កូរ៉េខាងជើងបានសម្រេចបញ្ជូនកងទ័ព «ទ្រង់ទ្រាយធំ» ទៅជួយរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន ដោយកងកម្លាំងពិសេស ១.៥០០ នាក់បានទៅដល់តំបន់ចុងបូព៌ារបស់រុស្សីរួចហើយនិងកំពុងទទួលការហ្វឹកហ្វឺន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ដែលបានរាយការណ៍កាលពីថ្ងៃសុក្រដោយយោងលើប្រភពទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបានបញ្ចេញរូបផ្កាយរណបដ៏លម្អិតដែលខ្លួននិយាយថាបានបង្ហាញការបញ្ជូនលើកទីមួយនៃទាហានកងកម្លាំងពិសេសកូរ៉េខាងជើង ដែលត្រូវបានដឹកតាមនាវាយោធារុស្ស៊ីទៅកាន់ទីក្រុង Vladivostok។
ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងថា ចន្លោះថ្ងៃទី ៨ និងទី ១៣ ខែតុលា ខ្លួនបានរកឃើញថា «កូរ៉េខាងជើងបានដឹកជញ្ជូន» កងកម្លាំងពិសេសរបស់ខ្លួនទៅរុស្ស៊ីតាមនាវាដឹកជញ្ជូនមួយគ្រឿងរបស់កងទ័ពជើងទឹករុស្ស៊ី។ ការរកឃើញនេះបង្ហាញថាយោធាកូរ៉េខាងជើងបានចាប់ផ្តើមចូលប្រឡូកក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនហើយ។
កងទាហានលើកទីមួយដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងថាមកពីអង្គភាពពិសេសក្រោមកម្លាំងប្រតិបត្តិពិសេសរបស់កូរ៉េខាងជើង ដែលគេស្គាល់ថា «កងកម្លាំងព្យុះ (Storm Corps)» បច្ចុប្បន្នឈរជើងនៅមូលដ្ឋានយោធាទូទាំងតំបន់ចុងបូព៌ារបស់រុស្ស៊ី។
ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងថា ទាហាននៃកងកម្លាំងពិសេសទាំងនេះ «ត្រូវគេរំពឹងថានឹងត្រូវបញ្ជូនទៅជួរមុខ [ក្នុងសង្គ្រាមរវាងរុស្ស៊ីជាមួយអ៊ុយក្រែន] ពេលណាពួកគេបញ្ចប់ការហ្វឹកហ្វឺនបន្សាំទៅនឹងអាកាសធាតុទាំងស្រុងហើយនោះ»៕