រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​និង​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ

រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​សម័យ​ប្រជុំ​មួយ​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១។ (AFP/រូប​ផ្តល់​ឱ្យ​ដោយ​រដ្ឋសភា​កម្ពុជា)

​រដ្ឋសភា​ដែល​គ្រប់គ្រង​ទាំងស្រុងដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​បើក​សម័យ​ប្រជុំ​មួយ នៅ​សប្តាហ៍​នេះ​ ដើម្បី​ពិនិត្យ​និង​អនុម័តសេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​ចំនួន​៨ ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

កិច្ច​ប្រជុំ​របស់​រដ្ឋសភា​នេះនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ចាប់​ពី​ម៉ោង​៨​ព្រឹក។​ កិច្ចប្រជុំ​នេះ​នឹង​មាន​ការពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត​ផង​ដែរ។

ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​កែ​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​ការ​សំឡេង​ពីរ​ភាគ​បី​នៃ​តំណាងរាស្រ្ត​សរុប​ទាំងអស់​ចំនួន​១២៥​រូប។

កាល​ពី​សប្តាហ៍​មុន គណបក្ស​នយោបាយ​ចំនួន​៤ ដែល​រួម​មាន​គណបក្ស​ភ្លើង​ទៀន ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ឆន្ទៈ​ខ្មែ​រ និង​ ​គណបក្ស​កែ​ទម្រង់​កម្ពុជា បាន​ដាក់​ញត្តិរួម​មួយ​ច្បាប់ទៅ​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​រដ្ឋសភា​កុំ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ថ្មី​ចុងក្រោយ​នេះ ដែល​ត្រូវ​បាន​គណៈរដ្ឋមន្រ្តី​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន អនុម័ត កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ ​គណ​បក្ស​ទាំង​នោះ​ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​របប​សភា​និយម ដោយ​បន្ថយ​សិទ្ធិ​អំណាច​តំណាងរាស្ត្រ និង​បំបាត់​សំឡេង​គណបក្ស​ដែល​មាន​អាសនៈ​ភាគ​តិច​ក្នុង​សភា។

គណ​បក្ស​ទាំង​៤​បញ្ជាក់​ក្នុង​ញត្តិ​រួម​នោះ​ថា ​ការ​ធ្វើ​វិសោ​ធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​លើក​ទី​១០​នេះ ធ្វើ​ឱ្យ​បន្ថយ​អំណាច​សភា​ជាតិ ដោយ​ផ្តល់​សិទ្ធិ​អំណាច​ទៅ​ឱ្យ​គណ​បក្ស​នយោបាយ ដែល​ជា​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ស្នើ​ដោយ​ផ្ទាល់​ថ្វាយ​ទៅ​ព្រះ​មហា​ក្សត្រ​ក្នុង​ការ​ចាត់​តាំង​នាយក​រដ្ឋមន្ត្រី​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​របប​សភា​និយម​ ដោយបំបាត់​សំឡេង​គណបក្ស​ដែល​មាន​អាសនៈ​តិច​ក្នុង​សភា​និង​ដោយ​មិន​គោរព​គោលការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស និង​បន្ថយ​សិទ្ធិ​អំណាច​ និង​តួនាទី​អ្នក​តំណាង​រាស្ត្រ​ ដោយ​សារ​ការ​បង្កើន​ចំនួន​តំណាង​រាស្ត្រ​ក្នុង​ការ​ធ្វើ​ញត្តិ​បន្ទោស​រាជ​រដ្ឋាភិបាល​ពី​៣០​នាក់​ ទៅ​មួយ​ភាគ​បី​ ឬ​ស្មើ​នឹង​សំឡេង​តំណាង​រាស្ត្រ​ចំនួន​៤២​នាក់។

បើ​យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ថ្មី​ចុងក្រោយ​បង្អស់​នេះ ត្រង់​មាត្រា​១១៩ ​អត្ថ​ន័យ​ក៏​ត្រូវ​បាន​ស្នើ​កែ​ប្រែ ដោយ​លុប​ចោល​ឃ្លា​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាព​ពី​អនុ​ប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា ក្នុង​ការ​ស្នើ​តំណាង​រាស្ត្រ​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ឱ្យ​បង្កើត​រដ្ឋាភិបាល។ មាត្រា​ថ្មី​ចែង​ថា ​តាម​សេចក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា ព្រះមហាក្សត្រ​ចាត់​តាំង​វរជន​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ ឱ្យ​បង្កើត​រាជ​រដ្ឋាភិបាល។ សេច​ក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា​នេះ ត្រូវ​ចម្លង​ជូន​ប្រធាន​រដ្ឋ​សភា៕