រដ្ឋសភា​ខ្មែរ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ខណៈ​មាន​ភាព​ចម្រូងចម្រាស​អំពី​ភាព​ស្របច្បាប់​របស់​ខ្លួន

រូប​ឯកសារ៖ លោក ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ​​ ដឹកនាំ​អង្គ​ប្រជុំ​ប្រកាស​សុពលភាព​តំណារាស្ត្រ​ថ្មី និង​ក្រុម​មន្ត្រី​បី​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) នៅក្នុង​សភា​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន អាសនៈ​សភា​ចំនួន​៥៥​​របស់​គណបក្ស​នេះ ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​ផ្សេង​ទៀត ដែល​មិន​បាន​ឈ្នះ​សូម្បី​តែ​មួយ​អាសនៈ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​កន្លង​ទៅ។

រដ្ឋសភា​កម្ពុជា​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​អំពី​ភាព​ស្របច្បាប់​របស់​ខ្លួន​នោះ បាន​អនុម័ត​យល់​ព្រម​លើ​សេចក្ដី​ព្រាងច្បាប់​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ស្ដីពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​ ក្រោម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ស្ដីពី កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥​ខែ​មក​រា​ឆ្នាំ ២០១៨​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា អង្គ​សភា​បាន​អនុម័ត​យល់​ព្រម​លើ​សេចក្ដី​ព្រាង​ច្បាប់​ ដែល​មាន​៣​មាត្រា​នេះ ដោយ​មាន​សំឡេង​១១៣​ នៃ​សមាជិក​រដ្ឋ​សភា​ចំនួន​១២៣​រូប។

ដំណើរការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​របស់​រដ្ឋសភា​នេះ ​ធ្វើ​ឡើង​ខណៈ​ដែល​តំណាងរាស្ត្រ​ជាប់ឆ្នោត​នៃ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ និង​អ្នកវិភាគ​មួយ​ចំនួន​ បាន​ចោទ​ជា​សំណួរ​អំពី​ភាព​ស្របច្បាប់​នៃ​រដ្ឋសភា​ថ្មី​នេះ​ ដែល​មាន​សមាជិក​មួយ​ចំនួន​ បាន​ក្លាយ​ជា​តំណាងរាស្ត្រ​ ដោយ​ពុំ​បាន​ឆ្លង​កាត់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ តាម​ការ​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន អាសនៈ​សភា​ចំនួន​៥៥របស់​គណបក្ស​នេះ ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ និង​គណបក្ស​ផ្សេង​ទៀត ដែល​មិន​បាន​ឈ្នះ​សូម្បី​តែ​មួយ​អាសនៈ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​កន្លង​ទៅ។

ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្ដី លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ ដែល​បាន​ដំណើរការ​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​តុលា​ឆ្នាំ​២០១៧ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨​នេះ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ដដែល៕