ក្រុមកូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពរបស់ខ្លួន និងទាមទារឱ្យថៅកែគោរពសិទ្ធិការងារ បើទោះបីសកម្មជនការងារ និងបរិស្ថានត្រូវបានចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់។
កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមកូដករសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) បានបន្តកូដកម្មរបស់ខ្លួននៅខាងមុខកាស៊ីណូណាហ្គាវើលដ៍។
ក្នុងអំឡុងការធ្វើកូដកម្មនោះ ក្រុមកូដករបានបង្ហាញសៀវភៅធំមួយក្បាលធ្វើពីក្រដាសកាតុងតំណាងឱ្យសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រដែលពួកគេអះអាងថា កត់ត្រាពីចេតនាថៅកែណាហ្គាវើលដ៍ចង់រំលាយសហជីពរបស់ពួកគេពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០២៤ នេះ។ ពួកគេមានលើកបដា និងស្រែកតាមមេក្រូទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពរបស់ពួកគេ ទទួលយកតំណាងទាំងអស់ចូលធ្វើការវិញ ពេលឈប់ធ្វើការត្រូវគុណលុយតាមច្បាប់ក្រុមហ៊ុន និងស្ថិរភាពនៅកន្លែងធ្វើការជាដើម។
កូដកម្មរបស់កូដករណាហ្គាវើលដ៍កាលពីថ្ងៃទី ៧ ខែកក្កដានេះ ធ្វើឡើងបន្ទាប់ពីក្រុមយុវជនចលនាមាតាធម្មជាតិ ១០ នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗពី ៦ ទៅ ៨ ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤។ ក្នុងនោះយុវជន ៥ នាក់ រួមមានលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក យឹម លាងហ៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងបង្ខំ ខណៈដែលពួកគេប្រមូលផ្តុំគ្នាដើម្បីត្រៀមស្តាប់ការប្រកាសសាលក្រម។
ចំណែកលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ ក៏កំពុងរងការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង» ពីមន្រ្តីសហជីពមួយដែលគាំទ្ររដ្ឋាភិបាល ពាក់ព័ន្ធនឹងការផ្តល់សម្ភាសន៍របស់លោកទៅវិទ្យុអាស៊ីសេរី អំពីរបាយការណ៍ដែលអង្គការសង់ត្រាល់រកឃើញថា សហជីពនៅកម្ពុជាបន្តរងការរឹតត្បិត។
កញ្ញា ចាន់ ដាវី ប្រធានគ្រប់គ្រងហ្គេមលើតុនៅកាស៊ីណូណាហ្គាវើលដ៍ ដែលតែងចូលរួមធ្វើកូដកម្មប្រាប់វីអូអេថា ការចាប់ខ្លួន និងចោទប្រកាន់សកម្មជនសិទ្ធិការងារ និងបរិស្ថានទាំងនោះ ធ្វើឱ្យកញ្ញាមានការភ័យខ្លាចខ្លះដែរ ប៉ុន្តែកញ្ញាថានឹងនៅតែបន្តតវ៉ារហូតមានដំណោះស្រាយ។
កញ្ញានិយាយថា៖ «សម្រាប់ខ្ញុំ បើនិយាយរឿងភ័យខ្លាច ខ្ញុំភ័យខ្លាចដូចតែគ្នាទេបង។ ប៉ុន្តែបើយើងមិនធ្វើអ្វីសោះ គង់តែដល់វេនយើងទេ អារឿងហ្នឹងនុះ»។
ព័ត៌មានទាក់ទង៖ ក្រុមមេដឹកនាំសហជីពណាហ្គាវើលដ៍ បន្តស្វែងរកយុត្តិធម៌ក្រោយបរាជ័យនៅសាលាឧទ្ធរណ៍កញ្ញាទាមទារឱ្យមានដំណោះស្រាយសម្រាប់ក្រុមកូដករ ដោយទម្លាក់បទចោទ និងដោះលែងថ្នាក់ដឹកនាំសហជីព ព្រមទាំងឱ្យសហជីពចូលធ្វើការវិញទាំងអស់គ្នា។
កញ្ញាថ្លែងថា៖ «និយាយរួមទៅ ដំណោះស្រាយខាងកូដករយើងហ្នឹងទទួលបានសមរម្យគឺពួកយើងឈប់តវ៉ាទៀតហើយ។ រាល់ថ្ងៃហ្នឹង វាអត់មានដំណោះស្រាយណាមួយដែលយើងអាចទទួលយកបានទេ»។
អ្នកស្រី សយ ស៊ីថា បុគ្គលិកផ្នែកចែកបៀរនៅកាស៊ីណូណាហ្គាវើលដ៍ដែលចូលរួមធ្វើកូដកម្មដែរនោះប្រាប់វីអូអេថា អ្នកស្រីមិនដកថយ និងនៅតែតស៊ូមតិក្នុងការទាមទារសិទ្ធិសេរីភាពការងារ។ អ្នកស្រីបន្តថា ប្រសិនបើអ្នកស្រីនៅបន្តការតស៊ូ នោះថ្ងៃណាមួយនឹងទទួលបានដំណោះស្រាយ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំអត់មានអារម្មណ៍ភ័យខ្លាចទេ។ ខ្ញុំនៅតែមានទឹកចិត្ត និងចូលរួមតស៊ូទៀតកាន់តែពង្រឹងទឹកចិត្ត។ ខ្ញុំនៅតែចង់តស៊ូទៀត ពេលឃើញភាពអយុត្តិធម៌អ៊ីចឹង»។
ក្រុមកូដករតែងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជាទៀងទាត់ ខណៈដែលវិវាទការងាររវាងសហជីពកម្មករ និងក្រុមហ៊ុនណាហ្គាវើលដ៍បានអូសបន្លាយពេលជិត ៣ ឆ្នាំមកហើយ។ មេដឹកនាំសហជីពគឺកញ្ញា ឈឹម ស៊ីថរ កំពុងជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងការដឹកនាំធ្វើកូដកម្មនេះ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលើកឡើងថា បើទោះបីជាមេដឹកនាំសហជីពមួយចំនួនត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែកូដកម្មរបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តដោយសារវិវាទនេះមិនទាន់បានដោះស្រាយបញ្ចប់នៅឡើយ។
លោកថ្លែងថា៖ «កូដកម្មនៅតែបន្ត យើងនៅតែមានការព្រួយបារម្ភ។ អ៊ីចឹងទាក់ទងនឹងការចាប់ខ្លួន ការឃុំខ្លួន ការចោទប្រកាន់អីជាដើម ដែលជាបទពិសោធន៍កន្លងមក វាមានជាបន្តបន្ទាប់ ទោះបីជាយើងឃើញថាកូដករមានចំនួនថយចុះក៏ដោយ យើងឃើញថាកូដករមានចំនួនថយចុះក៏ដោយ ប៉ុន្តែបើសិនជាកូដកម្មហ្នឹងវានៅតែបន្ត អ៊ីចឹងអាបញ្ហាប្រឈមសម្រាប់ពួកគាត់អាចមានតទៅទៀតសម្រាប់ថ្ងៃក្រោយ»។
លោកបន្ថែមថា លោកចង់ឃើញដំណោះស្រាយដើម្បីបញ្ចប់វិវាទការងាររវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ៗ ដើម្បីឱ្យគ្រប់ភាគីទទួលបានផលចំណេញទាំងអស់គ្នា រួមទាំងមុខមាត់កម្ពុជាផង។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ន កត្តា បានប្រាប់វីអូអេថា ច្បាប់ការងារបានធានាការពារសិទ្ធិនៃអត្ថប្រយោជន៍ជូនកម្មករនិយោជិត និយោជកមិនអាចបង្ខំឱ្យបន្តការងារ ហើយកម្មករនិយោជិតមិនអាចបង្ខំនិយោជកឱ្យបន្តការងារដែលខុសឆន្ទៈនៃការព្រមព្រៀងបានទេ។
លោកថ្លែងថា៖ «ពួកគាត់បានប្រឹងប្រែងធ្វើការតវ៉ាដោយគ្មានគិតអំពីការងារដែលខ្លួនត្រូវធ្វើ ត្រូវរកចំណូលចិញ្ចឹមគ្រួសារ នេះគឺជារឿងចម្លែកមួយដែរ។ អ្វីដែលជាសំណូមពររបស់ខ្ញុំ គឺថាសូមឱ្យបងប្អូនបញ្ចប់ការធ្វើការតវ៉ានេះ ហើយប្រើយន្តការតុលាការដើម្បីដោះស្រាយករណីបងប្អូនដើម្បីបញ្ចប់ករណីនេះត្រឹមត្រូវតាមច្បាប់»។
វិវាទការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រហូតដល់មានកូដកម្មរាប់ឆ្នាំ កើតឡើងបន្ទាប់ពីកម្មករនិយោជិតប្រមាណ ១.៣០០ នាក់ ដែលភាគច្រើនជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានបញ្ឈប់ពីការងារ អំឡុងខែមេសា ឆ្នាំ ២០២១។ ការបញ្ឈប់នេះត្រូវបានអ្នកឃ្លាំមើលសិទ្ធិការងារមើលឃើញថា ជាចេតនាក្នុងការបំបាត់សហជីពឯករាជ្យក្នុងក្រុមហ៊ុនកាស៊ីណូមួយនេះ៕