តំបន់ Yilgarn Craton ជាតំបន់សម្បូរទៅដោយរ៉ែជាច្រើន ដែលមានចម្ងាយប្រមាណ ៤០០ គ.ម. ពីភាគខាងកើតនៃទីក្រុង Perth ក្នុងរដ្ឋ Western Australia។
Yilgarn ជាពាក្យដែលជនជាតិដើមភាគតិចនៅតំបន់នេះប្រើប្រាស់ដើម្បីពណ៌នារ៉ែថ្មមួយប្រភេទ។ តំបន់នេះជាចំណុចស្នូលនៃការរុករក និងជីករ៉ែ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿថា វាអាចជាចំណុចគន្លឹះអំពីចក្រវាល និងជីវិតនៅភពដទៃទៀត។
បឹងដែលមានជាតិអាស៊ីដនៅរដ្ឋ Western Australia ត្រូវបានគេជឿថា មានលក្ខណៈដូចទៅនឹងភពព្រះអង្គារក្នុងសម័យបុរាណ។ ថ្មដែលមានអាយុ ៣ ពាន់លានឆ្នាំនៅរដ្ឋ Western Australia ជាថ្មដែលមានវ័យចំណាស់ជាងគេនៅលើភពផែនដីនេះ ហើយអ្នកសិក្សាស្រាវជ្រាវជឿថា វាមានអាយុស្មើនឹងថ្មនៅភពក្រហម ដែលត្រូវបានគេស្គាល់ថាជាភពព្រះអង្គារផងដែរ។
ក្រុមអ្នកជំនាញសហរដ្ឋអាមេរិកដែលមានការគាំទ្រពីជនជាតិដើមភាគតិចវ័យចំណាស់ៗក្នុងស្រុកកំពុងស៊ើបអង្កេតថាតើ «កន្លែងដែលមានជាតិអំបិលច្រើននេះ» មិនគ្រាន់តែជាប្រព័ន្ធអេកូឡូស៊ីក្នុងពេលបច្ចុប្បន្ននេះនោះទេ តែថែមទាំងជាកន្លែងកត់ត្រាប្រវត្តិសាស្ត្រយ៉ាងដូចម្តេចដែរ។
អ្នកស្រី Britney Schmidt សាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យCornell ក្នុងរដ្ឋញូវយ៉កបានប្រាប់សារព័ត៌មាន Australian Broadcasting Corp ថា គម្រោងនេះទទួលបានមូលនិធិពីអង្គការណាសា ដែលជារដ្ឋបាលអវកាសជាតិសហរដ្ឋអាមេរិកមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកស្រី Britney Schmidt ថ្លែងថា៖
«យើងជាសមាជិកនៃគម្រោងមហាសមុទ្រនៅគ្រប់ភពនិងគ្រប់ពេលវេលា ឬ (Oceans Across Space and Time) ដែលជាកម្មវិធីមួយផ្តល់មូលនិធិដោយកម្មវិធីតារាជីវសាស្ត្រនៃអង្គការណាសា ហើយយើងមកទីនេះដើម្បីសិក្សាពីភាពស្រដៀងគ្នា ឬសិក្សាអ្វីដែលយើងគិតថាជាសណ្ឋាននៃភពព្រះអង្គារពីបុរាណ។ រដ្ឋ Western Australia មានលក្ខណៈពិសេស ដោយសារវាមានថ្មចាស់ៗ។ នៅតំបន់ Yilgarn Craton នេះកាលពីប្រមាណ ២ ទៅ ៣ លានឆ្នាំមុនមានទឹកដែលមានជាតិអាស៊ីដយ៉ាងច្រើន ហើយការរួមបញ្ចូលគ្នាទាំងពីរនេះជាអ្វីដែលយើងបានមើលឃើញនៅលើផ្ទៃនៃភពផ្សេងៗទៀត។ ដូច្នេះវាពិតជាពិសេសណាស់»។
ក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយនឹងជនជាតិភាគតិចវ័យចំណាស់ៗ ដែលពន្យល់ពី «រឿងរ៉ាវពីក្តីសុបិន្ត» របស់តំបន់នេះ ដែលបង្ហាញពីការបង្កើតទឹកដីដោយដូនតាបុរាណរបស់ពួកគេ។
មានសំណួរសំខាន់ៗជាច្រើនដែលត្រូវឆ្លើយ។ ប្រសិនបើមានជីវិតរស់រាននៅក្នុងបរិយាកាសដែលមានជាតិពុល និងជាតិអំបិលច្រើនបែបនេះនៅរដ្ឋ Western Australia តើជីវិតបែបនេះអាចមានដែរឬទេនៅក្នុងបរិយាកាសដែលមានលក្ខណៈធ្ងន់ធ្ងរនៅភពដទៃទៀត?
យើងប្រហែលមិនអាចរកចម្លើយបាននោះទេ ប៉ុន្តែការរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្រ និងចំណេះដឹងបុរាណអាចផ្តល់គន្លឹះដ៏មានតម្លៃ។
ទិន្នន័យជាច្រើនដែលប្រមូលបាននឹងជួយដល់និក្ខេបបទថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅពេលក្រុមការងារនេះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ៕