អាជ្ញាធរមានសមត្ថកិច្ច បានចាប់ខ្លួនមេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺកញ្ញា ឈឹម ស៊ីថរ នៅរសៀលថ្ងៃអង្គារនេះ បន្ទាប់ពីមេដឹកនាំសហជីពរូបនោះ ត្រូវបានតុលាការចោទពីបទញុះញង់ចំពោះការដឹកនាំកូដកម្មដែលអាជ្ញាធររាជធានីភ្នំពេញចោទថា ខុសច្បាប់។ នេះបើតាមអ្នកការពារសិទ្ធិមនុស្ស។
គណនី Twitter របស់នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនភ្លាមៗនៅពេលកញ្ញា បានចេញពីរថយន្ត។ នេះ ជាការចាប់ខ្លួនដោយប្រើកម្លាំងយ៉ាងខ្លាំងមួយ។ ខ្ញុំសោកស្តាយនៅពេលឃើញអំពើឃោរឃៅប្រព្រឹត្តមកលើស្រ្តីវ័យក្មេងដ៏ក្លាហានមួយនេះ។ ឥឡូវនេះ បុគ្គលិកនិយោជិត កំពុងមានការខឹងសម្បារ និងខ្លោចចិត្ត»។
ការចាប់ខ្លួននេះ កើតឡើង ក្រោយពីសាលាដំបូងរាជធានីភ្នំពេញសម្រេចធ្វើចំណាត់ការផ្លូវច្បាប់លើកញ្ញា ឈឹម ស៊ីថរ និងថ្នាក់ដឹកនាំ សកម្មជនសហជីព ចំនួន៨នាក់ផ្សេងទៀតពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីបុគ្គលិកនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មអស់រយៈពេលប្រមាណពីរសប្តាហ៍កន្លងមកនេះ។
ទាក់ទងនឹងសំណុំរឿងកូដកម្មនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងន័យដើមថា៖ «យើងកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់នូវការចាប់ខ្លួនសមាជិកសហជីពនៃបុគ្គលិកកម្មករនៃកាស៊ីណូណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិដោយសន្តិវិធីរបស់ពួកគេ និងស្នើឱ្យអាជ្ញាធរ ស្តាប់ពលរដ្ឋ មិនមែនបំបិទសំឡេងរបស់គេទេ។ សេរីភាពក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា និងក្នុងការចងក្រងគ្នាជាក្រុម សមាគម ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា»៕