ក្រុមឧទ្ទាមជនជាតិភាគតិចមីយ៉ាន់ម៉ាមួយក្រុមបាននិយាយថា ខ្លួនបានដណ្ដើមកាន់កាប់មូលដ្ឋានយោធាជួរមុខមួយកន្លែងនៅជិតព្រំដែនភាគខាងកើតជាប់ប្រទេសថៃ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅព្រឹកថ្ងៃអង្គារនេះនៅក្នុងតំបន់មួយនៅជិតទន្លេ Salween ដែលជាទន្លេបែងចែករវាងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ។ អ្នកភូមិនៅខាងផ្នែកទឹកដីថៃនៃទន្លេនេះបានរាយការណ៍ថា ពួកគេបានឮស្នូរកាំភ្លើងបាញ់ប្រហារខ្លាំងក្លានៅពេលមុនថ្ងៃរះ។
លោក Padoh Saw Taw Nee អ្នកនាំពាក្យសហភាពជាតិ Karen (Karen National Union) បាននិយាយថា ក្រុមរបស់លោកបានដណ្ដើមកាន់កាប់មូលដ្ឋានយោធាខាងលើនៅម៉ោងប្រហែល ៥ ព្រឹក។ អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកនៅខាងផ្នែកទឹកដីថៃនៃទន្លេ Salween បាននិយាយថា ពួកគេបានឃើញទាហានមីយ៉ាន់ម៉ាយ៉ាងតិច ៦ នាក់ រត់ចេញពីមូលដ្ឋានយោធានោះ។
កងកម្លាំងឧទ្ទាម Karen បានធ្វើការប្រយុទ្ធខ្លាំងក្លាប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីថ្ងៃទី ១ ខែកុម្ភៈមក។ ពួកគេបានវាយប្រហារមូលដ្ឋានយោធានិងមូលដ្ឋានប៉ូលិសនៅក្នុងរដ្ឋ Karen។ យោធាបានតបតវិញដោយការវាយប្រហារតាមអាកាស ដោយធ្វើឲ្យពលរដ្ឋប្រហែល ២៤.០០០ នាក់រត់គេចពីផ្ទះសម្បែងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ក្រុម Karen នេះគឺជាកងកម្លាំងឧទ្ទាមជនជាតិភាគតិចមួយក្រុមរបស់មីយ៉ាន់ម៉ា ដែលបានគាំទ្រក្រុមបាតុករដែលធ្វើការតវ៉ាជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសដើម្បីទាមទារឲ្យយោធាប្រគល់អំណាចឲ្យអ្នកស្រី Aung San Suu Kyi និងរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រីវិញ៕