ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិកហៅកាត់ថា NASA បានថ្លែងថាការរ៉ុករកថ្មីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងភពព្រះអង្គារបានចុះចតដោយទទួលជោគជ័យ នៅលើភពក្រហមមួយនេះ។
បន្ទាប់ពីធ្វើដំណើររាប់រយលានគីឡូម៉ែត្រឆ្លងកាត់អវកាសអស់រយៈពេល៦ខែ បេសកកម្មរុករកដែលមានឈ្មោះថា InSight កាលពីថ្ងៃចន្ទបានទៅដល់គោលដៅនិងបានចុះចតដោយសុវត្ថិភាពនៅលើភពព្រះអង្គារ។ យានអវកាសបានប្រើពេល៦នាទីកន្លះដើម្បីចូលទៅក្នុងបរិយាកាសរបស់ភពព្រះអង្គារ។
អង្គការ NASA បានប្រកាសថាទិន្នន័យបានបង្ហាញថាឆ័ត្រយោងបានទម្លាក់នៅចំកន្លែងត្រឹមត្រូវនិងបានចុះចតនៅលើផ្ទៃភពព្រះអង្គារ។ នៅក្នុងបន្ទប់តាមដាននិងបញ្ជាពីចម្ងាយរបស់អង្គការ NASA ក្នុងរដ្ឋកាលីហ្វញ៉ាបានលាន់សំឡេងអបអរឡើងនៅពេលដែលការប្រកាសថាបេសកកម្មរុករក InSight បានចុះចតនៅលើភពព្រះអង្គារដោយជោគជ័យ៕