ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាបានរាំងខ្ទប់ការទាក់ទងរវាងមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi និងគ្រួសារលោកស្រីព្រមទាំងពួកមេធាវីលោកស្រីផងដែរ។ នេះបើតាមការប្រាប់់ឱ្យដឹងដោយកូនប្រុសពៅរបស់លោកស្រី។
កូនប្រុសលោកស្រី Suu Kyi ឈ្មោះ Kim Aris បាននិយាយប្រាប់វីអូអេថាក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាមិនបានអនុញ្ញាតឱ្យលោកទាក់ទង«សោះ»ជាមួយម្តាយលោក ទោះជាមានកង្វល់អំពីសុខភាពលោកស្រីក៏ដោយ។
លោកស្រី Suu Kyi អាយុ៧៨ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ ក្រោយពួកយោធាបានប្រែក្រឡះលទ្ធផលនៃការបោះឆ្នោតដែលគណបក្សលោកស្រីបានឈ្នះ។ រដ្ឋប្រហារនេះនាំឱ្យមានបាតុកម្មនៅទូទាំងប្រទេសនិងមានការខឹងសម្បារខ្លាំងនៅទូទាំងពិភពលោក។ លោកស្រីបានទទួលទោសជាប់ពន្ធនាគារចំនួន២៧ឆ្នាំអំពីអ្វីដែលត្រូវបានឃើញថាជាការចោទប្រកាន់គ្មានមូលដ្ឋានអំពីអំពើពុករលួយ។
កាលពីពេលថ្មីៗនេះលោកស្រីមិនបានទទួលការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្របន្ទាន់ទេដោយសារលោកស្រីមានបញ្ហាធ្មេញនិងអញ្ចាញធ្មេញធ្ងន់ធ្ងរដែលនាំឱ្យលោកស្រីពិបាកពិសារអាហារ។
លោក Aris បាននិយាយថាលោកបានផ្ញើសំបុត្រមួយច្បាប់និងកញ្ចប់ប្រដាប់ថែទាំសុខភាពមួយកាលពីប្រមាណពីរខែមុននេះនៅពេលលោកបានដឹងថាលោកស្រីមានសុខភាពមិនល្អ។ លោកបានថ្លែងថា៖«ខ្ញុំមិនមានការបញ្ជាក់ថាលោកស្រីបានទទួលសំបុត្រនិងកញ្ចប់នេះទេ»។
បើតាមកូនប្រុសលោកស្រីថាលោកស្រីមិនទទួលការអនុញ្ញាតឱ្យជួបជាមួយមេធាវីលោកស្រីទេ យ៉ាងហោចណាស់ តាំងពីខែមករាមក។ លោកបានថ្លែងថា៖«លោកស្រីមិនត្រូវអនុញ្ញាតឱ្យទាក់ទងជាមួយអ្នកទោសឯទៀតឡើយ។ លោកស្រីកំពុងឋិតនៅក្នុងស្ថានភាពនៅដាច់ពីគេ»។
វីអូអេបានព្យាយាមទាក់ទងជាមួយអ្នកនាំពាក្យក្រុមប្រឹក្សាយោធាតាំងពីថ្ងៃសុក្រសប្តាហ៍មុនដើម្បីតាមដានករណីលោកស្រី Suu Kyi តែមិនទាន់បានទទួលការឆ្លើយតបនៅឡើយទេ។
មានយុទ្ធនាការថ្មីមួយសម្រាប់ប្រទេសមីយ៉ាន់ម៉ាដឹកនាំដោយ លោក Kim Aris ក្នុងការប្រើការសាក់លើស្បែកជាមធ្យោបាយផ្សព្វផ្សាយដើម្បីសុំជំនួយមនុស្សធម៌សម្រាប់មនុស្សរាប់លាននាក់ខ្ចាត់ពីលំនៅដ្ឋាននៅក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១។
ក្រុមជនជាតិមីយ៉ាន់ម៉ានៅក្រៅប្រទេសបានសាក់រូបនាគភូមាជានិមិត្តរូបសាមគ្គីភាពជាមួយចលនាតស៊ូខាងក្នុងប្រទេសមីយ៉ាន់ម៉ា។ ពួកគេក៏បានចែករំលែករូបថតនិងវីដេអូសាក់របស់ពួកគេព្រមទាំងពិធីអង្គាសប្រាក់តាមបណ្តាញសង្គមសម្រាប់ឱ្យមានការចាប់អារម្មណ៍ខ្លាំងលើសាក់លើស្បែកជានិមិត្តរូបនេះនិងជំរុញឱ្យមានអ្នកចូលរួមក្នុងគេហទំព័រ GoFundMe របស់ពួកគេ៕