មេធាវី​ថា អ្នកស្រី Suu Kyi នឹង​ឡើង​តុលាការ​នៅ​ថ្ងៃ​អង្គារ​នេះ

បុរសម្នាក់កាន់បដាដែលមានរូបអ្នកស្រី Aung San Suu Kyi នៅពេលចូលរួមបាតុកម្មទាមទារឲ្យមានការដោះលែងអ្នកស្រីនិងមេដឹកនាំស៊ីវិលដទៃទៀត ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកស្រី Aung San Suu Kyi មេដឹកនាំ​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង នឹង​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ​ នៅ​ថ្ងៃ​អង្គារ​នេះ ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ ដែល​យោធា​បាន​ចោទ​អ្នកស្រី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​អ្នកស្រី​ កាលពី​ថ្ងៃ​ចន្ទ។

អគ្គ​មេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា​ លោក​នាយ​ឧត្តមសេនីយ៍ Min Aung Hlaing បាន​បញ្ជាក់​ថា រដ្ឋប្រហារ​កាលពី​ថ្ងៃទី ១ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ គឺ​បាន​ធ្វើឡើង​ ដោយសារតែ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​មាន​ការ​លួច​បន្លំ។ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី Suu Kyi បាន​ឈ្នះ​ការ​បោះឆ្នោត​នោះ​ភ្លូក​ទឹក​ភ្លូក​ដី។

អ្នកស្រី Suu Kyi ត្រូវ​បាន​យោធា​ចោទ​ប្រកាន់​ថា ​បាន​រំលោភ​លើ​ច្បាប់​អាហរ័ណ​នីហរ័ណ​របស់​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់ពី​អាជ្ញាធរ​បាន​ឆែកឆេរ​ផ្ទះ​របស់​អ្នកស្រី​ឃើញ​មាន​វិទ្យុ​ទាក់ទង​មួយ​ចំនួន។

ដូច​អ្នកស្រី Suu Kyi ដែរ លោក​ប្រធានាធិបតី Win Myint ត្រូវ​បាន​គេ​ចាប់​ដាក់​ឃុំ​នៅ​ក្នុង​ការ​ឆ្មក់​ចូល​ផ្ទះ​របស់​លោក​កាល​ពី​ថ្ងៃទី ១ ខែ​កុម្ភៈ។

លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំពាន​ទៅ​លើ​បម្រាម​រឹត​បន្តឹង​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ពេល​ដែល​លោក​បាន​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន ដែល​មាន​អ្នក​គាំទ្រ​លោក​ជា​ច្រើន​រយ​នាក់​ចូលរួម។

អ្នកស្រី Suu Kyi និង​លោក Win Myint ត្រូវ​គេ​រំពឹង​ថា ​នឹង​ត្រូវ​តុលាការ​សាកសួរ​នៅ​ថ្ងៃ​អង្គារ​នេះ​និង​ថ្ងៃ​ពុធ​ស្អែក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី Khin Maung Zaw នៅ​ក្រៅ​តុលាការ​មួយ​ក្នុង​រដ្ឋធានី​ណៃពិដោ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​ចៅក្រម​មក។

លោក​មេធាវី Maung Zaw និយាយ​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​អ្នកស្រី Suu Kyi និង​លោក Win Myint ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ទី ១៦ និង​ទី ១៧ នៅ​ខែ​កុម្ភៈ​នេះ ពួកគេ​នឹង​ត្រូវ​សាកសួរ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ»៕