សមត្ថកិច្ចកម្ពុជាអះអាងថា មានជនក្លែងបន្លំជាមេនគរបាលជាតិនៅលើកម្មវិធីសន្ទនាអេឡិចត្រូនិក Telegram ដែលពួកគេថា ប៉ុនប៉ងសាកសួរព័ត៌មាន«សន្ដិសុខជាតិ»ពីមន្ត្រីកងទ័ពជើងទឹក និងបំផុសបំផុលក្នុងកម្លាំងកងទ័ព។
ការប្រកាសជាប់ៗគ្នា ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ដោយអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងថា មានជនក្លែងបន្លំជាអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន និងអគ្គស្នងការរងលោក ឌី វិជ្ជា ទទួលបន្ទុកជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ។
ករណីនេះកើតដំបូង ដោយលោក ផាត វិបុលសុភ័ក្ត្រ ប្រធាននាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារជាតិ រាយការណ៍ទៅលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ កាលពីថ្ងៃព្រហស្បតិ៍។
នាយទាហានរូបនេះ បានសរសេរក្នុងលិខិតមួយ ដោយលើកឡើងថា មានគណនី Telegram ប្រើឈ្មោះ ឌី វិជ្ជា (Dy Vichea) ទាក់ទងផ្ញើសារជា «File Zip» ទៅលោក ស៊ាន វឌ្ឍនា នាយផ្នែកទាក់ទងអន្តរជាតិកងទ័ពជើងទឹក។
ក្នុងលិខិតផ្ញើជូនលោក សៅ សុខា នោះ លោក ផាត វិបុលសុភ័ក្ត្រ បានសរសេរថា៖
«នេះជាការក្លែងបន្លំសុទ្ធសាធដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការផ្ទៃក្នុងរវាងបញ្ជាការដ្ឋានកងទ័ពជើងទឹក និងនាយកដ្ឋានទាក់ទងអន្តរជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ»។
នាយកដ្ឋានកណ្ដាលសន្ដិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានលោក ឌី វិជ្ជា ជាប្រធានផងដែរនោះ នៅថ្ងៃទី១០ ខែធ្នូ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីករណីខាងលើថា មានជនក្លែងឈ្មោះលោក ទាក់ទងទៅមន្ត្រីយោធា «ស្នើសុំនិងសាកសួរអំពីព័ត៌មានសន្ដិសុខជាតិ»។
សេចក្តីប្រកាសដដែលឲ្យដឹងថា ទង្វើនេះ «ធ្វើឡើងដោយជនអនាមិកក្នុងគោលដៅ ដើម្បីចែកចាយនូវមេរោគកុំព្យូទ័រ»។
នៅថ្ងៃសុក្រនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានចេញសេចក្ដីប្រកាសមួយដែរ ដោយរាយការណ៍អំពីវត្តមាននៃជន«អនាមិក»ប្រើឈ្មោះលោក នេត សាវឿន ទាក់ទងមន្ត្រីកងទ័ពជើងទឹក។
អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងទៀតថា ជនទាំងនោះមាន«គោលបំណងទុច្ចរិត ធ្វើឱ្យមានការភ័ន្តច្រឡំ បំផុសបំផុល នាំឱ្យមានចលនាក្នុងជួរកងកម្លាំងប្រដាប់អាវុធ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ VOA នៅថ្ងៃសុក្រនេះថា កម្លាំងនគរបាលកំពុងតាមដានវែកមុខអ្នកដែលប្រព្រឹត្ត ប៉ុន្តែលោកមិនអាចបញ្ជាក់ថា តើការស៊ើបអង្កេត បានតម្រុយអ្វីខ្លះហើយនោះទេ។
នៅពេលត្រូវបានសួរអំពីបណ្ដាជនសង្ស័យថាជាក្រុមណា ឬជនជាតិណា មន្ត្រីនាំពាក្យនគរបាលរូបនេះ មានប្រសាសន៍ថា៖
«ចាំពូពិចារណាមួយអាទិត្យអីសិនមើល៍ហ្អា តើខាងណា? បើមិនទាន់មានតម្រុយផង យើងទៅសង្ស័យគេផ្ដេសផ្ដាសយ៉ាងម៉េច»។
មន្ត្រីប៉ូលិសរូបនេះ បានបន្ថែមថា៖ «បើមានតម្រុយសមត្ថកិច្ចវាយខ្នោះហើយ»។
នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះសារក្លែងបន្លំទាំងនោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន តែក្រោយមក បានលុបចោលវិញនូវខ្លឹមសារនៃការឆ្លើយឆ្លងពីសំណាក់គណនីដែលខ្លួនថា បន្លំក្រោមឈ្មោះលោក នេត សាវឿន។
ក្នុងនោះគេឃើញឈ្មោះគណនី Neth Savoeun បានព្យាយាមសួរគណនី Telegram មួយដែលមិនបានបង្ហាញឈ្មោះ ដោយហាក់ដូចជាព្យាយាមសាកសួរអំពីករណីក្លែងបន្លំមុនដែលប្រើឈ្មោះលោក Dy Vichea។
អ្នកប្រើប្រាស់គណនី Telegram ខាងលើបានតបថា «បាទ លោកនាយ! ខ្ញុំបានទទួលព័ត៌មាននេះដែរពីសំណាក់នាយផ្នែកទាក់ទងបរទេសនៃកងទ័ពជើងទឹកខេមរភូមិន្ទ»។
គណនីដែលប្រើឈ្មោះ Neth Savoeun នោះក៏តបថា៖ «ខាងខ្ញុំឯនេះ កំពុងចងក្រងអង្គហេតុនៃគម្រោងការណ៍[នៃការក្លែងបន្លំ]នេះ ព្រោះឥរិយាបថនេះ មានសភាពគ្រោះថ្នាក់ណាស់។ តើនរណានៅ[មូលដ្ឋានសមុទ្រ]រាម ដែលយើងអាចទាក់ទងបាន ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ហាពាក់ព័ន្ធនេះ»។
ភ្លាមនោះ គណនី Telegram ដែលមិនបង្ហាញឈ្មោះខាងលើ ហាក់បានសម្ដែងការសង្ស័យ និងទាមទារឱ្យគណនីដែលប្រើឈ្មោះ Neth Savoeun នោះបង្ហាញអត្តសញ្ញាណពិតប្រាកដ ដោយឱ្យបន្លឺសារសំឡេង ដើម្បីផ្ទៀងផ្ទាត់ តែត្រូវបដិសេធដោយលើកហេតុផលថា ជាប់ធ្វើចត្តាឡីស័ក។
ដោយលើកហេតុផលថា ខ្លួនមានគ្រុនក្ដៅនិងឈឺបំពង់ក គណនីដែលប្រើឈ្មោះ Neth Savoeun នោះក៏បានបដិសេធ ហើយបែរជាបានផ្ញើឯកសារមួយឈ្មោះ «Document_Ream.zip»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖
«ពួកហេគឃ័រ (Hacker) នេះ វាសុទ្ធតែមានចេតនាទុច្ចរិត ដើម្បីយកទិន្នន័យទៅធ្វើអ្វីផ្ដេសផ្ដាស។ យើងមិនដឹងគោលបំណងច្បាស់ទេ តែដឹងតែទុច្ចរិតមិនល្អហើយ»។
លោកបន្ថែមថា ករណីនេះ ជាតឹកតាងថា ពិតជាត្រូវការច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលក្រសួងមហាផ្ទៃកំពុងរៀបចំ។
លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាឯករាជ្យផ្នែកសន្ដិសុខបច្ចេកវិទ្យា បានឯកភាពអំពីវត្តមាននៃច្បាប់ដែលទាក់ទងនឹងការប្រឆាំងបទល្មើសបច្ចេកវិទ្យា តែចាំបាច់ត្រូវឆ្លងកាត់ការពិគ្រោះយោបល់លម្អិតលើអត្ថន័យខ្លឹមសារជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រាកដថា មិនប៉ះពាល់សិទ្ធិរបស់អ្នកប្រើប្រាស់ប្រព័ន្ធសង្គម និងអ៊ីនធឺណិត។
លោកបន្តថា រដ្ឋក៏គួរតែមានបទបញ្ញត្តិ«ពិធីការសន្ដិសុខ (Security Protocol)»កំណត់ពីយន្តការ ប្រាស្រ័យទាក់ទងបញ្ជូនសារផ្ទៃក្នុងរបស់ខ្លួនថា ព័ត៌មាន ឬទិន្នន័យបែបណាគួរផ្ញើតាមប្រព័ន្ធមួយណា។
លោកមានប្រសាសន៍ថា៖
«ដល់ពេលយើងអត់មានអាហ្នឹង ស្អីក៏មកតែតាមហ្នឹង ស្អីក៏មកតែតាមហ្នឹង អាហ្នឹងវាជួបប្រទះដូចបញ្ហាខាងលើ។ ទីពីរបញ្ហាបែកធ្លាយនៃទិន្នន័យដែលយើងអត់ដឹង ដែលអាចប្រឈមមុខ។ តែបើយើងមានពិធីការសន្ដិសុខ (Security Protocol) ទៅលើការប្រើប្រាស់បណ្ដាញសង្គម សម្រាប់មន្ត្រីជាន់ខ្ពស់ នោះខ្ញុំគិតថា ការកាត់បន្ថយខ្លះ ឬភាគច្រើនសម្រាប់ហានិភ័យនៃការវាយប្រហារបែបនេះ»។
តំណាងក្រុមហ៊ុន Telegram មិនទាន់ឆ្លើយតបនឹងសារសុំការបំភ្លឺផ្ទៀងផ្ទាត់របស់VOA នៅឡើយទេ គិតត្រឹមរសៀលថ្ងៃសុក្រនេះ។
គួរបញ្ជាក់ផងដែរថា លោក ឌី វិជ្ជា ជាកូនប្រសាររបស់លោក ហ៊ុន សែន រីឯលោក នេត សាវឿន ក៏ជាក្មួយប្រសាររបស់លោកនាយករដ្ឋមន្ត្រីផងដែរ៕