លោក Modi ទទួល​ជ័យ​ជម្នះ​​ក្នុង​ការ​បោះឆ្នោត​យ៉ាង​ខ្ទរខ្ទារ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា

លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ Narendra Modi លើកដៃពីរ​ទៅកាន់​អ្នក​គាំទ្របន្ទាប់ពី​លទ្ធផល​បោះឆ្នោត​បង្ហាញ​ថាជ័យជម្នះនៅ​ការិយាល័យ​កណ្តាលរបស់​គណបក្ស Bharatiya Janata Party (BJP) ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា កាល​ពីថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០១៩។

លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ Narendra Modi បាន​សន្យា​ថា​នឹង​កសាង​ប្រទេសមួយ​ដែល «ខ្លាំង​និងមាន​រួម​បញ្ចូល​គ្នាទាំង​អស់» នៅ​ពេល​ដែល​មេដឹកនាំ​រូបនេះ​ដែល​មាន​លក្ខណៈសម្បត្តិដ៏​គាប់ចិត្តនិង​គួរ​កោត​សរសើរ​បានវិល​ត្រឡប់មក​កាន់​អំណាចវិញ​នៅ​ក្នុង​ប្រទេស​កាន់លទ្ធិប្រជាធិបតេយ្យ​ធំទី​ពីរ​ក្នុង​ពិភពលោក​ដោយ​លោក​បានទទួល​អាណត្តិ​ធំជាង​អាណត្តិ​ដែលលោក​បានឈ្នះ​ឆ្នោតកាលពី​៥ឆ្នាំ​មុននេះ។

លោកនាយករដ្ឋមន្ត្រី​ Modi បានសរសេរ​លើបណ្តាញ​សង្គម​ Twitter ថា​«សូម​អរគុណ​ប្រទេស​ឥណ្ឌា។ ការ​ជឿទុកចិត្ត​ដែល​បានត្រូវប្រគល់​ឱ្យ​សម្ព័ន្ធភាពយើង​នាំ​ឱ្យ​យើង​ដាក់ខ្លួន​ហើយ​បានផ្តល់​ឱ្យ​យើង​នូវ​កម្លាំង​សម្រាប់​ធ្វើការ​ខ្លាំងជាង​មុន​ដើម្បី​បំពេញ​ការប៉ង​ប្រាថ្នា​របស់​ប្រជារាស្ត្រ»។

បើ​តាមរាប់សន្លឹក​ឆ្នោត​រហូត​មក​ដល់ពេល​នេះ​បង្ហាញ​ថា​គណបក្សជាតិ​និយម Bharatiya Janata ឬ BJP របស់​លោក Modi ឈ្នះ​ឆ្នោត​ដោយ​បានទទួល​អាសនៈ​ប្រមាណ៣០០។

ការណ៍​នេះធ្វើឱ្យ​គណបក្ស BJP មានការគាំទ្រ​ច្រើន​ដោយ​ទទួល​កៅអី​ជាង​ពាក់កណ្តាល។​ ជ័យជម្នះ​ធ្វើឱ្យ​គណបក្ស BJP បានធ្វើឱ្យ​គណបក្ស​នេះជា​គណបក្ស​នយោបាយ​ទី​មួយ​ក្នុង​រយៈពេល​៣៥ឆ្នាំ​ដែល​មានសំឡេង​ភាគ​ច្រើន​ក្នុង​សភា​នៃប្រទេសឥណ្ឌាពីរ​ដងបន្តបន្ទាប់គ្នា។ ​ជាមួយដៃគូ​នៅក្នុង​ក្រុមចម្រុះ​របស់​ខ្លួន​ គណបក្ស​ BJP នឹង​មាន​សំឡេង​ភាគច្រើននៅក្នុង​សភាដែល​មាន​អាសនៈ​៥៤៣។​

នៅ​ក្នុង​ការ​ប្រជុំ​មួយ​របស់ពួក​អ្នកធ្វើការ​ឱ្យ​គណបក្ស​ដើម្បី​អបអរសាទរ​ជ័យជម្នះរបស់​គណបក្ស​លោក លោក Modi បានទទួល​ការស្វាគមន៍ជា​វីរបុរស។ ​លោក​បាន​លើកម្រាមដៃ​ជាអក្សរវ៉េ​ដែល​ជា​និមិត្តរូប​នៃ​ជ័យជំនះ។ លោក Modi បាន​មាន​ប្រសាសន៍​ថា​អាណត្តិ​របស់​លោកគឺ​កសាង «ប្រទេសឥណ្ឌា​ថ្មីមួយ» ​ហើយ​ថា​ការ​បោះឆ្នោត​នេះ​ជា​ការ​បោះឆ្នោត​មួយ​សម្រាប់​អនាគត​នៃប្រទេស​ជាតិ៕