អាថ៌កំបាំង​មាន​កាន់​តែ​ខ្លាំង​ចំពោះ​ការបាត់ខ្លួន​​អ្នក​ចុះផ្សាយ​លក់​សៀវភៅ​នៅ​កោះ​​ហុងកុង

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​​អង់គ្លេស​លោក Philip Hammond ថ្លែង​ក្នុ​ងសន្និសីទ​សារព័ត៌មាន​ក្រោយ​ពី​កិច្ច​ប្រជុំនៅ​ឯក្រសួងការបរទេស​ចិន នៅ​ទីក្រុង​ប៉េកាំង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦។

អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​ ការ​បាត់​ខ្លួន​នៃ​អ្នក​លក់​សៀវ​ភៅ​ទាំងនេះ​កំពុង​គំរាម​កំហែង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សេរីភាពដែលបាន​​ចែក​​ទីក្រុង​កំពង់​ផែ​មួយ​នេះ​ដាច់​ដោយ​ឡែក​ពី​​ចិន។

​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃរបស់លោក​នៅ​ក្រុង​ប៉េកាំង រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេសលោក ​Philip Hammond ​បាន​ផ្តោត​សំខាន់​លើ​សេរីភាព​សារព័ត៌មាននៅ​ក្រុង​ហុងកុង​ ស្រប​ពេល​ដែលការ​បាត់​ខ្លួន​អ្នកចុះ​ផ្សាយលក់​សៀវភៅ​កាន់​តែ​មានអាថ៌កំបាំង​ខ្លាំង​ឡើង។ ប្រទេសអង់គ្លេស​បាន​ប្រគល់សិទ្ធិ​គ្រប់​គ្រង​កោះ​ហុងកុង​ ដែល​ជាអតីត​តំបន់​អាណានិគម​របស់​ខ្លួន​ ​ឲ្យ​ប្រទេស​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧ ជាមួយ​នឹង​ការ​សន្យា​ថា​ ប្រទេស​ចិន​នឹង​រក្សា​នូវគំរូ​ «ប្រទេសមួយ​ ប្រព័ន្ធ​គ្រប់គ្រង​ពីរ​» សម្រាប់តំបន់​រដ្ឋបាល​ពិសេសមួយ​នេះ។

រដ្ឋ​មន្រ្តី​ការបរទេស​ លោក​ Hammond​ បាន​បញ្ចេញ​ការ​យល់​ឃើញ​របស់​លោក​ចំពោះ​ការ​បាត់​ខ្លួន​លោក​ Lee Bo​ អ្នក​បោះ​ពុម្ពផ្សាយ​សៀវភៅ​នានា​ដែល​សរសេររិះគន់​ទៅ​លើក្រុម​មេ​ដឹកនាំ​នៅ​ប្រទេសចិន​ ហើយ​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ក្រុង​ហុងកុង​កាល​ពី​ចុង​ខែ​ធ្នូ​ថា៖

«Lee Bo ដែល​កាន់​លិខិត​ឆ្លង​ដែន​អង់គ្លេស បាន​បាត់​ខ្លួន។ យើង​បាន​ធ្វើ​ការ​ចោទ​សួរភាគី​ទាំង​ពីរ​ជា​បន្ទាន់ ទាំង​អាជ្ញាធរ​ក្រុង​ហុងកុង​ និង​អាជ្ញាធរ​ចិនដី​គោក ថា​តើ​ពួក​គេ​មាន​ព័ត៌មាន​អ្វី​ខ្លះពាក់ព័ន្ធ​នឹងកន្លែង​ឋិត​នៅ​របស់​លោក​ (Lee Bo) »។

លោក​ Lee ដែល​មាន​អាយុ​៦៥ឆ្នាំ​ គឺ​ជា​អ្នក​មាន​ភាគ​ហ៊ុន​មួយ​នៅ​ក្នុង​បណ្ណាគារ Causeway Bay Books​ ដែល​ជា​ហាង​ដែល​លក់​សៀវភៅ​និយាយ​ពី​ជីវិត​ឯកជន​របស់​មេដឹកនាំ​ចិន។ នៅ​សប្តាហ៍នេះ​ ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​របស់​តៃវ៉ាន់​ បាន​ផ្សាយ​លិខិត​មួយ​ដែល​គេ​អះអាង​ថា​ត្រូវ​បានសរសេរ​ដោយ​លោក Lee ដែលមាន​សេចក្តី​ថា លោក​បាន​ទៅ​ចិន​ដីគោកដោយ​ស្ម័គ្រ​ចិត្ត​ដើម្បី​ទៅ​ធ្វើ​ការ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ។ បន្ទាប់​ពី​នោះ​ដែរ​ ភរិយា​របស់​លោក ​Sophie Choi​ បាន​ដក​ពាក្យ​បណ្តឹង​ស្តី​ពីការ​បាត់​ខ្លួន​របស់​ស្វាមី​អ្នកស្រីនៅ​ថ្ងៃទី​៤ មករា កន្លង​ទៅ​នេះ។

លោក​ Michael Davis​ ដែល​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ហុងកុង​និយាយ​ថា«ការ​ចាប់​អូសទាញ​យក​មនុស្ស​ពី​តាម​ដង​ផ្លូវ​គឺ ​លើស​ពី​ការ​គំរាម​កំហែង​ទៅ​ទៀត។ វា​មិនត្រឹម​តែ​ជា​ការរំលោភ​លើ​សារព័ត៌មាន​ទេ​ ថែម​ទាំង​រំលោភ​លើ​នីតិរដ្ឋ​របស់​ក្រុង​ហុងកុង​ទៀត​ផង​ ពីព្រោះ​ថា​ អ្នក​រស់​នៅ​ក្រុង​ហុងកុង​ត្រូវ​បាន​ធានានូវ​សេរីភាព​សារព័ត៌មាន»។

លោក​ Lee គឺ​ជា​មនុស្ស​ទី​៥​ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ក្រុម​ហ៊ុន​បោះពុម្ព​ផ្សាយ​មួយ​ឈ្មោះ Mighty Current ដែលបាន​បាត់​ខ្លួន​តាំង​ពី​ខែ​តុលា​មក។ សហការី​៤​នាក់​ផ្សេង​ទៀត​ ក៏​ត្រូវបាន​បាត់​ខ្លួន​ចាប់​ពី​ពេល​នោះ​មក​ផង​ដែរ។ លោក​ Tom Leander នៃ​អង្គការ​សង្គមអ្នក​បោះពុម្ពផ្សាយ​ក្នុង​ទ្វីប​អាស៊ី ( SOPA) បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​អ្វី​ដែល​លោក​និយាយ​ថា​ ជា​កង្វះខាត​មួយ​នៃ​ការ​ប្តេជ្ញា​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ពី​សំណាក់រដ្ឋាភិបាលហុងកុង​ និង​ចៅហ្វាយ​ក្រុង​លោក​ C.Y Leung (Chung-ying) ក្នុង​ការ​ការពារ​ស្វ័យភាព​ និង​នីតិរដ្ឋ​នៃ​ក្រុង​នេះ។

លោក​ Tom Leander និយាយ​ថា«ខ្ញុំដឹង​ថា​ លោក C.Y Leung បាន​និយាយ​ថា​ វា​ជារឿង​អធម្មនុញ្ញ​មួយ ​ដែល​អ្នក​លក់​សៀវភៅ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ហើយ​យក​ឆ្លង​ព្រំដែន​ ដោយ​ប៉ូលិស​ក្រុង​ហុងកុង​មិនដឹង​អ្វី​សោះ​អំពី​រឿងនេះ​។ តែ​ទោះបី​ជា​យ៉ាង​ណា​ លោក​មិន​បាន​ចេញ​មុខ​មកធ្វើ​ការ​សំអាង​បន្ថែម​ទៅ​លើ​ស្ថាន​ភាព​ត្រង់​ៗ​នោះ​ទេ​ ហើយ​លោក​ក៏​មិន​បាន​ព្យាយាម​ទាក់ទង​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដោយ​ផ្ទាល់អំពី​រឿង​នេះដែរ​។ វា​ជា​ស្ថានភាពពិបាក​មួយ​ពីព្រោះ​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​លើ​ក្រុង​ហុងកុង​គឺ ​នីតិរដ្ឋ និង​សេរីភាព​នៃ​សារព័ត៌មាន​នៅ​ក្នុង​ក្រុង​នេះឯង​»។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​ ប្រព័ន្ធផ្សព្វផ្សាយ​ចិន​បាន​ចេញ​ផ្សាយ​អត្ថបទ​វិចារណកថា​ផ្សេងៗ​ដែល​បាន​រិះគន់​ទៅ​លើក្រុមហ៊ុន​បោះពុម្ព​របស់​លោក​ Lee ដោយ​និយាយ​ថា​ ក្រុម​ហ៊ុន​នេះ​បាន​«ប្រឌិត​បំផ្លើស​ខ្លឹមសារ​នៃ​ការ​ចុះ​ផ្សាយ​របស់​ខ្លួន​»​ ហើយ​បាន​បង្កឲ្យ​មាន​«ឥទ្ធិពល​ដ៏​អាក្រក់»​នៅចិន​ដី​គោក​។ រដ្ឋាភិបាល​ចិន​មិន​បាន​ផ្តល់​ព័ត៌មាន​ណា​មួយ​អំពី​កន្លែង​ឋិត​នៅ​របស់អ្នក​ចុះ ផ្សាយ​លក់សៀវភៅ​ដែល​បាត់​ខ្លួន​ទាំង​នេះ​ទេ។

នៅ​ពេល​សួរ​ដល់​បញ្ហា​នេះ ក្រុម​មន្ត្រី​ចិន​បាន​និយាយ​ថា​ ពលរដ្ឋ​ណា​ក៏​ដោយ​ដែល​បាន​កើត​នៅ​ក្នុង​ទឹក​ដី​ហុងកុង​ ហើយ​ដែល​មាន​ដើមកំណើត​ជា​ជនជាតិ​ចិន​ គឺ​ជា​ពលរដ្ឋ​របស់​ប្រទេស​ចិន​ ហើយ​មន្ត្រី​ទាំង​នោះ​ក៏​បាន​ព្រមាន​អំពី​ការ​លូកដៃ​ចូល​ពី​សំណាក់​ប្រទេស​ដទៃ​ទៀត​ទៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន​ផង​ដែរ៕

រាយការណ៍​បន្ថែម​ដោយ​ Pros Laput​ ពីទីក្រុង​ហុងកុង។

ប្រែសម្រួល​ដោយ នៀម ឆេង