មេដឹកនាំប្រទេសមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi បានផ្អាកកម្មវិធីដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកស្រីកាលពីថ្ងៃចន្ទ ដោយលើកហេតុផលពីការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសមីយ៉ាន់ម៉ាមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១០០ ករណីកាលពីថ្ងៃអាទិត្យ ដែលជាចំនួននៃការឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតចាប់តាំងពីប្រទេសនេះរកឃើញការឆ្លងដំបូងក្នុងខែមីនាមក។ កាលពីថ្ងៃចន្ទ ប្រទេសនេះក៏បានរកឃើញអ្នកឆ្លងជំងឺនេះចំនួន ៤៥ នាក់បន្ថែមទៀតផងដែរ។
អ្នកស្រី Suu Kyi ដែលមានតួនាទីជាទីប្រឹក្សារដ្ឋ បានគ្រោងធ្វើទស្សនកិច្ចទៅកាន់មណ្ឌលបោះឆ្នោតដែលអ្នកស្រីស្វែងរកការគាំទ្រមួយអាណត្តិទៀតនៅក្នុងទីក្រុងរ៉ង់ហ្គូននៅថ្ងៃអង្គារនេះ ដែលជាថ្ងៃទីមួយនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជាផ្លូវការ មុនការបោះឆ្នោតចូលមកដល់នៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ។
ប៉ុន្តែអ្នកស្រីបាននិយាយនៅក្នុងការផ្សាយផ្ទាល់តាម Facebook ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំអ្នកស្រីឱ្យលុបចោលគម្រោងទស្សនកិច្ចនេះ។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «ក្រសួងសុខាភិបាលជាអ្នកមានអំណាចខ្លាំងនៅពេលនេះ។ យើងត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោក Myo Nyunt និយាយថា យុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សនឹងបន្តសកម្មភាពរបស់ខ្លួន ដោយមានផែនការដើរចែកទង់គណបក្សនិងក្រដាសផ្សព្វផ្សាយព័ត៌មានពីផ្ទះមួយទៅផ្ទះមួយ។
រហូតមកដល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១.៤៦៤ នាក់ និងអ្នកស្លាប់ដោយសារជំងឺនេះ ចំនួន ៨ នាក់៕