និស្សិត​មីយ៉ាន់ម៉ា​ធ្វើ​បាតុកម្ម​ប្រឆាំង​ច្បាប់​អប់រំថ្មី

ដោយ​មាន​កាន់​បដា​ជាច្រើន​ ក្រុម​និស្សិត​បាន​ដើរ​កង្ហែ​ក្បួន​ប្រឆាំង​តវ៉ា​ចំពោះ​ច្បាប់​អប់រំ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​វិចិ្ឆកា​ ឆ្នាំ​២០១៤​ នៅ​ទីក្រុង​ រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា។​ ក្រុម​និស្សិត​រាប់រយ​នាក់​បាន​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​បណ្តោយ​ផ្លូវ​នៅ​ក្នុង​ទីក្រុង​Yangon នៅ​ក្នុង​ថ្ងៃទី៤​ជាប់ៗ​គ្នា​ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​អប់រំ​ជាតិ​ដែល​ទើប​តែ​ត្រូវ​បាន​អនុម័ត​នា​ពេល​ថ្មីៗ​នេះ ហើយ​ក៏​បាន​ចោទ​ប្រកាន់​ថា​ច្បាប់​ថ្មី​នោះ​បាន​ដាក់​កំហិត​ដល់​សេរីភាព​ក្នុង​ការ​សិក្សា​ និង​ថា​​ច្បាប់​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​គំនិត​របស់​និស្សិត​ និង​គ្រូៗ​នោះ​ទេ។ (រូបថត​ដោយ​: AP / Khin Maung Win)

និស្សិត​មីយ៉ាន់ម៉ា​រាប់រយ​នាក់​បាន​ដើរ​តាម​ផ្លូវ​នានា​ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន​ (Yangon)​ ក្នង​រយៈ​ពេល​បួន​ថ្ងៃ​ជាប់ៗ​គ្នា​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​អប់រំ​ជាតិ​ដែល​ពួក​គេ​ថា​នឹង​រិតត្បិត​សេរីភាព​នៃ​ការ​សិក្សា។

និស្សិត​ដែល​បាន​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៧ ខែវិច្ឆិកា​កន្លង​ទៅ​នេះ​ មិន​មាន​ការ​សប្បាយ​ចិត្ត​នឹង​ច្បាប់​ថ្មី​ ដែល​នឹង​ធ្វើ​មជ្ឈការ​ឬ​ក្តោបក្តាប់​ការ​គ្រប់គ្រង​បណ្តា​សាកលវិទ្យាល័យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ត្រូវ​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ប្រទេស​ភូមា​នោះ។

មន្ត្រី​មក​ពី​ក្រសួង​អប់រំ​បាន​ជួប​ជាមួយ​មេដឹកនាំ​និស្សិត​កាល​ពី​ថ្ងៃ​អាទិត្យ​ ប៉ុន្តែ​ការ​ចរចា​បញ្ចប់​ដោយ​មិន​សម្រេច​បាន​អ្វី​ទាំង​អស់។

លោក Zaw Htay អគ្គនាយក​នៃ​នាយកដ្ឋាន​ឧត្តមសិក្សា​ថ្លែង​ប្រាប់​ VOA ភាសា​ភូមា​ថា អាជ្ញាធរ​មាន​ឆន្ទៈ​ធ្វើ​ការ​ជាមួយ​និស្សិត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជា​ក្តី​បារម្ភ​របស់​ពួក​គេ។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​ការ​ទាមទារ​ជា​សេចក្តី​ប្រាថ្នា​ពិត​ប្រាកដ​របស់​ក្រុម​និស្សិត​ នោះ​វា​មាន​ផ្លូវ​អាច​ដោះស្រាយ​បាន។ យើង​ត្រូវ​ធ្វើ​ការ​ចរចា​ជាមួយ​គ្នា។ប្រសិន​បើ​ពួកគេ​មាន​សេចក្តី​ប្រាថ្នា​ពិត​មែន​នោះ យើង​គួរ​អង្គុយ​ចុះ​ និង​រក​ដំណោះស្រាយ​ដើម្បី​អនុវត្ត​ការ​ទាមទារ​របស់​ពួកគេ។ យើង​មិន​ធ្វើ​អ្វី​ប្រឆាំង​ទៅ​នឹង​សេចក្តី​ប្រាថ្នា​របស់​ពួក​គេ​ទេ»។

កាល​ពី​ថ្ងៃ​ច័ន្ទ​និស្សិត​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើ​តាម​ការ​ទាមទារ​របស់​ពួក​គេ​ក្នុង​រយៈពេល​៦០​ថ្ងៃ។ ក្រុម​និស្សិត​បាន​និយាយ​ថា​ ពួក​គេ​បាន​ផ្តល់​អនុសាសន៍​នៅ​មុន​ការ​ចាប់​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​អប់រំ​ជាតិ ប៉ុន្តែ​អនុសាសន៍​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​អើពើ​ទេ។

Phyo Phuo Oo អគ្គលេខាធិការ​នៃ​អង្គការ​សហព័ន្ធ​និស្សិតភូមា All Burma Federation of Student Unions និយាយ​ថា និស្សិត​ត្រៀម​ នឹង​បន្ត​ការ​តវ៉ា​រហូត​បាន​សម្រេច។

«យើង​នឹង​មិន​បញ្ឈប់​ការ​ធ្វើ​ពហិការ​របស់​យើង​ប្រឆាំង​នឹង​ច្បាប់​អប់រំ​ទេ។ យើង​នឹង​បន្ត​ទាមទារ។ ហើយ​យើង​នឹង​ពន្លឿន​សកម្មភាព​របស់​យើង​ ប្រសិន​បើ​ពួក​គេ​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​យើង​ទេ​នោះ។

ការ​តវ៉ា​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ​ ខណៈ​ពេល​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ជួប​ប្រជុំ​ជាមួយ​និស្សិត​នៅ​សាកលវិទ្យាល័យ​ Yangon៕

សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ផលិត​ដោយ​មាន​ការ​សហការ​ជាមួយ​ក្រុម​ផ្សាយ​វីអូអេ​ភាសា​ភូមា

ប្រែ​សម្រួល​ដោយ ផន​ បុផ្ផា