សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដ៏ចម្រូងចម្រាស ត្រូវបានសភាដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច អនុម័តដោយគ្មានការកែប្រែអ្វីឡើយ បើទោះមានការតវ៉ា និងការផ្ទុះហិង្សាក៏ដោយ។
នៅថ្ងៃច័ន្ទនេះ រដ្ឋសភាជាតិបានបើកកិច្ចប្រជុំពិភាក្សា អនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដ៏ចម្រូងចម្រាស ខណៈពេលដែលប៉ូលិសប្រឆាំងកុប្បកម្មត្រូវបានគេពង្រាយ ដោយមានរបាំងការពារជុំវិញមន្ទីររដ្ឋសភា ដើម្បីរារាំងមិនឲ្យមានការតវ៉ានៅមុខសភាជាតិ។
យ៉ាងហោចណាស់ អ្នកតវ៉ាពីរនាក់បានរងរបួសក្បាលជាទម្ងន់ ក្រោយពេលក្រុមសន្តិសុខ និងមន្ត្រីប៉ូលិសក្នុងឯកសណ្ឋានជាង២០០នាក់ ដែលដាក់ពង្រាយនៅបរិវេណរដ្ឋសភាបានប៉ះទង្គិចជាមួយក្រុមតំណាងសហជីពជិត១០០នាក់។
ក្រុមតំណាងសហជីពបានព្យាយាមធ្វើការតវ៉ាឲ្យសភាជាតិ លើកកិច្ចប្រជុំរបស់ខ្លួន និងទទួលយកសំណើកែប្រែសេចក្ដីព្រាងច្បាប់សហជីព ដែលពួកអះអាងថា មានការរឹតត្បិតលើសិទ្ធិរបស់ផងខ្លួននោះ។
លោក សុន ឆៃ តំណាងរាស្ត្រ និងជាប្រធានអភិបាលនៃគណបក្សសង្គ្រោះជាតិដែលមានសំឡេងភាគតិចក្នុងរដ្ឋសភា ថ្លែងពីភាពសោកស្ដាយយ៉ាងដូច្នេះ៖«ជម្រាបជូនអង្គសភាដែរថា ព្រឹកមិញនេះមានតំណាងសហជីពមួយក្រុមមកធ្វើការ ដូចជាការតវ៉ានៅមុខរដ្ឋសភានេះ ហើយឃើញបង្ហោះនៅក្នុងហ្វេសប៊ុក ថាមានការវ៉ៃអីបែកក្បាលបែកក្បុង។ ហើយយើងខ្ញុំចង់ឲ្យសភា និងតំណាងរាជរដ្ឋាភិបាលបញ្ជាក់ផងដែរយ៉ាងម៉េចបានឈានដល់ការប្រើអំពើហិង្សា»។
ការលើកឡើងនេះត្រូវបានទាត់ចោលភ្លាមៗ ដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីរូបនេះបានថ្លែងការពារការបង្ក្រាបរបស់អាជ្ញាធរប្រឆាំងនឹងការតវ៉ារបស់ក្រុមសហជីពថា វាមានចំនួនតូច បើធៀបនឹងសហជីពដែលបានគាំទ្រសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះ។
«ដូចដែល ឯកឧត្តម សុន ឆៃ បានលើកឡើងអំបាញ់មិញថា ព្រឹកនេះនៅតែមានអ្នកតវ៉ា។ ប៉ុន្តែខ្ញុំសូមជម្រាបថា ក្នុងចំណោមអ្នកតវ៉ាក៏មាន ហើយអ្នកគាំទ្រក៏មានច្រើន។ក្នុងចំណោមសហព័ន្ធសហជីព៩៦ ក្នុងនោះគឺ៧៤បានគាំទ្រ ហើយមានតែ២០តែប៉ុណ្ណោះដែលនៅតែបន្តការតវ៉ា។ ឯតាមរោងចក្រសហគ្រាសនានា បងប្អូនកម្មករក៏សម្ដែងមតិដ៏ច្រើនក្នុងការគាំទ្រ។ ដូច្នោះសេចក្ដីព្រាងច្បាប់នេះ គឺជាសេចក្ដីសំយោគនូវរាល់សំណូមពរពីភាគីពាក់ព័ន្ធនានា»។
យោងតាមថ្លែងសេចក្ដីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលបានឃ្លាំមើលការប៉ះទង្គិចនាព្រឹកថ្ងៃច័ន្ទ បានរៀបរាប់ថា លោក ស៊ុត ចិត្ត ដែលមកពីសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា(CUMW) ត្រូវបានសន្តិសុខដេញ និងវាយឲ្យរបួសត្រង់ក្បាល។
លោក ជា ឧត្តម ដែលមកពីសហជីពដូចគ្នា ក៏បានរងរបួសផងដែរ នៅពេលព្យាយាមជួយលោក ស៊ុត ចិត្ត។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា នគរបាលដែលឈរក្បែរនោះមិនបានធ្វើអ្វីដើម្បីបញ្ឈប់អំពើហិង្សានោះទេ។
VOA មិនអាចទំនាក់ទំនងអាជ្ញាធរក្រុងភ្នំពេញ ដើម្បីសុំក្តីអធិប្បាយលើហេតុការណ៍នេះបានទេនាល្ងាចថ្ងៃច័ន្ទនេះ។
បើទោះបីជាមានការប៉ះទង្គិច និងការវាយដំលើអ្នកតវ៉ាយ៉ាងណាក៏ដោយ ក៏រដ្ឋសភាជាតិនៅតែបន្តកិច្ចពិភាក្សារបស់ខ្លួន រហូតដល់ការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះដោយគ្មានការកែប្រែ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាជាតិ ដែលចេញផ្សាយនាល្ងាចថ្ងៃច័ន្ទនេះ តំណាងរាស្ត្រចំនួន៦៧រូបនៃចំនួន៩៨រូបដែលមានវត្តមានបានលើកដៃអនុម័តសេចក្ដីព្រាងច្បាប់នេះនៅម៉ោង៦ល្ងាច ក្រោយពីពិភាក្សាអស់ជាង៦ម៉ោងនោះ។
សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដែលមាន១៧ជំពូក និង១០០មាត្រាបានទទួលរងការរិះគន់ពីសហជីព និងអង្គការសង្គមស៊ីវិលជាច្រើន ចំពោះការរឹតត្បិតសិទ្ធិរបស់សហជីព និងការបង្កើតសហជីពជាដើម។
មុនពេលបើកកិច្ចពិភាក្សាលើសេចក្ដីព្រាងច្បាប់នាថ្ងៃច័ន្ទនេះ លោក សុន ឆៃ ក៏បានស្នើបូកបញ្ចូលមតិមួយចំនួនរបស់សហជីព និងរួមបញ្ចូល ក្រុមសហជីពដែលធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលក្នុងច្បាប់នេះផងដែរ ដើម្បីសម្រួល និងធានាបាននូវការការពារដល់សិទ្ធិរបស់ពួកគេឲ្យបានពេញលេញ។
លោកថ្លែងថា៖«ហើយចំណុចមួយទៀតសំខាន់ គឺចង់ឲ្យឃើញមានសេចក្ដីសុខដុមរមនារវាងកម្មករ និងនិយោជក ព្រោះការបង្កើតឲ្យមានសេចក្ដីសុខដុមរមនារវាងកម្មករ និងនិយោជក គឺវាសំខាន់ណាស់ ពីព្រោះធ្វើយ៉ាងម៉េចឲ្យមានការគោរពច្បាប់ការងារទាំងអស់គ្នា ធ្វើយ៉ាងម៉េចឲ្យភាពការងារ ការវិនិយោគនៅក្នុងប្រទេសកម្ពុជាអាចនឹងលូតលាស់នៅក្នុងប្រទេសកម្ពុជាយើងបានច្រើន ដើម្បីបង្កើតការងារជួនដល់ប្រជាពលរដ្ឋរបស់យើង»។
លោក សុន ឆៃ តំណាងរាស្ត្រ និងជាប្រធានក្រុមអភិបាលរបស់តំណាងរាស្ត្រគណបក្សជំទាស់ ក៏បានបន្តថា លោកមើលមិនឃើញពីចំណុចទាំងនេះនៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដែលគណបក្សលោកអាចទទួលយកបាននោះ។
ស្រដៀងគ្នានោះដែរ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបញ្ជាក់ថា ការបង្កើតសហជីព ឬក្រុមអ្នកការពារពលករ និងអ្នកដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា អ្នកធ្វើការតាមផ្ទះ កម្មករសំណង់ជាដើម មិនត្រូវបានគេបញ្ចូលក្នុងច្បាប់នោះទេ ហើយពួកគេកំពុងជួបបញ្ហាជាច្រើន មិនដឹងថាអាចរកជំនួយពីខាងណានោះទេ។
លោក អេង ឆៃអ៊ាង បញ្ជាក់ថា៖ «ប៉ុន្តែ មានក្រុមមនុស្សជាច្រើនដែលធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺយើងឃើញថា នៅមានរងគ្រោះច្រើន ដូចជាអ្នកធ្វើការតាមភោជនីយដ្ឋាន អ្នកធ្វើការតាមគេហដ្ឋាន និងអ្នកធ្វើការតាមក្លឹបកម្សាន្តនានាជាដើម។ដឹងហើយថាអ្នកដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គឺមិនមានការធានាដោយច្បាប់ឲ្យបានច្បាស់លាស់ទេ។ ហើយអាបញ្ហាហ្នឹងឯង គឺធ្វើឲ្យមានបញ្ហាច្រើន ហើយដល់ពេលមានរឿងកើតឡើងមិនដឹងជាទៅទាមទារជាមួយអ្នកណា»។
ក្ដីបារម្ភ និងការលើកឡើងរបស់គណបក្សជំទាស់ដែលមានសំឡេងភាគតិចនៅក្នុងរដ្ឋសភា ត្រូវបានច្រានចោលដោយតំណាងរាស្ត្រគណបក្សកាន់អំណាច និងរដ្ឋមន្ត្រី អ៊ិត សំហេង ដែលជាសាមីក្រសួងការពារសេចក្ដីព្រាងដ៏ចម្រូងចម្រាសនេះ។
លោកថ្លែងថា ច្បាប់នេះគឺធ្វើឡើងស្របតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ ដោយឆ្លងកិច្ចពិភាក្សាពីអ្នកច្បាប់ និងគ្រប់ភាគីដែលពាក់ព័ន្ធ រួមទាំងការបើកឲ្យមានសិក្ខាសាលា ដែលធ្វើឡើងនៅក្នុងរដ្ឋសភាផ្ទាល់ផងដែរ។
លោករដ្ឋមន្ត្រី អ៊ិត សំហេង ថ្លែងថា៖«សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពមានគោលបំណងទី១ផ្ដល់សិទ្ធិសេរីភាពដល់សហគ្រាស គ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងបុគ្គលិកទាំងធ្វើការនៅលើអាកាស និងសមុទ្រ និងកំណត់អំពីការរៀបចំ និងប្រព្រឹត្តទៅរបស់អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិក និងនិយោជកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទី២ គឺការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃជនទាំងឡាយ ដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ និងបុគ្គលិកទាំងធ្វើការនៅលើអាកាស និងសមុទ្រ ធានាសេរីភាពក្នុងការចរចាសមូហភាពរវាងកម្មករ និយោជិក និងនិយោជក ព្រមទាំងជំរុញឲ្យមានសុខដុម ភាវូនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ ដើម្បីបង្កើតផលិតភាពនិងការវិនិយោគ»។
យ៉ាងណាក៏ដោយ រដ្ឋសភាជាតិបានអនុម័តសេចក្ដីព្រាងច្បាប់ ដែលមាន១៧ជំពូកនឹង១០០មាត្រាដោយគ្មានការកែប្រែនោះទេ។
គេរំពឹងថា ច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភានាពេលដ៏ខ្លីខាងមុខ ដើម្បីពិនិត្យបន្តទៀតមុនពេលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រខ្មែរឲ្យចូលក្លាយជាច្បាប់ពេញលេញនោះ៕