សមាជិកសភាចម្រុះនៃគណបក្សនយោបាយធំៗទាំងពីរស្នើសុំឲ្យសហគមន៍អឺរ៉ុបបើកទីផ្សារនាំចេញផលិតផលកម្ពុជាឲ្យទូលាយថែមទៀតទៅសហគមន៍អឺរ៉ុប។ ការស្នើសុំនេះធ្វើឡើងក្នុងពេលដែលតំណាងសហគមន៍អឺរ៉ុបជួបជាមួយក្រុមសមាជិកសភាទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្រោយជំនួបជាមួយលោក Javier CASTILLO-ALVAREZ តំណាងសហគមន៍អឺរ៉ុបនៅឯរដ្ឋសភាជាតិ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា លោក ជៀម យាប ប្រធានគណៈកម្មការទី២នៃរដ្ឋសភាដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មបានឲ្យដឹងថា លោកបានដាក់សំណើចំនួនបីទៅកាន់សហគមន៍អឺរ៉ុប។ ក្នុងនោះរួមបញ្ចូលទាំងការស្នើឲ្យសហគមន៍អឺរ៉ុបជួយសម្រួលបន្ថែមក្នុងការពង្រីកទីផ្សារនាំចេញរបស់កម្ពុជាទៅកាន់បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប។
«ទី១សូមឲ្យពង្រឹង និងពង្រីកនូវទីផ្សារសហគមន៍អឺរ៉ុបរបស់កម្ពុជា ដើម្បីនាំចូល ដូចជាស្រូវអង្កររបស់កម្ពុជា ហើយទី២ សុំឲ្យគេបើកទីផ្សារទូលាយបន្ថែមទៀតនូវការបញ្ចេញសម្លៀកបំពាក់ និងស្បែកជើងដែលបណ្តារោងចក្រសហគ្រាសរបស់កម្ពុជាកំពុងតែបំពេញការងាររបស់ខ្លួនឲ្យកាន់តែច្រើនឡើងថែមទៀត ហើយឲ្យសហគមន៍អឺរ៉ុបជួយវិស័យបច្ចេកទេស និងហិរញ្ញវត្ថុកម្ពុជា ឲ្យបានកាន់តែច្រើនឡើងថែមទៀត»។
សំណើមួយទៀតគឺការស្នើឲ្យសហភាពអឺរ៉ុបជួយផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់វិនិយោគិនអឺរ៉ុប។
កិច្ចប្រជុំនៅឯរដ្ឋសភារយៈពេលជិត២ម៉ោង នៅថ្ងៃព្រហស្បតិ៍នេះ ដែលមានការចូលរួមពីសមាជិកគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិផងនោះ ក៏បានផ្តោតសំខាន់ទៅលើការដេញដោលសួរពីសំណាក់សហគមន៍អឺរ៉ុបទៅលើចំណុចចំនួនបី។ បញ្ហាទាំងនោះគឺរួមមានរចនាសម្ព័ន្ធរបស់គណៈកម្មការទី២នៃរដ្ឋសភា ដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សេចក្តីព្រាងច្បាប់ស្តីពីកញ្ចប់ថវិកាជាតិនៃឆ្នាំនីមួយៗ ហើយនឹងការជជែកជុំវិញរបាយការណ៍សវនកម្មនៃគណៈកម្មការទីពីរនៃរដ្ឋសភា។
លោក ឃី វណ្ណដេត សមាជិកសភាគណបក្សប្រឆាំង និងជាសមាជិកគណៈកម្មការទី២នៃរដ្ឋសភាដែលបានចូលរួមក្នុងកិច្ចប្រជុំផងនោះ បានឲ្យដឹងថា នៅដំណាក់កាលនេះជាដំណាក់ការស្រាវជ្រាវ ហើយសហភាពអឺរ៉ុបកំពុងតែប៉ាន់ប្រមាណទៅលើសមត្ថភាពរបស់គណៈកម្មការទី២នៃរដ្ឋសភា ដើម្បីឲ្យដឹងអំពីតម្រូវការច្បាស់លាស់ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ហើយនេះជាការប្រជុំដាច់ដោយឡែកពីគម្រោងផ្សេងៗទៀត និងមិនមានពាក់ព័ន្ធទៅនឹងការជជែកអំពីតម្លាភាពក្នុងការប្រើប្រាស់កញ្ចប់ថវិការបស់គណៈកម្មការនេះទេ។
លោក ឃី វណ្ណដេត បានឲ្យដឹងទៀតថា បើទោះជាពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការស្នើភ្លាមៗក្នុងកំឡុងពេលនៃអង្គប្រជុំនោះក្តី គោលជំហររបស់គណបក្សប្រឆាំងគាំទ្រឲ្យមានការកែលម្អ។
«បន្ទាប់ពីនេះ គណបក្សសង្គ្រោះជាតិនឹងធ្វើជាលាយលក្ខណ៍អក្សរទៅសហគមន៍អឺរ៉ុបដើម្បីបញ្ជាក់អំពីគោលជំហររបស់គណបក្សសង្គ្រោះជាតិក្នុងការគាំទ្រឲ្យ EU នេះជួយក្នុងការកែទម្រង់សព្វបែបយ៉ាងទាំងអស់លើប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្នុងគោលដៅធ្វើយ៉ាងម៉េចឲ្យហិរញ្ញវត្ថុជាតិមានគោលដៅប្រសើរជាងមុន»។
ថ្លែងបន្ទរទៅនឹងការស្នើសុំរបស់គណៈកម្មការទី២របស់សភាទៅកាន់សហភាពអឺរ៉ុបលោក ខេន លូ អគ្គលេខាធិការរបស់តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC យល់ស្របថា នេះជាការណ៍ដ៏ល្អមួយ ដែលវាផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ពិសេសវិស័យកាត់ដេរ ក៏ដូចជាវិស័យផ្សេងៗទៀត។ តែលោកបន្ថែមថា សហភាពអឺរ៉ុបបានបើកទីផ្សារលើវិស័យមួយនេះយ៉ាងទូលាយរួចទៅហើយ។
«តាមពិតក្នុងវិស័យកាត់ដេរ ខ្ញុំជឿថា អឺរ៉ុបបើកទីផ្សារល្អហើយ។ បើកាន់តែមានទំនាក់ទំនងជាងមុនទៀត អាហ្នឹងកាន់តែល្អហើយ មានអី? ហើយវិស័យផ្សេងៗក៏អាចមកស្រុកខ្មែរដែរ។ ទីផ្សារអឺរ៉ុបវាបើកទូលាយហើយ ចង់ឲ្យទូលាយជាងមុនយ៉ាងម៉េច?»
សហភាពអឺរ៉ុបជាទីផ្សារដ៏ធំសម្រាប់កម្ពុជាក្នុងការនាំចេញផលិតផលវាយណភណ្ឌ ដែលជាវិស័យមួយក្នុងចំណោមវិស័យ៤ ដែលជាសសរទ្រូងសេដ្ឋកិច្ចកម្ពុជាដែលផ្តល់ការងារដល់កម្មករជាង៧០ម៉ឺននាក់ ហើយដែលបានទទួលចំណូលពីការនាំចេញជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុបក៏ជាប្រទេសផ្តល់ជំនួយដ៏ធំសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាដែរ ដែលត្រូវគេចាត់ទុកថា ជាប្រទេសក្រីក្រមួយ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាទទួលបានទឹកប្រាក់ប្រមាណជាង៤១០លានអឺរ៉ូ ឬស្មើនឹងប្រមាណ៤៥០លានដុល្លារ ដែលជាជំនួយហិរញ្ញវត្ថុពីសហគមន៍អឺរ៉ុប តាមរយៈកិច្ចសហប្រតិបត្តិការទ្វេរភាគីកំឡុងឆ្នាំ២០១៤ទៅឆ្នាំ២០២០។
តាមរយៈបណ្តាញនេះ ទឹកប្រាក់ត្រូវបានកំណត់ឲ្យបែងចែកទៅលើការអនុវត្តគោលនយោបាយអភិវឌ្ឍជាតិសំខាន់របស់កម្ពុជា ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣រួមទាំងបញ្ហាបីសំខាន់ៗ ដូចជា ការកែលម្អវិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ការផ្តល់នូវការអប់រំដែលមានគុណភាពល្អប្រសើរជាងមុន ការអនុវត្តកំណែទម្រង់អភិបាលកិច្ច និងរដ្ឋបាលដូចជាការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់ការបោះឆ្នោត៕