រដ្ឋសភា​ប្រកាស​រើស​សមាជិក​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប

រូបឯកសារ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​មុខ​រដ្ឋ​សភា​ក្នុង​ក្រុង​ភ្នំពេញ កាលពីល្ងាចថ្ងៃទី២ ខែឧសភាឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)

រដ្ឋសភា​កម្ពុជា​បាន​ប្រកាស​ជ្រើស​រើស​សមាជិក​នៃ​ថ្នាក់​ដឹកនាំ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា​គ.ជ.ប ដែល​មាន​សមាជិក​ចំនួន​៩​រូប។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋសភា ចុះ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ការ​ប្រកាស​ជ្រើស​រើស​នេះ ក្រោយ​រដ្ឋសភា​មាន​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ក្រៅ​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋសភា​បញ្ជាក់​ថា៖ «គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នីតិកាល​ទី៧​នឹង​ធ្វើ​ការ​ជ្រើស​រើស​បេក្ខជន​ឈរ​ឈ្មោះ​ជា​សមាជិក​គណៈ​កម្មាធិការជាតិរៀបចំ​ការ​បោះ​ឆ្នោត​ អនុលោមតាមមាត្រា៥​ និង​មាត្រា​៦​នៃ​ច្បាប់​ស្តីពី​ការរៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​»។

កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​រហូត​ដល់​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

បើ​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា គឺ​ជា​អ្នក​ចូលរួម​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត ​ដែល​មាន​៩ ​រូប។ ច្បាប់​នេះ​ត្រូវ​បាន​កំណត់ កាល​ពី​ប្រមាណ​១០ ​ឆ្នាំ​មុន តាម​ការ​ឯកភាព​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ញឿន រ៉ាដែន សមាជិក​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ប្រាប់​វីអូអេ​ថា ​គណបក្ស​បាន​ត្រៀម​បេក្ខជន​រួច​រាល់​ហើយ ប៉ុន្តែ​រង់ចាំ​ការ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​តាម​នីតិវិធី​ដែល​មាន។

ចំពោះ​សមាសភាព​៩រូប​នៃ ​គ.ជ.ប ​គឺ៤​រូប ​ត្រូវ​ជ្រើស​រើស​ដោយ​គណ​បក្ស​ដឹក​នាំ​រដ្ឋា​ភិបាល​ ដែល​បច្ចុ​ប្បន្ន គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ដែល​បាន​ឈ្នះ​១២០ ​អាសនៈ​ និង​៤ រូបត្រូវ​ជ្រើស​រើស​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ ដែល​មិន​ចូល​រួម​ជាមួយ​រដ្ឋា​ភិបាល ​គឺ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ដែល​ឈ្នះ​៥​អាសនៈ ​និង១​រូប​ទៀត​ត្រូវ​ជ្រើស​រើស​ដោយ​ការ​ព្រម​ព្រៀង​រវាង​គណ​បក្សទាំង​ពីរ។

គួរ​បញ្ជាក់​ថា ​កាល​ពី​ដើម​ឆ្នាំ​២០២៣ ​ពោល​គឺ​នៅ​មុន​ការ​បោះ​ឆ្នោត​ខែ​កក្កដា ​ឆ្នាំ​២០២៣ គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​បាន​ស្នើ​ឱ្យមាន​ការ​ជ្រើស​រើស​សមា​ជិក​ គ.ជ.ប​ ថ្មី​ ដោយ​ជ្រើស​រើស​អ្នក​ឯក​រាជ្យ ដើម្បី​ដឹកនាំ​ស្ថាប័ន​នេះ​ ក្នុង​គោល​ដៅ​ធានា​ការបោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិ​ធម៌​ ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​គណបក្ស​នយោបាយ ​និង​ពី​ម្ចាស់​ឆ្នោត៕