យុទ្ធនាការ​ឃោសនាបោះឆ្នោតជាតិឆ្នាំ​២០២៣ ចាប់​ផ្តើម​ ដោយ​គ្មាន​វត្តមាន​បក្ស​ជំទាស់

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី​ ៧​ បាន​ចាប់​ផ្តើម​កាលពីព្រឹកថ្ងៃ​សៅរ៍ ដោយ​គេ​ឃើញ​គណបក្ស​ចំនួន​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ បាន​ចេញ​ឃោស​នា​ហែក្បួន​ទ្រង់​ទ្រាយ​ធំនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ខណៈ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​មិន​អាច​ចូលរួម​ឈរ​ឈ្មោះបោះឆ្នោត​ ឬសម្រេច​មិន​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត។​

អ្នកគាំទ្រ​របស់​គណបក្ស​កាន់​អំណាច​បាន​មក​ប្រមូលផ្តុំ​គ្នា​ នៅ​ឯ​មជ្ឈមណ្ឌ​ល​ពាណិជ្ជកម្ម​កោះពេជ្រ។ ចំណែក​អ្នកគាំទ្ររបស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនា​ ពី​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ។ អ្នកគាំទ្រ​រាប់​ពាន់​នាក់​របស់​គណបក្ស​ទាំង​ពីរ​ បាន​ដង្ហែ​ក្បួន​ ទាំង​តាម​រថយន្ត​លក្ខណៈ​គ្រួសារ​ រថយន្ត​ដឹកទំនិញ ម៉ូតូ និង​ម៉ូតូ​កង់បី​ កាត់​តាម​មហា​វិថី​ និង​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ។

នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​នៅ​ឯ​មជ្ឈមណ្ឌ​ល​ពាណិជ្ជកម្ម​កោះពេជ្រ​នា​ទីក្រុង​ភ្នំពេញ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ថា​ ការ​រីក​ចម្រើន​របស់​ប្រទេស​ក្នុង​ពេល​បច្ចុប្បន្ន អាច​ជា​ចំណុច​នៃ​ការ​សម្រេចចិត្ត​របស់​អ្នក​បោះឆ្នោត​ ដើម្បី​ជ្រើស​រើស​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បន្ត​គ្រប់​គ្រង​ប្រទេស​សម្រាប់​អាណត្តិ​ទី​៧។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងនៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។

លោក​ ហ៊ុន សែន ក៏ប្តេជ្ញា​រក្សា​ការពារ​វឌ្ឍនភាព​របស់​ជាតិ​ និង​ទប់​ស្កាត់​មិន​ឱ្យ​មាន​កម្លាំង​រំខាន​ដល់​ការ​កសាង​ប្រទេស​ជាតិ​ ហើយ​មិន​អនុញ្ញាត​ឱ្យ​សង្គ្រាម​កើត​ឡើង​ជា​ថ្មី​ទៀត​នៅ​ប្រទេស​កម្ពុជា។

លោក​លើក​ឡើង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​គំាទ្រ​ជាច្រើនពាន់​នាក់​ និង​ក្រុម​មន្ត្រី​គណបក្ស​យ៉ាង​ដូច្នេះថា៖ «ប្តេជ្ញា​ថែ​រក្សា​រាល់​សមិទ្ធិផល​របស់​ជាតិ​ឱ្យ​គង់​វង្ស​ ជា​រៀងដរាប ដោយ​មិន​អនុញ្ញាត​ឱ្យ​អនុ​ភាព​ប្រតិ​កិរិយា​ណា​មក​បំផ្លាញ​បាន​ឡើយ។ យើង​បន្ត​ ប្តេជ្ញា​បន្ត​កសាង​ប្រទេស​ជាតិ​យើង​ ឱ្យ​កាន់​តែ​រីក​ចម្រើន​ឡើង​ ក្លាយ​ជា​ប្រទេស​ជឿន​លឿន​មួយ​ក្នុង​តំបន់​ ជា​សង្គម​ប្រកប​ដោយ​អរិយធម៌ និង​សេច​ក្តី​ស្រឡាញ់​ ដោយ​គ្មាន​ការ​កើត​ឡើង​ជា​ថ្មី​នូវ​សង្គ្រាម​ អំពើ​ប្រល័យ​ពូជសាសន៍​ និង​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ជាតិ​ដូច​ពេល​មុន​ទៀត»។

ក្រុម​មេដឹកនាំ​គណបក្ស​ខ្មែររួបរួម​ជាតិ​ឯ​ណោះ​វិញ​ក៏​បាន​បង្ហាញ​ក្តី​សង្ឃឹម​ចំពោះ​ជ័យ​ជម្នះ​ ក្នុងការ​បោះឆ្នោត​ជាតិ​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៣ ​ខែ​កក្កដា​ ឆ្នាំ​ ២០២៣​នេះ។

ប្រធាន​គណបក្ស​ខ្មែររួប​រួម​ជាតិ​លោក​ ញឹក ប៊ុនឆៃ​ ប្រាប់​វីអូអេ​ថា ការ​រួបរួម​គ្នា​រវាង​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ និង​គណបក្ស​កម្ពុជា​និយមរបស់​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ធ្វើ​ឱ្យ​កម្លាំង​គាំទ្រ​មាន​សន្ទុះកើន​ឡើង​ខ្លាំង។ ការណ៍​នេះ លោក​ថា​ ប្រជាពលរដ្ឋ​នឹង​បោះ​ឆ្នោត​ជូន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ ដែលមាន​គោល​នយោបាយ​ការពារ​ឯករាជ្យ​ បូរណភាព​ទឹក​ដី និងអត្តសញ្ញាណ​ជាតិ​ខ្មែរ​ ដោយ​ប្រកាន់​យក​ «គោល​ការ​ណ៍​ប្រជាធិបតេយ្យ​សេរី ​កណ្តាល​និយម​»។

លោក​ថ្លែង​ថា​៖ «ខ្ញុំមិន​អាច​ថា​ តួលេខ​បាន​ទេ​ គ្រាន់​តែ​សង្ឃឹម​ថា​ នឹង​បាន​កៅ​អី​មួយ​ចំនួន​ មួយ​ចំនួន​»។

អតីត​តំណាង​រាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អនុ​ប្រធានគណបក្ស​ខ្មែរ​រួប​រួម​ជាតិ​លោក​ យ៉ែម បុញ្ញឫទ្ធិ ចាត់​ទុក​លោក ​ញឹក ប៊ុនឆៃ​ ថា​ជាវីរជន​ម្នាក់​ក្នុង​ចំណោម​ឥស្សរជន​ជាច្រើន​នាក់​ដែល​ជាអ្នក​ប្រជាធិបតេយ្យ​ ដែល​ជួយ​ឱ្យកម្ពុជា​សម្រេចបាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ឆ្នាំ​១៩៩១។ ហេតុដូច្នេះ​លោក​បាន​អំពាវនាវឱ្យ​អ្នក​ធ្លាប់​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បោះឆ្នោត​ជូន​គណបក្ស​ខ្មែរ​រួប​រួមជាតិ។

លោក​ប្រាប់​វីអូអេថា៖ «ព្រោះ​អី​ឯក​ឧត្តម​ ញឹក​ ប៊ុន​ឆៃ​ ជាវីរជន​អ្នកតស៊ូ​ តាំង​ពី​វ័យ​ក្មេង​ រហូតដល់​ពេល​បច្ចុប្បន្ន​ តស៊ូ​ពី​ទិស​ខាង​លិច​ ដើម្បី​ឱ្យ​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ២៣ តុលា​ ៩១។ ហើយ​យើង​អ្នក​នយោបាយ​ អ្នក​ប្រជាធិបតេយ្យ​គឺ​គោរព​ខ្លាំង​ណាស់​ អ្នក​ដែល​មាន​វីរភាព​តស៊ូ​ ដើម្បី​បុព្វហេតុ​ជាតិដល់​អ៊ីចឹង​ ខ្ញុំ​ជា​អតីត​សង្គ្រោះ​ជាតិ​ អំពាវនាវ​ឱ្យ​សកម្មជន​ អ្នក​នយោបាយ​ដែលជា​អតីត​សង្គ្រោះ​ជាតិ​ទាំង​អស់​មករួប​រួមគ្នា​ជាមួយ​នឹង​ខ្មែរ​រួប​រួមជាតិ»។

ដោយឡែក​ អ្នកគាំទ្រ​គណបក្ស​នយោបាយ​ទាំងពីរ​ផ្តល់​ទស្សនៈ​ផ្សេង​ៗគ្នា​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើយុទ្ធនា​ឃោស​នា​បោះឆ្នោត​នេះ។

​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ ​លើក​ឡើង​ថា​ ពួកគេ​មក​ចូលរួម​ហែ​បក្ស​នៅ​ថ្ងៃសៅរ៍​នេះ​ គឺ​ដើម្បី​បន្ត​ផ្តល់ការ​គាំទ្រ​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ឱ្យ​ដឹកនាំ​ប្រទេស​តទៅ​ទៀត​។ ​ពួក​គេ​បន្ថែមថា​ កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​ហ៊ុន សែន​ គឺ​ប្រទេស​មានការ​អភិវឌ្ឍ​ជឿនលឿន​ និងមាន​ស្ថិរភាព​នយោបាយ។ ពួក​គេ​លើក​ឡើង​ថា​ គ្មាន​អ្វី​ដែល​ត្រូវ​ខ្វល់​ ចំពោះ​អវត្តមាន​គណបក្ស​ដទៃ​ទៀតនៅ​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ។

ក្រុមមេដឹកនាំគណបក្ស​ខ្មែរ​រួបរួម​ជាតិ​ គឺ​លោក​យ៉ែម បុញ្ញឫទ្ធិ​ នៅខាង​ឆ្វេង​ដៃ​ និង​លោក​ញឹក ប៊ុនឆៃ​ នៅខាង​ស្តាំ​ដៃ​បើកយុទ្ធនាការ​ឃោសនាបោះឆ្នោត នៅឯទីលានប្រជាធិបតេយ្យ នៅថ្ងៃទី​១​ ខែកក្កដា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

រីឯ​អ្នកគាំទ្រ​មួយ​ចំនួន​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ក៏​មិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នឹង​ការ​បាត់​ឱកាស​របស់​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ ឆ្នាំ ២០២៣ ​នេះដែរ។ ពួកគេថា​ គណបក្ស​ខ្មែរ​រួបរួមជាតិក៏​ជា​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ដើរ​តាម​ស្មារតី​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ​ដែល​តម្រូវ​ឱ្យ​កម្ពុជា​ជា​ប្រទេស​មាន​ការ​គោរ​ព​សិទ្ធិមនុស្ស​ និង​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។​ ពួកគេ​ថា គណបក្ស​មាន​គោលនយោបាយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ លុបបំបាត់​អំពើពុករលួយ​ ការ​ពារ​សេរីភាព​សម្តែងមតិ​ និង​ជួយ​ជន​ក្រីក្រ។

ទោះជាយ៉ាង​ណា​ក៏​ដោយ​ ក៏​គេ​រំពឹង​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ទំនង​ជា​នឹងដណ្តើម​បានអាសនៈ​សភាច្រើន​ដូច​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨​ ក្រោម​ហេតុ​ផល​គ្មាន​វត្តមាន​គណបក្ស​ជំទាស់​គឺ​គណបក្ស​ភ្លើងទៀន​ ដែល​ទទួលបាន​សំឡេង​ជិត​ ២លាន​នាក់​ កាល​ពី​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២។ ​នេះ​បើ​តាម​អ្នក​តាមដាន​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា។​

អ្នកវិភាគ​នយោបាយ​លោក​ សេង សារី ជឿ​ថា​ គណបក្ស​កាន់​អំណាច​នឹង​ឈ្នះ​ការ​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ តែ​លទ្ធផល​នៃ​ការ​បោះឆ្នោតនឹង​ត្រូវ​ប្រឈម​នឹង​ការ​រិះគន់។

លោក​ថ្លែងថា៖ «បើ​យើង​មើល​ពី​មុំ​លទ្ធិប្រជាធិបតេយ្យ​ ឬ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​ យើង​ឃើញ​ថា​ ការ​បោះឆ្នោត​អាណត្តិ​ទី​ ៧​ ឆ្នាំ​ ២០២៣​ នេះ​ វា​ជា​ការ​បោះឆ្នោត​ដែល​ពិបាក​ទទួល​យក​បាន​មែន​ទែន​ទាំង​អន្តរជាតិ​ ហើយ​ទាំង​ប្រជាជន​ នៅក្នុង​ស្រុក​ ជាពិសេស​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ ប្រមាណ​ជា​ ២លាន​នាក់​ ហើយ​អ្វីដែល​សំខាន់​ហ្នឹង​ គឺ​ពួកគាត់​បាត់​បង់​សិទ្ធិ​នៅ​ក្នុង​ការ​ជ្រើស​រើស​គណបក្ស​ដែល​គាត់​ស្រឡាញ់​ ឬក៏គាត់​គាំទ្រ​នោះ»។

ក៏ប៉ុន្តែ​លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត Nicfec លើក​ឡើង​ថា ថ្វីត្បិត​មិនមា​នវត្តមាន​គណបក្ស​ជំទាស់​ចូលរួម​ក្តី​ ក៏​ការ​បោះឆ្នោត​នៅ​តែ​មាន​ភាព​ចម្រុះ​ ព្រោះ​មាន​គណបក្ស​ផ្សេងៗ​ទៀត​ចូលរួម។

លោក​ថ្លែង​ថា៖ «ខ្ញុំសង្ឈឹម​ថា ​គណបក្ស​ ១៧​ ហ្នឹង​ អាចនឹង​មាន​អាសនៈខ្លះ មាន​កៅអី​ខ្លះ​នៅរដ្ឋ​សភា​ កៅអីខ្លះ​ សង្ឈឹមដូច​ GDP​ អីបានខ្លះ​ ដើម្បី​ឱ្យវា​មាន​គណបក្ស​ចម្រុះ​នៅ​រដ្ឋសភា​ឱ្យមាន​ Check and Balance [ការ​ត្រួតពិនិត្យគ្នា​ និង​តុល្យភាព] ​ផង»។

លោក​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​វិនិច្ឆ័យ​ឱ្យបាន​ត្រឹមត្រូវ​មុន​គូស​សន្លឹក​ឆ្នោត​ ដើម្បី​ឱ្យការ​អនុវត្ត​ច្បាប់​នៅរដ្ឋ​សភា​មាន​ពហុបក្ស​ និង​ប្រជា​ធិបតេយ្យ។

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នំាពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក ​គីមសួរ​ ភិរិទ្ធ​ តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម តែគ្មាន​ការ​ឆ្លើយ​តប​នៅថ្ងៃ​សៅរ៍​នេះ។ យ៉ាង​ណាក៏ដោយ​ លោក​ឱ្យ​ដឹង​កន្លង​មក​ថា​ អវត្តមាន​គណបក្ស​ជំទាស់​អាច​ប៉ះពាល់​ដល់​គ្រឹះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​អ្នកគាំទ្រ​គណបក្ស​នេះ​ជិត​ ២លាននាក់​ បាត់​បង់​ជម្រើសជ្រើសរើស​យក​តំណាង​ដែល​ខ្លួនពេញ​ចិត្ត។

រូបឯកសារ៖ ផ្លាក​គណបក្ស​ភ្លើងទៀន​ត្រូវបានដាក់​នៅ​ក្បែរ​ផ្លូវជាតិមួយស្ថិតនៅឃុំរ៉ុនតាឯក ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

លោក អ៊ូ ច័ន្ទ​រ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា ដែល​បាន​ពហិការ​ការបោះ ឆ្នោត​ជ្រើសរើស​សមាជិក​សភាសម្រាប់អាណត្តិ​ទី ៧ ​នេះ​ ប្រាប់វីអូអេ​ថា​ បរិយា​កាស​នៃ​ការបោះឆ្នោត​ហាក់មិន​អំណោយ​ផល​សម្រាប់​គណបក្ស​ថ្មីៗ​ក្នុងការ​ប្រកួត​ប្រជែង​ ខណៈ​ដំណើរ​ការ​បោះឆ្នោត​ទៀត​សោត មិនទទួល​បាន​ការ​ចាប់អារម្មណ៍ពីសហគម​អន្តរជាតិ។

លោក​ថ្លែង​ថា៖ «ទុកឱកាស​ដើម្បី​ឱ្យ​គណបក្ស​ដែល​មាន​និន្នាការ​ប្រហាក់​ប្រហែល​គ្នា គោលការណ៍​ប្រហាក់​ប្រហែល​គ្នា​ គណបក្ស​ដែល​យើង​គិត​ថា ​អាច​ជា​គណបក្ស​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ខ្លះ​ ទទួល​បាន​សំឡេង​ យើង​មិនចង់​ឱ្យ​មាន​ការ​បែក​សំឡេង​ ទីបី​ យើង​មើល​ឃើញថា​ គណបក្ស​ដែលថ្មី​មើលទៅ​មិន​ងាយ​មាន​លទ្ធភាព​ប្រកួត​ប្រជែង។ មក​ដល់ពេល​នេះ​ យើង​ត្រៀម​លក្ខណៈ​មាន​ការ​ពិបាកខ្លាំង​ ហើយ​យើង​មើល​ការចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ហាក់​មិនសូវ​ចាប់​អារម្មណ៍​ការបោះឆ្នោត​ទៀត​ នេះ​ជាការ​មើល​ឃើញ​ផ្ទាល់​របស់​យើង​ក្នុង​នាម​ជា​គណបក្ស​មួយ​ ដូច្នេះ​យើង​សម្រេច​ថា​មិន​ចូលរួម​ការ​បោះឆ្នោត​នោះ​ទេ​បាទ»។

នាយករង​ទទួលបន្ទុក​កិច្ចការ​ទូទៅនៃអង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់​ថា​ ការ​បោះឆ្នោតជាតិកាលពី​ ៥ ឆ្នាំមុន​ ​មាន​ភាព​ចម្រូង​ចម្រាស និង​រងការ​រិះគន់​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ​ នៅពេល​គ្មាន​បក្ស​ជំទាស់​ចូលរួម។ លោក​សង្កេត​ឃើញ​ថា​ ការ​បោះឆ្នោត​ជាតិ​លើកនេះ​មាន​ភាព​ខុស​គ្នាឆ្ងាយ​នៅ​ឆ្នាំ​ ២០១៣ ​ ដែល​កាល​នោះ​មាន​គណបក្ស​ធំៗ​ចំនួន​ពីរប្រកួតប្រជែង​គ្នា​ ​គឺគណបក្ស​សង្គ្រោះ​ជាតិ​ និង​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ចេញ​ឃោសនាក្នុង​ទ្រង់ទ្រាយ​ធំ​ ហើយ​ប្រហាក់​ប្រហែល​គ្នា។

នៅ​ពេល​យុទ្ធនាការ​ឃោស​នា​បោះឆ្នោតជាតិចាប់​ផ្តើម ក្រុម​អ្នក​រិះគន់បន្តនិយាយ​ថា ​ការ​បោះឆ្នោត​នោះ​គឺ​ជា​ការ​បោះឆ្នោតដែល​នឹង​មិន​អាច​យក​ជាការ​បាន​ទេ ដោយ​សារ​គណបក្ស​ជំទាស់​ធំមួយគឺ​គណបក្ស​ភ្លើងទៀនមិនបាន​ចូលរួម។ គណបក្ស​នេះត្រូវបាន​បដិសេធ​ចុះ​បញ្ជី​ឈរ​បោះឆ្នោត​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​ (គ.ជ.ប)​ ក្រោម​ហេតុផល​ខ្វះ​ឯកសារ​ដើម​នៃ​ការ​ចុះបញ្ជី​គណបក្ស​នៅ​ក្រសួង​មហា​ផ្ទៃ៕