ប្រទេស​មីយ៉ាន់ម៉ា​នឹង​បើក​ការស៊ើប​អង្កេត​លើ​ករណី​ការចោទ​ប្រកាន់​អំពី​ការ​រំលោភ​បំពាន​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា

  • Ron Corben

នៅ​ខាងក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ ក្នុង​រដ្ឋធានី​ហ្សការតា​ ស្រ្តី​ម៉ូស្លីម​ពាក់​មុខ​រូប​រដ្ឋមន្រ្តី​ការបរទេស​មីយ៉ាន់ម៉ា​ Aung San Suu Kyi ក្នុង​ពេល​ប្រមូល​ផ្តុំប្រឆាំង​តវ៉ាការ​កាប់​សម្លាប់​ជនជាតិ​ភាគតិច​ រ៉ូហ៊ីងយ៉ា​ (រូបភាព​ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦)។​

រដ្ឋាភិបាល​ប្រទេស​មីយ៉ាន់ម៉ា​នឹង​បង្កើត«គណៈកម្មាធិការ​ថ្នាក់​ជាតិ»​មួយ ដើម្បី​ស៊ើប​អង្កេត​លើ​ស្ថានភាព​និង​ការចោទ​ប្រកាន់​ទៅ​លើ​ការ​រំលោភបំពាន​នានា ស្រប​ពេល​ដែល​មាន​ការ​ដាក់​សម្ពាធ​​ពី​អន្តរជាតិ​លើ​ការ​កើន​ឡើង​អំពើ​ហិង្សា​និង​វិបត្តិ​មនុស្សធម៌​នៅ​​រដ្ឋRakhineភាគ​ខាង​ជើង។

លោក​ស្រី​ អង់សាន ស៊ូ​ជី ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​និង​ជា​និមិត្តរូប​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា ​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​បរាជ័យ​របស់​លោក​ស្រី​ក្នុង​ការ​ដោះស្រាយ​អំពើ​ហិង្សា ស្រប​ពេល​ដែលយុទ្ធនាការ​យោធា​យក​ក្រុមជនជាតិ​ភាគតិច​មូស្លីម​រ៉ូហ៊ីងយ៉ា​ជា​គោលដៅ​វាយប្រហារ​ បាន​បង្ក​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ផ្លាស់ប្ដូរ​ទី​លំនៅ។

លោក​ Zaw Htay សមាជិក​នៃ​គណៈកម្មាធិការ​ព័ត៌មាន​ការិយាល័យ​ក្រុម​ប្រឹក្សា​រដ្ឋ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មីយ៉ាន់ម៉ា​ថា​ ការ​បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្កេត​ថ្មី​នេះ​កំពុង​តែ​ដំណើរ​ការ។

គណៈកម្មាធិការ​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​ក្រោយ​ពី​បង្កើត​គណៈកម្មការ​ប្រឹក្សា​រដ្ឋ​ Rakhineដែល​បាន​បង្កើត​ឡើង​កាល​ពី​ខែ​សីហា ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ លោក កូហ្វី​ អាណាន់ ដែល​ថ្មីៗ​នេះ​លោក​បាន​សំដែង​«ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»​ទៅ​លើ​អំពើ​ហិង្សា​នេះ។

អំពើ​ហិង្សា​កាន់តែ​កើន​ឡើង

អំពើ​ហិង្សា​បាន​កើនឡើង​នៅ​រដ្ឋ​ Rakhine ​ភាគ​ខាង​ជើង ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​លើ​ប៉ុស្តិ៍​ការពារ​ព្រំដែន​កាល​ពី​ថ្ងៃ​ទី៩​ ខែ​តុលា​ ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​ និង​ប៉ូលិស​ចំនួន​៩​នាក់​បាត់​បង់​ជីវិត។

ក្នុង​ប្រតិបត្តិ​ការ​ជា​បន្ត​បន្ទាប់​ ក្រុម​យោធា​បាន​និយាយ​ថា​ ជន​សង្ស័យ​ថា​ជា​ជន​សកម្ម​ប្រយុទ្ធ​ចំនួន​២៣៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រដ្ឋ​ Rakhine ​ចាប់​ពី​ថ្ងៃ​ទី៩​ដល់​ទី​១៤​ ខែ​វិច្ឆិកា​ ហើយ​ជន​សង្ស័យ​៦៩​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សម្លាប់។ រដ្ឋាភិបាល​បាន​និយាយ​ថា​ ជន​សង្ស័យ​ជា​អ្នក​វាយ​ប្រហារ​ជាង​២០០​នាក់​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​ពី​ថ្ងៃ​១៤​ ដល់​២៣​ខែ​វិច្ឆិកា។

ក្រុមអ្នក​វិភាគ​សន្តិសុខ​បាន​និយាយ​ថា​ មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ទៅ​លើ​ការ​បង្កើន​សកម្មភាព​យោធា​នៅ​ក្នុង​តំបន់​ ដែល​ភាគ​ច្រើន​ដោយ​សារ​តែប្រវត្តិ​នៃ​ការ​ប្រព្រឹត្ត​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ក្នុង​ឆ្នាំ​២០១២​ ជនជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា​ជាង​១២០.០០០​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​រស់​នៅ​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​ ស្រប​ពេល​ដែល​មាន​របាយការណ៍​អំពី​ស្ថានភាព​រស់​នៅ​របស់​ពួក​គេ​គ្មាន​អនាម័យ​ និង​មាន​ការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ។

លោកស្រី​ Sidney Jones នាយក​វិទ្យាសា្ថន​សម្រាប់​ការវិភាគ​គោល​នយោបាយ​នៃ​ជម្លោះ​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ហ្សាការតា​បាន​និយាយ​ថា ការ​គំរាម​កំហែង​ពីក្រុម ​Jihad អាច​នឹង​ក្លាយ​ជា​សញ្ញា​នៃ​ការ​ប្រែប្រួល​នៅ​ក្នុង​តំបន់​នេះ។

លោកស្រី​និយាយ​ថា៖ «រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​ក្រុម​សកម្ម​ប្រយុទ្ធ​មូស្លីម​ណា​មួយ​ស្មោះ​ស្ម័គ្រ​ជាមួយ​ក្រុម ​jihad​ នៅ​ឡើយ។ ប៉ុន្តែ​ថ្មីៗ​នេះ​ វា​ហាក់​បីដូច​ជា​មាន​ក្រុម​ណា​មួយ​ចាប់​ផ្តើម​ស្មោះស្ម័គ្រ​ហើយ។ ការណ៍​នេះ​នឹង​អាច​ក្លាយ​ជា​ការ​ប្រែប្រួល​ដ៏​ធំ​មួយ​សម្រាប់​ក្រុមជ្រុលនិយម​ក្នុង​ការមើល​ឃើញ​សក្តានុពល​នៃ​ការទទួល​បាន​ក្រុម​ស្មោះស្ម័គ្រ​ណា​មួយ»។​

ការ​រំលោភ​បំពាន​នានា​

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នានា​បាន​ចោទ​ប្រកាន់​អំពី​ការកើនឡើង​នៃ​ការ​រំលោភ​បំពាន​នានា​ រាប់​បញ្ចូល​ទាំង​ការ​រំលោភ​ផ្លូវភេទ​ដោយ​កង​កម្លាំង​មីយ៉ាន់ម៉ា​ និង​ការ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​រាប់​រយ​ខ្នង​ក្នុង​អំឡុង​ពេល​ចុះ​បង្រ្កាប​ផង​ដែរ។

លោក​ស្រី​ Chris Lewa ​សកម្មជន​សិទ្ធិ​មនុស្ស​នៃ​ក្រុម​តស៊ូ​មតិ​គម្រោង Arakan ​បាន​និយាយ​ថា ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ដែល​អ្នកស្រី​ពិពណ៌នា​ថា​ជា​អំពើ​ដ៏​ឃោរឃៅ​ បាន​កើន​ឡើង​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​មក។ លោកស្រី​បន្ថែម​ថា ​ការ​មិន​ទទួល​បាន​ជំនួយ​មនុស្សធម៌​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គ្រប់​សហគមន៍​ទាំង​អស់​ ជាពិសេស​សហគមន៍​នៅ​ក្នុង​តំបន់​ Maungdaw ​ក្បែរ​ព្រំដែន​ប្រទេស​បង់ក្លាដែស។

លោក​ស្រី​និយាយ​ថា៖​ «ការរំលោភ​បំពាន​មាន​លក្ខណៈ​ព្រៃផ្សៃ​ខ្លាំង​ណាស់​ ហើយ​បញ្ហា​នៅ​ក្នុង​តំបន់​នោះ​ គឺ​ការ​ចូល​ទៅ​ជួយ​ប្រជាជន​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​និង​អ្នក​ដែល​មិន​ផ្លាស់ប្ដូរ​ទីលំនៅ។ បញ្ហា​នេះ​មិន​មែន​កើត​ឡើង​ចំពោះ​តែ​ប្រជាជន​ក្រីក្រ​ទេ គឺ​កើត​ឡើង​ចំពោះ​ប្រជាជន​ទូទៅ ​ពីព្រោះ​ពួក​គេ​មិន​អាច​ទទួល​បាន​ជំនួយ មិន​អាច​ទៅ​ផ្សារ និង​មិន​អាច​ប្រមូល​ផល​បាន​ទេ ហើយ​បញ្ហា​ទាំង​អស់​នេះ​នឹង​នាំ​ឲ្យ​មាន​មហន្តរាយ​ដល់​ជីវិត​មនុស្ស»។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Human Rights Watch ​បាន​រក​ឃើញ​ថា​ អគារ​ចំនួន​៤៣០​ខ្នង​ត្រូវ​បាន​បំផ្លាញ​ក្នុង​ភូមិ​ចំនួន​៣ ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ Maungdaw ​ដែល​ការ​រក​ឃើញ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រើប្រាស់​ឧបករណ៍​ថត​រូប​ដោយ​ប្រើ​ប្រព័ន្ធ​ផ្កាយ​រណប​មាន​កម្រិត​រូបភាព​ច្បាស់​ខ្ពស់។

លោក​ Phil Robertson ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​នេះ​បាន​ហៅ​ចំណាត់​ការឆ្លើយ​តប​របស់​យោធា​ថា​ជា «ប្រតិកម្ម​ហួស​ហេតុ​យ៉ាង​ច្បាស់​ក្រឡែត»។

លោក​បាន​បញ្ជាក់​ថា៖ «ទាហាន​ភូមា​ទំនង​ជា​គ្មាន​ការដឹកនាំ​ត្រឹម​ត្រូវ ហើយ​ពួកគេ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ក្នុង​តំបន់​ទាំង​នោះ​ ដោយ​បន្ត​យុទ្ធសាស្រ្ត​ដុត​បំផ្លាញ​ និង​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​ក្នុង​រូបភាព​តាម​ចាប់​ខ្លួន​ជន​សកម្ម​ប្រយុទ្ធ​ ប៉ុន្តែ​ជាក់​ស្តែង​គឺ​ជា​ប្រតិកម្ម​ហួសហេតុ​យ៉ាង​ច្បាស់​ក្រឡែត​របស់​ពួក​យោធា​ភូមា​ ដែល​ទាំង​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ជា​លក្ខណៈ​ប្រព័ន្ធ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា»។

ការ​ផ្ទៀងផ្ទាត់

កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា​ សារ​ព័ត៌មាន​ Irrawaddy ​បាន​ដក​ស្រង់​អត្ថាធិប្បាយ​របស់​បង​ប្អូន​ប្រុស​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ឥស្លាម​សម្រាប់​តំបន់​ Maungdaw ដែល​បាន​និយាយ​ថា​ «អ្នក​ភូមិ​រាប់​រយ​នាក់»​ នៅ​តំបន់​ភាគ​ខាង​ជើងត្រូវ​បាន​សម្លាប់​កាល​ពី​ខែ​មុន នៅ​ស្រប​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​ករណី​រំលោភ​ផ្លូវភេទ​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​ផង​ដែរ។

ក៏ប៉ុន្តែ​ និពន្ធ​នាយក​នៃ​សារព័ត៌មាន​ Irrawaddy ​លោក​ Aung Zaw ​បាន​និយាយ​ថា​ វា​មាន​«សារៈសំខាន់​ណាស់»ដែលសហគមន៍​អន្តរជាតិ​ត្រូវ​តែ​ចូល​ទៅ​កាន់​តំបន់​នោះ​ដើម្បី​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។

លោក​បន្ថែម​ថា៖​ «មាន​របាយការណ៍​អំពីការរំលោភ​សិទ្ធិមនុស្ស​ជា​ច្រើន​ករណី​នៅ​តំបន់​នោះ​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​ ពីព្រោះ​ភាគី​ទាំង​ពីរ​សុទ្ធ​តែ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់។ ភាគី​រដ្ឋាភិបាល​ក៏​បាន​បដិសេធ​លើ​ការ​រំលោភ​បំពាន​ទាំង​នេះ​ដែរ»។

លោក Aung Zaw បាន​ប្រាប់​ VOA ​ថា៖ «ផ្នែក​មួយ​ទៀត​ដែល​គួរ​ផ្ទៀង​ផ្ទាត់​គឺ​ថា​ តើ​មាន​ជន​រង​គ្រោះ​ដោយ​ការ​រំលោភ​ផ្លូវភេទ​ប៉ុន្មាន​នាក់ ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​មាន​ប៉ុន្មាន​នាក់ ​ហើយ​តើ​ផ្ទះ​សម្បែង​ប៉ុន្មាន​ខ្នង​ត្រូវ​បាន​ដុត​បំផ្លាញ? ប៉ុន្តែ​ករណី​នេះ​ទាម​ទារ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ដោយ​ប្រុង​ប្រយ័ត្ន​ ពីព្រោះ​ភាគី​ទាំង​ពីរ​សុទ្ធ​តែ​មាន​ការ​ឃោសនា​រៀងៗ​ខ្លួន​ជាច្រើន​ដោយ​មិន​បាន​ឈរ​លើ​មូលដ្ឋាន​ជាក់​ស្តែង​នោះ​ទេ»។

លោក​ក៏​បាន​អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ​គិត​គូរ​ផង​ដែរអំពី​ការ​មិន​សប្បាយ​ចិត្ត​របស់​ពុទ្ធសាសនិក​ជុំវិញ​ការ​មិន​គិត​គូរ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ចនៅ​តំបន់​នោះ​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​តំបន់​ក្រីក្រ​បំផុត​ក្នុង​ប្រទេស​នេះ។

លោក​បាន​បន្ថែម​ថា៖ «នៅ​ពេល​បស្ចិម​ប្រទេស​និយាយ​អំពី​បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ពួកគេ​និយាយ​តែ​ពី​ជនជាតិ​រ៉ូហ៊ីងយ៉ា​និង​ការ​បែកបាក់​គ្នា​យ៉ាង​ខ្លាំង​ប៉ុណ្ណោះ។ យើង​កំពុងប្រែ​ក្លាយ​ស្ថានភាព​នេះ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​យុគសម័យ​ដ៏​គ្រោះ​ថ្នាក់​មួយ​ ពីព្រោះ​ការ​មើលឃើញ​របស់​ពួក​គេ​ទៅ​លើ​តំបន់​នេះ មាន​ភាព​ខុសគ្នា​ដាច់​ស្រឡះ​ ដូច​ពណ៌​ស​និង​ខ្មៅ។ ពួក​គេ​មិន​បាន​និយាយ​អំពី​ភាព​អាច​រួម​គ្នា​នៅ​តំបន់​នោះ​ឡើយ»។

ស្រប​ពេល​ដែល​មាន​ការបង្រ្កាប​ ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ដែល​នៅ​ជិត​ខាង​ ហើយ​ពួក​គេ​ភាគ​ច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​ត្រឡប់​មក​វិញ។ សកម្មភាព​នេះ​ត្រូវ​បាន​អង្គការAmnesty Internationalហៅ​ថា​ជា​ «ការបំពាន​ច្បាប់​អន្តរជាតិ​យ៉ាង​ជាក់​ស្តែង»។

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ មនុស្ស​ប្រហែល​៥០០០​នាក់​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ក្នុង​រដ្ឋធានី​ដាក្កា​នៃ​ប្រទេស​បង់ក្លាដែស​ ដើម្បី​ប្រឆាំង​ទៅ​នឹង​អំពើ​ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ រដ្ឋាភិបាល​ម៉ាឡេស៊ី​ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា «ដោះ​ស្រាយ​ទៅ​លើ​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​បោស​សម្អាត​ជន​ជាតិ​ភាគ​តិច​នៅ​រដ្ឋRakhineភាគ​ខាង​ជើង​ផង​ដែរ»។

សមាជិក​នៃ​គណៈ​កម្មការ​ដែល​ដឹកនាំ​ដោយ​លោក កូហ្វី​ អាណាន់ ក៏​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​សង្គម​ស៊ីវិល​ពុទ្ធសាសនិក​និង​ថ្នាក់​ដឹកនាំ​អ្នក​កាន់​សាសនា​ឥស្លាម​ផង​ដែរ។

គណៈកម្មការ​នេះ​ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ការ​ពារស្រ្តី​និង​កុមារ ក្នុង​អំឡុង​ពេល​ដែល​មាន​ប្រតិបត្តិការ​យោធា និង​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សញ្ជាតិ​ជូន​ក្រុម​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​មិន​ទាន់​មាន​រដ្ឋណា​ទទួល​ស្គាល់​នៅ​ឡើយ​នោះ។

រដ្ឋាភិបាល​កណ្តាល​របស់​ប្រទេស​មីយ៉ាន់ម៉ា​និង​សហគមន៍​ពុទ្ធសាសនិក​នានា​បាន​ប្រឆាំង​នឹង​ការ​ប្រើ​ពាក្យ «រ៉ូហ៊ីងយ៉ា»​ និង​ចង់​ឲ្យ​ប្រើ​ពាក្យBengali ជំនួស​វិញ​សម្រាប់​ជនជាតិ​មូស្លីម​ចំនួន​១,៣​លាន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ជាច្រើន​នៅរដ្ឋ​ Rakhineភាគ​ខាង​ជើង​នោះ។

សហគមន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នេះ​ប្រឈម​នឹង​ការរើស​អើង​កាន់​តែ​ច្រើន​ឡើង ចាប់​តាំង​ពី​ច្បាប់​មួយ​ដែល​អនុម័ត​នៅ​ឆ្នាំ​១៩៨២ បាន​ដក​សញ្ជាតិ​ពី​ពួក​គេ​អស់​ជា​ច្រើន​នាក់។ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) បាន​ប៉ាន់​ប្រមាណ​ថា ប្រជាជន​ជាង​៨០០.០០០​នាក់​ក្នុង​រដ្ឋ​ Rakhineគ្មាន​សញ្ជាតិ​នោះ​ទេ៕

ប្រែសម្រួលដោយ ​កោះ​ សុគន្ធី