មន្រ្តីរដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថាប្រទេសមីយ៉ាន់ម៉ាកំពុងតែមានការកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩ដែលបណ្តាលឲ្យខ្វះខាតការផ្គត់ផ្គង់អុកស៊ីហ្សែនដល់អ្នកជំងឺកូវីដ១៩ដែលត្រូវការយ៉ាងខ្លាំង។
លោក Soe Win អ្នកក្រុងរ៉ង់ហ្គូនដែលជាទីក្រុងធំជាងគេបំផុតនៃប្រទេសមីយ៉ាន់មាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា៖ «អុកស៊ីហ្សែនគឺខ្វះខាតជាងលុយ»។ គាត់បានឈរតម្រង់ជួរអស់រយៈពេល៦ម៉ោងក្នុងការព្យាយាមដើម្បីទទួលបានអុកស៊ីហ្សែនសម្រាប់ជីដូនដែលមានអាការៈជំងឺកូវីដ១៩។
កាលពីថ្ងៃសៅរ៍ក្រសួងសុខាភិបាលបានរាយការណ៍ថា ការឆ្លងថ្មីមានចំនួន ៤.៣៧៧ ករណីដែលធ្វើឱ្យតួលេខសរុបមានចំនួន ១៨៨.៧៥២ ករណី។ ព័ត៌មានស្តីពីការចាក់វ៉ាក់សំាងមិនច្បាស់ទេប៉ុន្តែវាបានបង្ហាញថា៣,២%នៃប្រជាជន៥៥លាននាក់របស់ប្រទេសនេះបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងវីរុសនេះ។នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
កាលពីឆ្នាំមុនប្រទេសនេះអាចទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩នេះដោយសារការចេញបម្រាមយ៉ាងតឹងរ៉ឹងដោយមេដឹកនាំស៊ីវិលគឺអ្នកស្រី Aung San Suu Kyi គួបផ្សំនិងការប្រើប្រាស់វ៉ាក់សាំងពីប្រទេសឥណ្ឌានិងចិន។
ទោះយ៉ាងណាអ្នកស្រី Suu Kyi ត្រូវបានបណ្តេញចេញពីតំណែងដោយយោធាកាលពីខែកុម្ភៈហើយចាប់តាំងពីពេលនោះមកប្រជាជនមានការស្ទាក់ស្ទើរក្នុងការទៅមន្ទីរពេទ្យយោធា។លើសពីនេះទៀត បន្ទាប់ពីអ្នកស្រី Suu Kyi ត្រូវគេបង្ខំឲ្យចេញពីតំណែងអ្នកជំនាញវេជ្ជសាស្រ្តគឺជាសមាសធាតុដ៏ធំមួយនៃចលនាស៊ីវិលមិនស្តាប់បង្គាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានជំរុញឲ្យប្រជាជនមិនមានជំនឿលើរដ្ឋាភិបាលដែលគ្មានប្រជាប្រិយភាពក្នុងការការពារសុខភាពរបស់ពួកគេ៕