រដ្ឋ​សភា​ឲ្យ​គណៈ​កម្មការ​ជំនាញ​ពិចារណា​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​បែងចែក​អាសនៈ​របស់​គណបក្ស​ដែល​​ត្រូវ​រំលាយ

រូបឯកសារ៖ តាមកញ្ចក់ទូរទស្សន៍មួយ សមាជិករដ្ឋសភាបានលើកដៃបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

លោក​ ​ឡេង ប៉េងឡុង​ ​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា គណៈកម្មការ​ជំនាញ​​នឹង​ធ្វើ​របាយ​ការណ៍​ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដើម្បី​សម្រេច​ថា ​នឹង​​ត្រូវ​ដាក់​ជូន​ទៅ​អង្គ​ប្រជុំ​ពេញ​អង្គ​ដើម្បី​ពិនិត្យ​​ អនុម័ត​ ឬ​អត់។

សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់ចំនួន​បួន ដែលចែង​អំពីការ​បែង​ចែក​អាសនៈ​របស់​គណ​បក្ស ដែលត្រូវ​រំលាយ​នោះ​ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភាបញ្ជូន​ឱ្យ​គណៈ​កម្មការ​ជំនាញ​ពិនិត្យ​ឡើង​វិញ​ គឺមិន​បាន​សម្រេច​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គនា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ។​

ការ​ប្រជុំ​ដ៏​ប្រញាប់​ប្រញាល់របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ ​ដែលមាន​តែ​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជានេះ​ ​ធ្វើ​ឡើង​ដើម្បី​សម្រេច​លើ​សេចក្តី​ស្នើច្បាប់​របស់ក្រុមតំណាង​រាស្រ្តគណបក្សកាន់​អំណាចចំនួន ៤៩រូ​ប។​ ការ​ប្រជុំ​នេះ​កើត​មានឡើង​មុន​ការ​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋ​សភា​ដែល​មិន​មាន​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ចូលរួម។

ក្រោយ​ការ​បញ្ចប់​កិច្ច​ប្រជុំ​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នេះ​ ​លោក​ ​ឡេង ប៉េងឡុង​ ​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​សម្រេចបញ្ជូន​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ទាំង​នោះ​ទៅ​គណៈ​កម្មការ​នីតិកម្ម​ ​និង​យុត្តិធម៌​របស់​រដ្ឋសភា​ ​ដើម្បី​ពិនិត្យ​ ​និង​ស្រាវជ្រាវ​បន្ត។​ ​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​ថា​ ​តើ​កិច្ច​ពិភាក្សា​របស់​គណៈ​កម្មការ​ជំនាញនេះ​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា​នេះមាន​ប្រសាសន៍​ថា៖​

«គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចាត់​ការ​សេចក្តី​ស្នើ​ច្បាប់​ទាំង​បួន​នេះគឺ ​បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​ទាំង​បួន​នេះ​ទៅ​គណៈកម្មការ​ជំនាញ​ ​គឺ​គណៈកម្មការ​ទី៦​ បាន​សេចក្តី​ថា​ ជា​គណៈកម្មការ​នីតិកម្ម ​និង​យុត្តិធម៌​របស់​រដ្ឋសភា​ ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ ​សន្និដ្ឋាន​ ​និង​ផ្តល់​យោបល់​ ហើយ​រាយ​ការណ៍​ជូន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​វិញ។​ ​ឥឡូវបាន​បញ្ជូន​ទៅ​បាត់​ហើយ។​ ខ្ញុំ​អត់​ដឹង​ថា​ គាត់​ធ្វើអ្វី​ទេ​ឥឡូវ​ហ្នឹង»។​

លោក​ ​ឡេង ប៉េងឡុង​ ​បន្ថែម​ថា​ ​គណៈកម្មការ​ជំនាញនឹង​ធ្វើ​របាយ​ការណ៍​ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដើម្បី​សម្រេច​ថា ​នឹងត្រូវ​ដាក់​ជូន​ទៅ​អង្គ​ប្រជុំ​ពេញ​អង្គ​ដើម្បី​ពិនិត្យ អនុម័ត​ ឬ​អត់។​

ការ​បញ្ជូន​សេចក្តី​ស្នើច្បាប់​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ទៅ​កាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ ​និង​បញ្ជូន​បន្តទៅ​គណៈកម្មការ​ជំនាញ​ដើម្បី​ពិនិត្យ​ទាំង​ប្រញាប់​ប្រញាល់​បែប​នេះ​ ​ធ្វើ​ឡើង​ខណៈ​ដែល​តុលាការ​កំពូល​កំពុង​ចាត់​ការបណ្តឹង​របស់ក្រសួង​មហា​ផ្ទៃ​ប្តឹង​ ​សុំ​ឲ្យ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។ ​តុលាការ​កំពូល កាល​ពីថ្ងៃ​ចន្ទ​ ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឯកសារ​ត្រៀមក្នុង​អំឡុង​ពេល​២០ថ្ងៃ​ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​បណ្ដឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ស្នើ​សុំ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

សេចក្តី​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ទាំង​បួន​ ​ដែល​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ពិនិត្យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​រួម​មាន​ ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធ​សភា​ ​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់​ ​និង​វិសោធនកម្មច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត ​ក្រុង ស្រុក ខណ្ឌ។​

សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នេះបាន​ស្នើ​កែប្រែ​មាត្រា​១៣៨​ស្ទួន​ ​ដោយ​កំណត់​ថា​ ​ក្នុង​នីតិកាល​នៃ​រដ្ឋសភា​ ​ប្រសិន​បើ​មាន​គណបក្ស​នយោបាយ​ណា​មួយ​ប្រកាស​បោះបង់​ចោល​អាសនៈ​ ​ឬ​គណបក្ស​នោះ​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​ ឬ​ត្រូវរំលាយ​ស្រប​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ នោះ​បញ្ជី​បេក្ខជន​ ​និង​តំណាង​រាស្រ្ត​ទាំងអស់​នៃ​គណបក្ស​នយោបាយ​នោះ​លែង​មាន​សុពល​ភាព​ និង​លែង​មាន​លក្ខណៈ​សម្បត្តិ​ជា​សមាជិក​សភា​ត​ទៅ​ទៀត​ហើយ។​

ក្នុង​ករណី​នេះ​ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាង​យូរ​៧ថ្ងៃ​ ​ឲ្យ​ទៅ​គណបក្ស​នានា ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ក្នុង​រាជធានី-ខេត្ត​នោះ​ ​ដោយ​មិន​គិត​បញ្ចូល​គណបក្ស​នយោបាយ​ដែល​បោះបង់​ចោល​អាសនៈ​ ​ឬ​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ ឬ​ដែល​ត្រូវ​រំលាយ​នោះ​ទេ។​

ប៉ុន្តែ​ប្រសិន​បើ​ពុំ​មាន​គណបក្ស​នយោបាយ​ណា​ទទួល​យក​អាសនៈ​ដែល​នៅ​ទំនេរ​ទេ​នោះ​ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ​ ​ឲ្យ​ទៅ​គណបក្ស​នយោបាយដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា។​

លោក​ ​មាស នី​ ​អ្នក​វិភាគ​នយោបាយ​ ​និង​ជា​អ្នក​សិក្សា​ពី​ការ​វិវត្ត​សង្គម​ ​លើក​ឡើង​ថា​ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​បាន​ព្យាយាម​អះអាង​តែ​សម្តី ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ទៅ​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ។​ ​ប៉ុន្តែ​លោក​ថា​ ​ការ​អនុវត្ត​របស់​គណបក្ស​ដឹកនាំ​ប្រទេស​មួយ​នេះ​បែរ​ជា​ត្រូវ​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ទៅ​វិញ។​ ​លោក​បន្ថែម​ថា​ ​គម្រោង​នៃ​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​ ​គឺ​ជា​សកម្មភាព​ខុស​ច្បាប់​ ​ដូច្នេះ​លោក​ថា​ ​គណបក្ស​កាន់​អំណាច​កំពុង​ពន្លឿនសកម្ម​ភាព​នោះ​ឲ្យ​ទៅ​ជា​ស្រប​ច្បាប់​ តាម​រយៈ​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ក្នុង​រដ្ឋ​សភា។​

លោក​ ​មាស នី​ បញ្ជាក់​ថា៖

«ការ​ដែល​អនុម័ត​ច្បាប់​នេះ​ ​គឺ​ធ្វើ​ម៉េច​ឲ្យ​ការ​ចែង​នេះ​វា​ត្រូវ​ច្បាប់​ ​ក៏​ប៉ុន្តែ​មុន​ពេល​ដែល​ការ​កែ​ហ្នឹង​ធ្វើ​ឡើង ​បាន​ន័យ​ថា​ ​ឥឡូវហ្នឹង​វា​មិន​ត្រូវ​ច្បាប់​ហើយ​បាន​គេ​នាំ​គ្នាកែ​ហ្នឹង។​ អា​នេះ​បាន​ន័យ​ថា​ ​ជាការ​កាត់​ក្បាល​តម្រូវ​មួក​ហើយ​អា​ហ្នឹង»។​

អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័នជាតិ​ ​អន្តរជាតិ​ ​ព្រមទាំង​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​សង្គម​ ​និង​នយោបាយជាច្រើន​បាន​រិះ​គន់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ដោយ​និយាយ​ថា​ ​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំង​នេះ​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ ​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេសនេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៨​ខាង​មុខ។​

ទោះ​ជា​យ៉ាង​ណា​ ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ថា​ ​អ្វីៗ​ដែល​កំពុង​កើត​ឡើង​នេះ​គឺ​ជា​ ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់​ ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ​នៅ​កម្ពុជា៕