គណបក្សកម្លាំងជាតិដែលជាគណបក្សថ្មីមួយបង្កើតឡើងដោយអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិបានស្នើឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ពិនិត្យមើលលទ្ធភាពក្នុងការដោះលែងអ្នកទោសដែលជាប់ឃុំ ពាក់ព័ន្ធនឹងរឿងនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងមេដឹកនាំសហជីពទាំងអស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់គណបក្សកម្លាំងជាតិ ដែលបានដាក់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ចាប់តាំងពីចុងឆ្នាំ ២០១៧ រហូតមកទល់ចុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាត្រូវបានសហគមន៍ជាតិ-អន្តរជាតិមើលឃើញថា កំពុងមានវិបត្តិនយោបាយផ្ទៃក្នុង រហូតបណ្តាលឱ្យសហគមន៍អន្តរជាតិកាត់ផ្តាច់ប្រព័ន្ធ អនុគ្រោះពន្ធនាំចូលទៅសហភាពអឺរ៉ុប (EBA) ២០% ខណៈសហរដ្ឋអាមេរិកមិនបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនាំចូល(GSP) ចាប់តាំងពីដំណាច់ឆ្នាំ ២០២០ មក»។
គណបក្សកម្លាំងជាតិបញ្ជាក់ថា អ្នកនយោបាយសំឡេងជំទាស់ មន្រ្តីសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល សកម្មជនសហជីព សកម្មជនដីធ្លី សកម្មជនបរិស្ថាន និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រងការបង្រ្កាបជាបន្តបន្ទាប់នៅក្នុងការដឹកនាំរបស់រដ្ឋាភិបាលអាណត្តិមុន។
សេចក្តីថ្លែងការណ៍របស់គណបក្សនេះបន្ថែមថា ប្រមុខដឹកនាំរដ្ឋាភិបាលគួរពិនិត្យលទ្ធភាព ដោះលែងអ្នកកំពុងជាប់ឃុំរឿងនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងមេដឹកនាំសហជីព ដែលរួមមាន លោក កឹម សុខា លោក ថាច់ សេដ្ឋា លោក កាក់ កុម្ភារ លោក សៀម ភ្លុក លោក តូច បឹង លោក ខឿន វីរ៉ាត់ លោកស្រី នូ សុទ្ធារី លោកចៅ វាសនា កញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរ ជាដើម ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធវិញ។
លោក រ៉ុង ឈុន ទីបឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតអនុប្រធានគណបក្សភ្លើងទៀន ថ្លែងថា គណបក្សកម្លាំងជាតិចេញសេចក្តីការណ៍នេះគឺដោយសារតែគណបក្សបានមើលឃើញថា ការឃុំខ្លួនពួកគេទាំងអស់នោះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ ជាជាងការអនុវត្តច្បាប់។
លោកថ្លែងថា៖ «ការដែលយើងពិនិត្យមើលរឿងទាំងអស់នេះ វាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ អ៊ីចឹងហើយបានជាគណបក្សកម្លាំងជាតិស្នើសុំឱ្យនាយករដ្ឋមន្ត្រីធ្វើអន្តរាគមន៍ករណីអ្នកជាប់ឃុំមនសិកា ដូចជាករណីលោក កឹម សុខា លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ ជាមេសហជីពរួមទាំងអ្នកសកម្មជននយោបាយផ្សេងៗទៀតឱ្យពួកគាត់មានសេរីភាពឡើងវិញ»។
លោកបន្ថែមថា៖ «បើសិនជារដ្ឋាភិបាលមិនយកចិត្តទុកដាក់មិនឆ្លើយតប មិនដោះស្រាយ បង្ហាញថា រដ្ឋាភិបាលមិនទទួលខុសត្រូវចំពោះសុខទុក្ខវេទនារបស់ប្រជាពលរដ្ឋ ពីព្រោះគណបក្សប្រឆាំងគ្រាន់តែជាកញ្ចក់មួយសម្រាប់ឱ្យរដ្ឋាភិបាលឆ្លុះក៏ដូចជាគណបក្សមួយដើម្បីបំពេញបន្ថែមនូវអ្វីដែលរដ្ឋាភិបាលមិនបានធ្វើ មិនបានអនុវត្ត។ អ៊ីចឹងអ្នកដែលមានតួនាទីដែលត្រូវទទួលខុសត្រូវក្នុងការដោះស្រាយរឿងទាំងអស់នេះ រដ្ឋាភិបាលហ្នឹងឯង»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់វីអូអេថា ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយ«ល្អណាស់» ហើយមិនមានវិបត្តិនយោបាយអ្វីឡើយ។
លោកថ្លែងថា៖ «ខ្ញុំអត់ដឹងថា តើគណបក្សនយោបាយឬក៏អ្នកនយោបាយមួយចំនួនហ្នឹងគាត់កំពុងតែគិតអីទេ។ គាត់ចង់ដឹកនាំប្រទេសទៅផ្លូវអីគេ ទៅតាមនីតិរដ្ឋ ឬ នីតិមាត់? សំណើរបស់គាត់នេះបញ្ជាក់ថា គាត់គឺគាត់កំពុងតែស្នើឱ្យរាជរដ្ឋាភិបាលដឹកនាំប្រទេសតាមនីតិមាត់ ពីព្រោះចង់ឱ្យនាយករដ្ឋមន្ត្រីលោកស្នើបញ្ជាទៅតុលាការទៅឱ្យដោះលែងអ្នកនេះ ឱ្យដោះលែងអ្នកនោះ តាមអំពើចិត្ត។ នេះមិនមែនគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទេ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ជាទិដ្ឋភាពច្បាប់នាយករដ្ឋមន្រ្តីមិនមានសិទ្ធិលូកដៃនៅក្នុងកិច្ចការរបស់តុលាការឡើយ។ លោកថា បើសិនជាខាងគណបក្សកម្លាំងជាតិចង់ជួយដល់ជនជាប់ចោទទាំងអស់នោះពិតមែន គណបក្សត្រូវចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ មិនមែនស្នើសុំឱ្យនាយករដ្ឋមន្រ្តីដោះលែងនោះទេ។
លោកលើកឡើងថា៖ «សុំឱ្យគាត់ពិនិត្យមើលទៅលើទិដ្ឋភាពច្បាប់ រដ្ឋធម្មនុញ្ញនិងច្បាប់ជាតិដែលមានជាធរមាន ថា តើអ្នកណាដែលមានសមត្ថិភាពដោះលែងជនជាប់ចោទក្នុងដំណើរការនីតិវិធីរបស់តុលាការ។ បើសិនជាគាត់ចង់ជួយដល់ជនជាប់ចោទទាំងអស់នោះ គាត់ត្រូវចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ហើយប្រើសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់យ៉ាងម៉េច? ផ្អែកលើរដ្ឋធម្មនុញ្ញនិងបញ្ញត្តិច្បាប់ដទៃទៀតដែលមានជាធរមាន»។
គណបក្សកម្លាំងជាតិបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការដោះលែងអ្នកជាប់ឃុំទាំងនោះដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុង ឆ្ពោះទៅសាមគ្គីភាព និងឯកភាពជាតិពិតប្រាកដឡើងវិញ ដែលជាមូលដ្ឋានក្នុងការស្តារប្រព័ន្ធអនុគ្រោះពន្ធដែលបាត់បង់៕