អវកាសយានិកចំនួន៤រូប កំពុងធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ក្រោយការបាញ់បង្ហោះដោយជោគជ័យនូវយានអវកាស SpaceX Crew Dragon។
ក្រុមអវកាសយានិក៣រូបរបស់សហរដ្ឋអាមេរិក និងមួយរូបរបស់ប្រទេសជប៉ុន កំពុងបំពេញបេសកកម្មផ្លាស់វេនរបស់ទីភ្នាក់ងារអវកាស NASA ដោយប្រើប្រាស់យានអវកាសរបស់ក្រុមហ៊ុនឯកជនជាលើកដំបូង។
ពួកគេគ្រោងនឹងទៅដល់ស្ថានីយអវកាសអន្តរជាតិនៅយប់ថ្ងៃចន្ទ ដោយធ្វើការនៅទីនោះរួមជាមួយក្រុមអវកាសយានិករុស្ស៊ី២រូប និងអាមេរិកមួយរូបផងដែរ ដែលបានទៅដល់ទីនោះកាលពីខែមុន ពីប្រទេសកាហ្សាក់ស្ថាន។
មេបញ្ជាការបេសកកម្មលោក Mike Hopkins បាននិយាយមុនពេលបាញ់បង្ហោះយានអវកាសថា៖ «ដោយធ្វើការរួមគ្នាក្នុងពេលវេលាដ៏លំបាកមួយនេះ អ្នកបានជំរុញលើកទឹកចិត្តដល់ប្រទេសនិងពិភពលោក ក៏ដូចជាកិត្តិនាមនៃយានអវកាស Resilience ដ៏អស្ចារ្យនេះ។
អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេន (Mike Pence) បានធ្វើដំណើរទៅរដ្ឋ Florida ដើម្បីចូលរួមជាមួយប្រធានទីភ្នាក់ងារ NASA លោក Jim Bridenstine ដើម្បីទស្សនាការបាញ់បង្ហោះយានអវកាសកាលពីថ្ងៃអាទិត្យនោះ។
លោក ផេន និយាយក្នុងពេលអបអរដល់ក្រុមការងារបាញ់បង្ហោះយានអវកាស SpaceX ថា លោកប្រឹងអត់ដង្ហើមរហូតដល់យានអវកាសនោះត្រូវបាញ់បង្ហោះឡើង។
ក្នុងអំឡុងបេសកកម្មជាច្រើនខែ នៅលើស្ថានីយអវកាសអន្តរជាតិនោះ ក្រុមអ្នកអវកាសរំពឹងថានឹងធ្វើការពិសោធន៍ជាច្រើន ក៏ដូចជាជួយទីភ្នាក់ងារ NASA រៀបចំសម្រាប់បេសកកម្មទៅព្រះច័ន្ទ និងភពព្រះអង្គារទៅពេលអនាគត៕