ភូមា​កាត់​ទោស​មនុស្ស​២០នាក់​ដែល​ធ្វើ​ការ​នៅ​លើ​កប៉ាល់​ដែល​គេ​ចោទ​ថា​ជួញ​ដូរ​មនុស្ស

នាវា​កងទ័ព​ជើង​ទឹក​របស់​ភូមា​ទាញ​កប៉ាល់​ដឹក​ជន​ចំណាក​ស្រុក​ ដែល​ចេញ​ឆ្ងាយ​ពី​កោះ​ Thameehla កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៥។

ប្រទេស​ភូមា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​ចោទ​ប្រកាន់​សមាជិក​នាវិក២០​នាក់​ដែល​ត្រូវ​គេ​រក​ឃើញ​នៅ​ផ្ទៃ​សមុទ្រ​កាល​ពី​ខែ​មុន​ដែល​បាន​ដឹក​កម្មករ​ចំណាក​ស្រុក​២០៨​នាក់។

លោក​មេធាវី Aung Kyaw Nyunt ​បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​ភូមា​កាល​ពី​ថ្ងៃ​ពុធ​ថា បុរស​ទាំង​នោះ​រួម​មាន​អ្នក​បើក​នាវា​ជាតិ​ថៃ​ម្នាក់ ​ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ម្នាក់ៗ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ។

លោក​និយាយ​ថា «​ពួកគេ​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​ក្រោម​ច្បាប់​អន្តោប្រវេសន៍ ​មិន​មែន​បទ​ចោទ​ប្រកាន់​ពី​ការ​ជួញ​ដូរ​មនុស្ស​ទេ។​ ពួកគេ​បាន​សារភាព​ទទួល​ទោស​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ ដូច្នេះ ​តុលាការ​បាន​សម្រេច​កាត់​ទោស​ពួកគេ។ ក៏ប៉ុន្តែ ​ពួកគេ នឹង​នៅ​តែ​ប្រឈម​ការ​ចោទ​ប្រកាន់​ពីការ​ជួញ​មនុស្ស។ ​ពួកគេ​ជា​សមាជិក​ក្រុម​នាវិក​នោះ‍»។

កប៉ាល់នោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ផ្ទៃ​ទឹក​ប្រទេស​ភូមា​កាល​ពី​ចុង​ខែ​ឧសភា។ កប៉ាល់​នោះ​បាន​ដឹក​ជន​ចំណាក​ស្រុក​២០៨​នាក់ ​ភាគ​ច្រើន​នៃ​ជន​ចំណាក​ស្រុក​ទាំងអស់​នោះ ក្រោយមក ​បាន​ប្រាប់​វីអូអេ​ថា ​ពួកគេ​បាន​ត្រូវ​គេ​ឃុំ​ឃាំង​ក្នុង​គុក​នៅក្រោម​ស្ថានភាព​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​អស់​រយៈពេល​៣ខែ​នៅ​ឯ​សមុទ្រ។

ក្នុង​ចំណោម​ជន​ចំណាក​ស្រុក​ទាំងអស់​នោះ ​៨​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មក​ពី​ប្រទេស​បង់ក្លាដែស​ ហើយ​ក្រោយ​មក ​ត្រូវ​បាន​គេ​ធ្វើ​មាតុភូមិ​និវត្តន៍។ នៅ​ដើម​ខែ​នេះ វីអូអេ​ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​ឲ្យ​ជួប​បុរស​ទាំងនោះ។ បុរស​ខ្លះ​បាន​និយាយ​ថា ​ពួកគេ​បាន​ត្រូវ​គេ​ចាប់​ជំរិត​ពី​កំពង់ផែ Cox’s Bazar ហើយ​និង​កំពង់​ផែ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ​ហើយ​បាន​លក់​ពួកគេ​ទៅ​ឲ្យ​ពួក​អ្នក​ជួញ​ដូរ​មនុស្ស៕