយាយថាលោក (Hollande) ទទួលបានជោគជ័យលើរឿងជាច្រើន»។
ទោះបីជាយ៉ាងណា ឱកាសក្នុងការសម្រេចបានកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ លោក Nicolas Hulot បេសកជនពិសេសរបស់លោក Hollande បាននិយាយកាលពីខែតុលាថា «ភាពបរាជ័យអាចនឹងកើតមានឡើង»៕
ប្រែសម្រួលដោយ នៀម ឆេង