នៅថ្ងៃពុធនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធចំពោះការរកឃើញរបស់គណៈកម្មាធិការស៊ើបការណ៍ពិសេសអង្គការសហប្រជាជាតិ ដែលចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងទៀតនៅក្នុងការបង្ក្រាបកាលពីឆ្នាំមុនលើជាតិសាសន៍រ៉ូហ៊ីងយ៉ា កាន់សាសនាឥស្លាម។
គណៈកម្មាធិការនេះបានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃចន្ទអំពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាលើជាតិសាសន៍រ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine កាលពីខែសីហាឆ្នាំមុន។ អ្នកស៊ើបអង្កេតបានអំពាវនាវឲ្យមានការកាត់ទោសលោកឧត្ដមសេនីយ៍ Min Aung Hlaing ដែលជានាយអគ្គសេនាធិការយោធាមីយ៉ាន់ម៉ា និងឧត្ដមសេនីយ៍ ៥ នាក់ទៀត ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាលោក Zaw Htay បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ានៅថ្ងៃពុធនេះថា «រដ្ឋាភិបាលមីយ៉ាន់ម៉ាមិនយល់ព្រម និងមិនទទួលយកសេចក្ដីសម្រេចណាមួយ» របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះទេ។
លោក Zaw Htay បាននិយាយថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបង្កើតគណៈកម្មការស៊ើបអង្កេតរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹង «ការចោទប្រកាន់មិនត្រឹមត្រូវ» របស់អង្គការសហប្រជាជាតិ និង«សហគមន៍អន្តរជាតិដទៃទៀត»។
អ្នកនាំពាក្យរូបនេះក៏បានជំទាស់ផងដែរទៅនឹងការសម្រេចរបស់ក្រុមហ៊ុន Facebook នៅក្នុងការបិទទំព័រ Facebook របស់លោកឧត្ដមសេនីយ៍ Min Aung Hlaing និងមន្ត្រីយោធាកំពូលៗផ្សេងទៀត។ ក្រុមហ៊ុន Facebook បានចោទប្រកាន់ក្រុមមេដឹកនាំយោធាទាំងនេះថាបានប្រើ Facebook ដើម្បីផ្សព្វផ្សាយព័ត៌មានស្អប់គុំកួន និងព័ត៌មានមិនពិតអំពីជាតិសាសន៍រ៉ូហ៊ីងយ៉ា៕