ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំចក្រភពអង់គ្លេស ត្រូវបានគេចាក់សោរមិនឲ្យចូលការិយាល័យរបស់លោកនៅទីក្រុងឡុងដ៍ដោយសារលោកគាំទ្រលោកស្រី អោង សានស៊ូជី មេដឹកនាំដែលត្រូវបានទម្លាក់ពីតំណែង។ លោក Kyaw Zwar Minn បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកត្រូវបានហាមឃាត់មិនឲ្យចូលក្នុងស្ថានទូតកាលពីថ្ងៃពុធ តាមបញ្ជាពីរបបយោធានៅប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងសេចក្ដីថ្លែងការណ៍ក្នុងនាមលោកនៅថ្ងៃព្រហស្បតិ៍នៅមុខស្ថានទូតនោះ លោក Kyaw Zwar Minn បាននិយាយថា បុគ្គលិកស្ថានទូត កំពុងរងការគំរាមកំហែងដោយការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើពួកគេបដិសេធមិនធ្វើការឲ្យអ្នកការទូតដែលស្មោះត្រង់នឹងរដ្ឋាភិបាលយោធា។ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab នៅក្នុងសារតាមធ្វីតថឺមួយកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសថា នេះជា៖ «សកម្មភាពសម្លុតធ្វើបាបរបស់របបយោធាមីយ៉ាន់ម៉ា» ខណៈលោកសម្តែងការគោរពចំពោះសេចក្តីក្លាហានរបស់លោក Kyaw Zwar Minn។
របាយការណ៍ដែលវីអូអេភាសាភូមាទទួលបានបានឲ្យដឹងថា បញ្ហានេះ កើតឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់ជនស៊ីវិលយ៉ាងតិច១១នាក់ និងធ្វើឲ្យរបួសយ៉ាងហោចណាស់១០នាក់ នៅពេលដែលពួកគេ បានបាញ់ទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលនៅភាគពាយ័ព្យនៃទីក្រុង Kalay។
អ្នករៀបចំបាតុកម្មម្នាក់ បានប្រាប់វីអូអេភាសាភូមាថា កងទ័ពដែលមានភារកិច្ចដករបាំងដែលរៀបចំឡើងដោយក្រុមបាតុករ បានបាញ់ប្រហារដោយមិនរើសមុខ។ ក្រុមអ្នកតវ៉ា កំពុងទាមទារឲ្យរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជី បានឡើងកាន់អំណាចវិញ។
អ្នករៀបចំបាតុកម្មបាននិយាយថា ក្រុមបាតុករដែលមិនដឹងចំនួនដោយអ្នកខ្លះប្រដាប់ដោយអាវុធច្នៃដោយខ្លួនឯង ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងដែលល្បីថាប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលយ៉ាងស្វិតស្វាញ។ វីដេអូនៃការវាយប្រហារមុនថ្ងៃរះ រួមមានសំឡេងផ្ទុះអាវុធ និងគ្រាប់បែកដៃ។ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា មានការបាញ់គ្រាប់ផ្លោងផងដែរ។ យុវជនម្នាក់ដែលរស់នៅក្នុងទីក្រុង Kalay ហើយដែលបានរត់គេចពីការចាប់ខ្លួន បានប្រាប់វីអូអេថា កម្លាំងសន្តិសុខ បានបាញ់គ្រាប់ផ្លោងយ៉ាងតិច២០គ្រាប់ ដើម្បីកម្ទេចរបាំងនិងបាញ់គ្រាប់កាំភ្លើងទៅលើក្រុមអ្នកតវ៉ា។
បណ្តាញព័ត៌មាន Myanmar Now បានឲ្យដឹងថា ក្រុមអ្នកតវ៉ានៅទីក្រុង Kalay ដែលពីមុនមានកាំភ្លើងច្នៃខ្លួនឯង និងបានបង្កើតតំបន់ការពាររបស់គេនោះ បានធ្វើឱ្យកម្លាំងសន្តិសុខមានគ្រោះថ្នាក់អំឡុងការវាយលុកលើកមុនទៅលើទីក្រុង និងភូមិក្បែរៗ នោះកាលពីថ្ងៃទី២៨ ខែមីនា។
ការកាន់កាប់ដោយយោធានៅប្រទេសមីយ៉ាន់ម៉ា បានបង្កឲ្យមានការឆក់ប្លន់ដោយកងទ័ពខណៈសេដ្ឋកិច្ចកាន់តែដុនដាបផងដែរ។
ប្រជាពលរដ្ឋមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃអង្គារថា ពលរដ្ឋមីយ៉ាន់ម៉ា កំពុងប្រឈមកង្វះស្បៀងអាហារនិងរបស់ប្រើប្រាស់ចាំបាច់ផ្សេងៗ បន្ទាប់ពីការគ្រប់គ្រងរយៈពេល៦៥ថ្ងៃក្រោមរបបយោធាដែលកងទ័ពបានរឹបអូសរថយន្តដឹកទំនិញនៅកន្លែងបិទផ្លូវ ហើយលួចទំនិញនិងប្រាក់ពីយានយន្ត ហាងទំនិញ និងលំនៅដ្ឋាន។
រដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់ប្រទេសនេះធ្វើឡើង បន្ទាប់ពីសេដ្ឋកិច្ចមានភាពតានតឹងយ៉ាងខ្លាំងមួយឆ្នាំដោយសារការបិទសកម្មភាពសេដ្ឋកិច្ចដើម្បីទប់ទល់ការរាលដាលនៃវីរុសកូរ៉ូណា។ មីយ៉ាន់ម៉ា គឺជាប្រទេសក្រីក្របំផុតនៅអាស៊ីអាគ្នេយ៍ដោយមានកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ ប្រហែល១៣០០ដុល្លារក្នុងមួយឆ្នាំ។
វិធានការប្រឆាំងនឹងរោគរាតត្បាតនៅរដូវរងារនេះ បានប៉ះពាល់ដល់គ្រួសារនិងអាជីវកម្ម រួមទាំងវិស័យកសិកម្មដែលមានចំនួន១ភាគ៥នៃកំណើនផលិតផលសរុបក្នុងស្រុក និងផ្តល់ការងារដល់ពលរដ្ឋជាងពាក់កណ្តាលប្រទេស។ រដ្ឋប្រហារនិងការតវ៉ាទ្រង់ទ្រាយធំរបស់ជនស៊ីវិលប្រឆាំងរបបយោធា បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ។
ការបន្តឹងរបស់យោធាទៅលើការដឹកជញ្ជូននិងរបាំងសន្តិសុខនៅតាមផ្លូវធំៗ ទូទាំងប្រទេសបានធ្វើឱ្យស្ទះលំហូរស្បៀងអាហារ និងទំនិញផ្សេងទៀតចូលក្នុងទីក្រុងនិងតំបន់ជាយក្រុង។ ក្រុមអាជីវករ បានប្រាប់វិទ្យុអាស៊ីសេរីថា ទាហានដែលឈរជើងនៅតាមដងផ្លូវធំៗ ជារឿយៗរឹបអូសយកទំនិញនិងប្រាក់ពីអ្នកបើកបរ និងអ្នកធ្វើដំណើរក្នុងតំបន់ Sagaing និង Mandalay ដែលជាមជ្ឈមណ្ឌលមានប្រជាជនច្រើនបំផុតក្នុងប្រទេសមីយ៉ាន់ម៉ា។
ពួកគេនិយាយថា កម្លាំងសន្តិសុខបញ្ឈប់រាល់ចរាចរណ៍ដែលឆ្លងកាត់ទីប្រជុំជនភាគច្រើននៅក្នុងតំបន់ទាំងពីរនិងត្រួតពិនិត្យយានយន្ត។
ក្រុមអាជីវករបាននិយាយថា ឧបទ្ទវហេតុស្រដៀងគ្នានេះ មាននៅក្នុងតំបន់ Sagaing នៅភាគពាយ័ព្យប្រទេសដែលប៉ូលិសនិងកងទ័ព បានរឹបអូសស្បៀងអាហារពីហាងនានាក្នុងផ្សារ និងផ្សារទំនើប ដោយមិនបង់ប្រាក់។ ពួកគេក៏បានលួចទំនិញពីយានយន្តដែលពួកគេបានត្រួតពិនិត្យផងដែរ ដែលធ្វើឲ្យមិនសូវមានរថយន្តដឹកទំនិញក្នុងតំបន់នោះ៕