អភិបាលរដ្ឋ Minnesota និងអភិបាលរដ្ឋ ១១ ផ្សេងទៀតបានកោះហៅជំនួយពីកងទ័ពបម្រុងថ្នាក់ជាតិ ខណៈពេលដែលពួកគេប្រឈមនឹងការតវ៉ាហិង្សាមួយយប់ទៀត ដែលបង្កឡើងដោយសារការស្លាប់របស់លោក George Floyd អាយុ ៤៦ ឆ្នាំ ដែលជាជាតិសាសន៍ស្បែកខ្មៅ ដោយបានស្លាប់ក្រោយពីប៉ូលិសស្បែកសម្នាក់សង្កត់ជង្គង់ពីលើករបស់លោកអស់ជាង ៨ នាទី នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota។
៤ យប់កន្លងមកហើយ ការតវ៉ាដែលផ្ដើមឡើងដោយអហិង្សាបានប្រែក្លាយជាការលួចប្លន់ ដុតកម្ទេច និងអំពើហិង្សានៅក្នុងទីក្រុង Minneapolis និងទីក្រុង St. Paul ដែលនៅក្បែរនោះ ក៏ដូចទីក្រុងផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិក។
លោក Tim Walz អភិបាលរដ្ឋ Minnesota បាននិយាយថា៖ «យើងស្ថិតក្រោមការវាយប្រហារ» ហើយលោកបានសន្យាថានឹងប្រើ «កម្លាំងទាំងអស់» ដើម្បីស្ដារស្ថានការណ៍ឡើងវិញ។
អភិបាលរដ្ឋចំនួន ១១ ផ្សេងទៀតដូចជារដ្ឋ Georgia រដ្ឋ Kentucky រដ្ឋ Ohio រដ្ឋ Wisconsin រដ្ឋ Colorado រដ្ឋ Utah រដ្ឋ Washington រដ្ឋ California រដ្ឋ Tennessee រដ្ឋ Missouri និងរដ្ឋ Texas ក៏បានកោះហៅកងទ័ពបម្រុងថ្នាក់ជាតិ ដើម្បីជួយបង្ក្រាបការតវ៉ាដែលនៅតាមតំបន់ជាច្រើនបានក្លាយជាអំពើហិង្សា។
យើងយោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press រាប់ត្រឹមថ្ងៃសោរ៍កន្លងទៅនេះ មានមនុស្សជិត ១៤០០ នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស។ ចំនួននៃការចាប់ខ្លួននេះអាចកើនឡើងខ្ពស់ជាងនេះ ដោយសារការតវ៉ានៅតែបន្តពេញមួយយប់។
អភិបាលក្រុងមួយចំនួននៅទូទាំងសហរដ្ឋអាមេរិកបានប្រកាសបម្រាមគោចរនៅពេលយប់ បន្ទាប់ពីអំពើហិង្សាបានកើតឡើងនៅក្នុងទីក្រុងរបស់ពួកគេដូចជាទីក្រុង Los Angeles ទីក្រុង Seattle ទីក្រុង Atlanta ទីក្រុង Denver ទីក្រុង Philadelphia ទីក្រុង Portland នៃរដ្ឋ Oregon និងទីក្រុង Columbiaនៃរដ្ឋ South Carolina។
លោកប្រធានាធិបតី Donald Trump បានថ្លែងអំពីភាពវឹកវរនេះកាលពីរសៀលថ្ងៃសៅរ៍នៅឯមជ្ឈមណ្ឌលអវកា Kennedy ដែលជាកន្លែងដែលលោកមើលការបង្ហាះយានអវកាសរបស់ក្រុមហ៊ុន SpaceX ទៅកាន់ស្ថានីយអវកាសអន្តរជាតិ។
លោកបាននិយាយថា៖ «ការស្លាប់របស់លោក George Floyd នៅក្នុងទីក្រុង Minneapolis គឺជាសោកនាដកម្មដ៏ធ្ងន់ធ្ងរមួយ។ វាមិនគួរកើតឡើងទេ។ វាបានធ្វើឲ្យពលរដ្ឋអាមេរិកាំងនៅទូទាំងប្រទេសតក់ស្លុត ខឹងសម្បារ និងព្រួយបារម្ភ»។
លោក Trump បន្តថា៖ «ខ្ញុំឈរនៅមុខអ្នកក្នុងនាមជាមិត្ត និងជាសម្ព័ន្ធមិត្តជាមួយគ្រប់ពលរដ្ឋអាមេរិកាំងទាំងអស់ ដែលចង់ស្វែងរកយុត្តិធម៌ និងសន្តិភាព។ ហើយខ្ញុំឈរនៅចំពោះមុខអ្នកដើម្បីប្រឆាំងដាច់ខាតនឹងជនណាដែលកេងប្រវ័ញ្ចពីសោកនាដកម្មនេះ ដើម្បីលួចប្លន់ វាយប្រហារ និងគំរាមកំហែង។ ការព្យាបាលរបួសផ្លូវចិត្ត និងយុត្តិធម៌ គឺជាកិច្ចការដែលត្រូវធ្វើនៅពេលបច្ចុប្បន្ននេះ មិនមែនជាការស្អប់គុំកួន និងភាពចលាចលនោះទេ»។
ប៉ុន្តែលោកបានបន្ថែមថា ទីក្រុង Minneapolis មិនអាចអនុញ្ញាតឲ្យភាពវឹកវរនេះគ្រប់គ្រងស្ថានការដូចកាលពីថ្ងៃសុក្រនោះទេ នៅពេលដែលមន្ត្រីប៉ូលិសបានបោះបង់ចោលស្ថានីយប៉ូលិស និងធ្វើព្រងើយកន្ដើយចំពោះក្រុមបាតុករអស់រយៈពេលជាច្រើនម៉ោង។ នៅទីបំផុត ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងអ្នកតវ៉ា។
លោកប្រធាធិបតីបានបន្ទោសថា ភាគច្រើននៃអំពើហិង្សានេះគឺបណ្ដាលមកពីក្រុម «Antifa និងក្រុមឆ្វេងនិយមជ្រុល ផ្សេងទៀត» និងបានផ្ដល់ជំនួយកងទ័ពសហព័ន្ធដល់ទីក្រុង Minneapolis។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក William Barr បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «កំហឹងរបស់សហគមន៍ជាតិយើងទៅលើអ្វីដែលបានកើតឡើងលើលោក George Floyd នៅក្នុងទីក្រុង Minneapolis គឺពិត និងស្របច្បាប់»។
លោកបានថ្លែងថា៖ «ត្រូវតែផ្ដល់យុត្តិធម៌ចំពោះការស្លាប់របស់លោក George Floyd ហើយយុត្តិធម៌នេះ កំពុងត្រូវបានដោះស្រាយតាមដំណើរការធម្មតារបស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់យើង ទាំងក្នុងកម្រិតថ្នាក់រដ្ឋ និងកម្រិតសហព័ន្ធ។ ប្រព័ន្ធ [យុត្តិធម៌] នេះកំពុងដំណើរការយ៉ាងរលូន។ ការចោទប្រកាន់ជំហានដំបូងត្រូវបានធ្វើរួចរាល់ហើយ។ ដំណើរការកំពុងបន្តទៅមុខទៀត។ យុត្តិធម៌នឹងត្រូវបានផ្ដល់ជូន [ជនរងគ្រោះ] ជាមិនខាន។
លើសពីនេះ លោក Barr បានបន្ថែមថា៖ «យើងត្រូវតែមានច្បាប់ និងសណ្ដាប់ធ្នាប់នៅតាមដងផ្លូវនៅក្នុងសហគមន៍របស់យើង ហើយនេះជាទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំរដ្ឋ Minnesota និងថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីបញ្ឈប់អំពើហិង្សានេះ។ ក្រសួងយុត្តិធម៌ (រួមទាំងទីភ្នាក់ងារ FBI ទីភ្នាក់ងារ Marshals ទីភ្នាក់ងារ ATF និងទីភ្នាក់ងារ DEA) និងមេធាវីទាំង ៩៣ រូបនៅទូទាំងប្រទេស នឹងគាំទ្រកិច្ចប្រឹងប្រែងទាំងនេះក្នុងមូលដ្ឋាន និងចាត់រាល់វិធានការចាំបាច់នានាដើម្បីអនុវត្តច្បាប់សហព័ន្ធ»។
កងទ័ពបម្រុងថ្នាក់ជាតិ គឺជាកម្លាំងទ័ពបម្រុងដែលមានអង្គភាពនៅគ្រប់រដ្ឋទាំង ៥០ ដែលសមាជិកភាគច្រើនធ្វើការក្រៅម៉ោង។ អង្គភាពនេះអាចត្រូវបានអភិបាលរដ្ឋនានាប្រើនៅក្នុងគ្រាអាសន្ន ដើម្បីជួយគ្រប់គ្រងគ្រោះមហន្តរាយ ឬក៏ភាពវឹកវរស៊ីវិលជាដើម។
លោក Derek Chauvin អតីតប៉ូលិសដែលត្រូវគេឃើញនៅក្នុងវីដេអូឃ្លីបថាបានយកជង្គង់សង្កត់កលោក Floyd ត្រូវបានគេបណ្ដេញចេញពីនាយកដ្ឋានប៉ូលិសប្រចាំទីក្រុង Minneapolisកាលពីថ្ងៃអង្គារ។ លោកត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រពីបទឃាតកម្មកម្រិតទី ៣ និងមនុស្សឃាតកម្រិតទី ២។ ប្រាក់ធានានៅក្រៅឃុំត្រូវបានកំណត់ចំនួន ៥ សែនដុល្លារអាមេរិក។
ក្រុមគ្រួសាររបស់លោក Floyd បានឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនោះ ដោយទាមទារឲ្យដាក់ទោសធ្ងន់ធ្ងរ។
អ្នកនាំពាក្យរបស់គ្រួសារលោក Floyd បាននិយាយថា៖ «យើងចង់ឲ្យមានការចោទប្រកាន់ពីបទឃាតកម្មកម្រិតទី ១។ ហើយយើងចង់ឃើញប៉ូលិសផ្សេងៗទៀតដែលពាក់ព័ន្ធនឹងរឿងនេះត្រូវបានចាប់ខ្លួនផងដែរ។ យើងអំពាវនាវដល់អាជ្ញាធរឲ្យកែការចោទប្រកាន់ទាំងនេះ ដើម្បីឆ្លុះបញ្ចាំងអំពីពិរុទ្ធភាពពិតប្រាកដរបស់ប៉ូលិសរូបនេះ»។
លោក Derrick Johnson ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃអង្គការសិទ្ធិពលរដ្ឋ NAACP បានប្រាប់ VOA ថា ការស្លាប់របស់លោក Floyd បង្ហាញថា «នៅក្នុងប្រទេសនេះ យើងមិនទាន់បានដោះស្រាយបញ្ហាពូជសាសន៍ និងតម្លៃរបស់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកដែលរស់នៅក្នុងទីក្រុង Minneapolis នៅឡើយទេ»។
លោកបាននិយាយថា បាតុកម្មដោយសន្តិវិធីគឺ «ជាវិធីដែលពលរដ្ឋនៃប្រទេសនេះបង្ហាញនូវការឈឺចាប់នៃអំពើអយុត្តិធម៌»។ លោកបានបន្ថែមថា អង្គការ NAACP «ប្រឆាំងដាច់ខាតនឹងការធ្វើកុប្បកម្ម ដែលជាអំពើមិនអាចដោះស្រាយអ្វីបានទាំងអស់»៕
ប្រែសម្រួលដោយលោក សឿន វឌ្ឍនា