សភា​ជាតិ​បាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មការ​ជំនាញ

សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​​របស់​រដ្ឋសភា​នៅ​ក្នុង​អណត្តិ​ទី​៥​នេះ​ មាន​ចំនួន​៧​រូប​ដែល​ខុស​ប្លែក​ពី​អណត្តិ​មុនៗ​មាន​​រហូត​ដល់​៩​រូប។​

ភ្នំពេញ៖ សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បោះ​ឆ្នោត​ជា​សម្ងាត់​ជ្រើស​រើស​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋ​សភា​ដោយ​គ្មាន​ការ​ចូល​រួម​ពី​សមា​ជិក​សភា​ខាង​គណបក្ស​សង្គ្រោះជាតិ។

សមាជិក​សភា​ចំនួន​៦៥​រូប​ដែល​មាន​វត្តមាន​បាន​បោះ​ឆ្នោត​ដោយ​សំឡេង​៦៥​ទល់​នឹង​៦៥​សំឡេង​ដោយ​គ្មាន​សមាជិក​ណាម្នាក់​ហ៊ាន​បោះ​ឆ្នោត​ទម្លាក់​ឡើយ។

លោក​ហេង សំរិន​ប្រធាន​សភា​បាន​ប្រកាស​ថា៖​

«សន្លឹក​ឆ្នោត​ព្រម​ចំនួន​ ៥៥​លើ​៥៥។​អូ៎ស!​៦៥​លើ​៦៥។ ​សន្លឹក​ឆ្នោត​មិន​ព្រម​សូន្យ។ ​ អនុប្បវាទ​សូន្យ។ មោឃៈ​សូន្យ»។​

សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩របស់​រដ្ឋសភា​នៅ​ក្នុង​អណត្តិ​ទី​៥​នេះ​ មាន​ចំនួន​៧​រូប​ដែល​ខុស​ប្លែក​ពី​អណត្តិ​មុនៗ​មានរហូត​ដល់​៩​រូប។​

សមាសភាពសមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​សុទ្ធ​តែ​ជា​សមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ពុំមាន​សមាជិក​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ដោយ​សារ​តែ​គណបក្ស​នេះ​មិន​បាន​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​មុខ​តំណែង​និង​ចូល​រួម​ប្រជុំ​សភា​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៣​ខែកញ្ញា។​

លោក​ ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​បាន​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​សម្រាក​កិច្ច​ប្រជុំ​សភា​ថា​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​ជាសិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​និយាយ​ថា៖​«មិន​ដឹង​សម្រេច​យ៉ាង​ម៉េច​ទេ។​គេ​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​ អាហ្នឹង​ជាសិទ្ធិ​របស់​គេ។​ចាំទៅខាង​មុខ​ទៀត​យើង​នឹង​ដោះ​ស្រាយ​យ៉ាង​ម៉េច។​ អាហ្នឹង​ទាល់​តែ​យើង​ធ្វើ​ម៉េច​ឱ្យគេ​មក​ចូល​រួម​ បើ​ថា​គេ​មិន​ចូល​រួម​ហ្នឹង​ចាំ​គិត​ទៀត»។​

ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​របស់​រដ្ឋសភា​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង​ជា​សម្ងាត់​ដែល​ខុស​ប្លែក​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៤​ខែកញ្ញា។ ជ្រើស​រើស​ប្រធាន​ អនុប្រធានរដ្ឋសភា​និង​រដ្ឋាភិបាល​បាន​ធ្វើ​ឡើង​ជាកញ្ចប់​រួម​គ្នា​តែ​មួយ ហើយ​ការ​បោះ​ឆ្នោត​នេះ​បាន​ធ្វើ​ឡើង​ដោយ​លើក​ដៃ។​

លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​ខេត្ត​តាកែវ​នៅ​ពេល​ដែល​លោក​កំពុង​រវល់​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ថា​ គណបក្ស​របស់​លោក​មិន​ចាប់​អារម្មណ៍​នឹង​ការ​ប្រជុំ​សភា​លើក​ទី​មួយ​ទេ។​

លោក​បាន​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់​គ្រង​ស្ថាប័ន​រដ្ឋសភា​ដោយ​ឯក​បក្ស​មិន​ចង់​នាំ​កម្ពុជា​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ទេ។​

លោក​និយាយ​ថា៖«​គឺ​ឃើញ​ថា​ដំណើរ​ការ​សភា​ដោយ​ឯកបក្ស​បែប​នេះ​គឺ​ប្រាកដ​ជាអត់​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​មិន​មាន​តុល្យភាព​អំណាច។ ​អញ្ចឹង​ហើយ​រដ្ឋាភិបាល​នឹង​ជិះ​សេះ​លែង​ដៃ។ ​អញ្ចឹង​អ្វី​ដែល​ជា​ការ​សន្យា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​កម្មវិធី​នយោ​បាយ​អណត្តិ​ទី​៥​នេះ​គឺ​ហ្ស៊េរ៉ូ​ សូន្យ​តែម្តង​ អត់​មាន​បានការ​អ្វីទាំង​អស់»។​

គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែមិន​ទាន់​ដោះ​ស្រាយ​ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ឡើយ​ទាក់ទិន​នឹង​ការ​បែង​ចែក​តុល្យភាព​នៃ​អំណាច​ក្នុង​ស្ថាប័ន​នៃ​រដ្ឋសភា។​

គណបក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​មុខ​តំណែង​ជាប្រធាន​រដ្ឋសភា​និង​ការ​បែង​ចែក​ឱ្យស្មើ​គ្នា​ទាំង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង​១២​និង​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា​ឱ្យ​បាន​ស្មើៗ​គ្នា​តែគណបក្ស​ប្រជាជន​កម្ពុជា​បាន​ជំទាស់។​

លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​បាន​បញ្ជាក់​ថា​បើមាន​ការ​សម្រប​សម្រួល​នយោបាយ​នឹង​មាន​ការ​ឯក​ភាព​គ្នា​ឡើង​វិញ​ចំពោះ​មុខ​តំណែង​ក្នុង​ស្ថាប័ន​នៃ​រដ្ឋសភា។ ក៏ប៉ុន្តែ​ត្រូវ​ទទួល​យក​មុខតំណែង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កំណត់​ឱ្យតែ​ប៉ុណ្ណោះ៕