ប្រទេស​មីយ៉ាន់ម៉ា​សាក​សួរ​ជន​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​រកឃើញ​នៅ​ឯ​សមុទ្រ

ជន​ទេសន្តរប្រវេសន៍​បង់ក្លាដែស​ដែល​ត្រូវ​បាន​គេ​រកឃើញ​នៅ​ឯ​សមុទ្រ​ កំពុង​ដើរ​នៅ​លើ​ស្ពាន​មិត្តភាព​មីយ៉ាន់ម៉ា​-បង់ក្លាដែស​ ខណៈពួក​គេ​ត្រឡប់​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​វិញ​ នៅ​តំបន់​ Taungpyo ខេត្ត​Rakhine ភាគខាងកើត​ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។

​ប្រទេស​មីយ៉ាន់ម៉ា​និយាយ​ថា ខ្លួន​ចាប់ផ្តើម​ដំណើរ​ការ​នៃ​ការ​សាកសួរ​អ្នក​ធ្វើ​ដំណើរ​តាម​ទូក​ដែលដឹក​មនុស្ស​ចំនួន​៧០០​នាក់​ ដែល​មីយ៉ាន់ម៉ា បាន​សង្គ្រោះ​ពី​ក្នុង​ដែនសមុទ្រ​របស់​ខ្លួន​កាលពី​ដើម​សប្តាហ៍​នេះ។​

មន្ត្រី​នៅ​ក្បែរទី​ក្រុង​ Maungdaw​ ជាប់ព្រំដែន​ភាគខាង​លិច​ បាន​ប្រាប់​វីអូអេ​ថា ​ជន​ភៀស​ខ្លួន​ទាំងនោះ​ ដែល​រួម​មាន​ស្រ្តី​ជាង​៧០​នាក់ ​និង​កុមារ​ជាង​៤០​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ជន​អន្តោ​ប្រវេសន៍​ក្បែរ​ក្រុង​ Taung Pyo។​

អាជ្ញាធរ​និយាយ​ថា ​ដំណើរការ​នេះ​នឹង​ត្រូវ​ការ​ពេល​បី​ថ្ងែ​មុន​នឹង​មន្ត្រី​អាច​សម្រេច​អំពី​ឋានៈ​របស់​ពួក​គេ ​និង​សម្រេច​ថា​ នឹង​ត្រូវ​ចាត់​វិធានការ​យ៉ាងណា​ចំពោះ​អ្នក​ទាំង​នោះ។​

ប្រទេស​មីយ៉ាន់ម៉ា​មិន​ទទួល​ស្គាល់​ជនជាតិ ​Rohingya ​នោះ​ទេ​ ដោយ​ចាត់​ទុក​អ្នកទាំង​នោះ​ថា​ ជា​ជនជាតិ​ Bengali។​

លោកស្រី​ Anne Richard ​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​ប្រជាជន​ ជនភៀស​ខ្លួន​ និង​ជន​ចំណាក​ស្រុក​ បាន​ប្រាប់​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៅ​ទីក្រុង ​Jakarta ​កាលពី​ថ្ងៃ​ពុធ​ថា៖​ «ជនជាតិ​ Rohingya​ ត្រូវ​តែ​ត្រូវ​ចាត់​ទុក​ថា ​ជា​ពលរដ្ឋភូមា។​ ពួក​គេ​ត្រូវ​ការ​លិខិត​ស្នាម​ដើម្បី​បង្ហាញអត្តសញ្ញាណ»។​

កាលពី​ខែ​មុន​ ជន​ភៀស​ខ្លួន​៨០០​នាក់ ​ដែលសុទ្ធ​តែ​បុរស​ទាំង​អស់​ និង​ក្រុម​នាវិក​ចំនួន​១១​នាក់​ផង​នោះ ​ត្រូវ​បាន​រកឃើញ​នៅ​លើ​កាប៉ាល់មួយ​ ដែល​បាន​ធ្វើ​ដំណើរ​តាម​សមុទ្រ​ អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។​

ពួក​គេ​ទាំងអស់​ លើកលែង​តែ​មនុស្ស៨នាក់​ បាន​ប្រកាស​ថា​ ពួកគេ​មក​ពី​ប្រទេស​បង់ក្លាដេស​ និង​ត្រូវ​បាន​ឃុំខ្លួននៅ​ជំរំ​ក្បែរ​ទីក្រុង ​Taung Pyo ​នៃ​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​នៅ​ចម្ងាយ​ប្រមាណ​ពីរ​ ឬ​បី​គីឡូម៉ែត្រ ​ពី​ព្រំ​ប្រទល់​ប្រទេស​បង់ក្លាដេស។​

វីអូអេ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ពិសេស​ក្នុង​ការ​ចូល​ជួបអ្នក​ដែល​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​នោះ ​ដែល​ពួកគេ​និយាយ​ថា ​ពួកគេ​បាន​ជួប​ប្រទះ​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​បី​ខែ​ មុន​នឹង​ពួកគេ​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​លើ​គោក​វិញ។​

បុរស​ភាគ​ច្រើន​និយាយ​ថា ​ពួកគេ​ត្រូវ​បាន​គេ​ចាប់​ពង្រាត់​ពី​កំពង់ផែ​នៅ Cox's Bazzar ​និង​ពីកំពង់ផែ​ផ្សេង​ទៀត​នៅ​ប្រទេស​បង់ក្លាដេស ​ហើយ​ត្រូវ​គេ​លក់​ឲ្យ​អ្នក​ជួញដូរ​មនុស្ស។​

លោក ​Ismail ​អាយុ​៥៤​ឆ្នាំ ​និយាយ​ថា ​លោក​បាន​ទៅ​កំពង់ផែ​ Cox's Bazzar​ ដើម្បី​ស្វែងរក​ការងារក្នុង​ស្រុក​ធ្វើ។​

លោក​និយាយ​ថា៖​ «ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ទីនោះ ​ឈ្មួញ​ម្នាក់​បាន​បញ្ឆោត​ឲ្យ​ខ្ញុំ​ធ្លាក់​ក្នុង​ស្ថានភាព​នេះ។ ​ខ្ញុំ​មិន​ចង់​ទៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​ទេ»។​

ដំបូង ​បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ បាន​ប្រាប់​ថា ​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ឡើង​ទូក។ ​ប៉ុន្តែ​នៅ​ពេល​ឆ្លើយ​នឹង​សំណួរទី​២ ​បុរស​មួយ​ភាគ​បី​បាន​និយាយ​ថា ​ពួកគេ​បានព្យាយាម​ស្វែងរក​ការងារ​នៅ​បរទេស​ នៅ​ពេល​អនាគត។​

ខណៈ​ពេល​ដែល​វីអូអេ​កំពុង​សម្ភាស​បុរស​ម្នាក់​ មាន​មន្ត្រី​៣​នាក់​ស្លៀកពាក់​ស៊ីវិល ​ហើយមិន​បង្ហាញ​អត្តសញ្ញាណ​ បាន​ត្រួត​ពិនិត្យ ​និង​បានថត​សកម្មភាព​នានា​ដោយ​ប្រើទូរស័ព្ទ​ដៃ​របស់​ពួក​គេ។​

បុរស​ទាំងនេះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​អស់​រយៈ​ពេល​ជិត​ពីរ​សប្តាហ៍​មក​ហើយ​ចាប់​តាំង​ពី​ពួកគេ​ត្រូវ​បាន​គេ​សង្រ្គោះ​កាលពី​ថ្ងៃទី​២១ ​ខែ​ឧសភា ​បន្ទាប់​ពី​នៅ​តាម​សមុទ្រ​អស់​រយៈ​ពេល​បី​ខែ​រួចមក។​ ពួក​គេ​រៀបរាប់​ពី​ស្ថាន​ការណ៍​ដ៏​អាក្រក់​នៅ​លើទូក​ ដែល​ពួកគេ​ទទួល​ទាន​បាយ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ​និង​ទឹក​ផឹក​បន្តិច​បន្តួច។​ ពេល​ពួក​គេ​សុំ​អាហារ ​និង​ទឹក​បន្ថែម​ ពួកគេ​ត្រូវ​គេវាយ​ដំ។​

អាជ្ញាធរ​មីយ៉ាន់ម៉ា​បាន​ប្រាប់​វីអូអេ​ថា ​មន្រ្តី​មក​ពី​ស្ថានទូត​បង់ក្លាដេស​បាន​ចុះ​ទៅ​មើល​ជនភៀស​ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​ឧសភា ​ហើយ​កំពុង​ធ្វើ​ការ​បញ្ជាក់​ការ​អះអាង​សិទ្ធិ​ជា​ពលរដ្ឋ​របស់​គេ។ ​ប្រសិន​បើ​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា​ បាន​និយាយ​ការណ៍​ពិត​ នោះ​អាជ្ញាធរ​និយាយ​ថា​ ពួក​គេ​នឹង​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​មាតុភូមិ​របស់​ពួក​គេ​វិញ។​

បុរស​ម្នាក់​ឈ្មោះ​ថា ​Mahmoud ​បាន​យំ​សោក ​នៅ​ពេល​ដែល​លោក​បាន​សុំ​ឲ្យ​បង់ក្លាដេស​បញ្ជូន​ពួកគេ​ទៅ​ផ្ទះ​វិញ។​

«ព្រោះ​តែ​ជន​ទុច្ចរិត​ឬ​ឈ្មួញ​ទាំង​នោះ ​បាន​ជា​ពួកយើងរងគ្រោះ​អស់​រយៈ​ពេល​បី​ខែ​ នៅ​ឯ​សមុទ្រ​ ពុំ​មាន​អ្នក​ណា​ជួយ។ ​ប្រសិន​បើ​កងទ័ព​ជើង​ទឹក​ប្រទេស​មីយ៉ាន់ម៉ា​មិន​បាន​ជួយ​សង្រ្គោះ​ពួកយើង​នោះ​ទេ​ ពួក​យើង​ស្លាប់​ដោយសារ​ការ​អត់​អាហារ ​និង​រសាត់​តាម​សមុទ្រ​បាត់​ទៅ​ហើយ»។​

​ជនជាតិ​ថៃ​ម្នាក់​ជន​ដែល​ត្រូវ​សង្ស័យ​ថា​ ជា​ម្ចាស់​ទូក​ និង​កងនាវិក​យ៉ាង​តិច​៩​នាក់​ត្រូវ​បាន​ប្រទេស​មីយ៉ាន់ម៉ា​ធ្វើការ​ឃុំ​ខ្លួន​រងចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត។ ​ពួកគេ​មិន​ទាន់​មាន​ពេល​ប្រាប់​ប្រព័ន្ធ​ផ្សព្ធផ្សាយ​ ព័ត៌មាន​អំពី​សាច់រឿង​ពី​ភាគី​របស់​គេ​ទេ។​

អ្នក​ដែល​ហៅ​ខ្លួន​គេ​ថា ​ជា​ជនជាតិ​ Rohingya ​ចំនួន​៨​នាក់​មក​ពី​ប្រទេស​មីយ៉ាន់ម៉ាស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ពី​ទូក ​ប៉ុន្តែ​វីអូអេ​មិន​អាច​ធ្វើ​កិច្ច​សន្ទនា​ជាមួយ​ពួកគេ​បាន​ទេ​ ព្រោះ​ថា ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ ហើយ​អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្ធផ្សាយ​ចុះ​ទៅ​ជួប​អ្នក​ទាំង​នោះ​ទេ។​

លោកស្រី​ Anne Richard ​នៃ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ បាន​ប្រាប់​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៅ​ឯ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ពុធ​ថា៖ ​«នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ ​Rakhine​ គឺជា​កន្លែង​មួយ​ដែល​មាន​បរិយាកាស​ជិះជាន់​ខ្លាំង​បំផុត​ ក្នុង​ចំណោម​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​បានធ្វើ​ដំណើរ​ទៅ​ដល់​នោះ។ ​អ្នកពិត​ជាមានអារម្មណ៍ចម្លែក​ណាស់​ នៅ​ពេល​អ្នក​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​មនុស្ស​ម្នារ​សម្លឹង​មើល​មក​អ្នក​ ហើយ​ពួកគេហាក់​បី​ដូចជា​មាន​ការ​ភ័យ​ខ្លាច​ មិន​ហ៊ាន​និយាយ​មក​កាន់​អ្នក។​ ហើយ​ជា​ពិសេស​នោះ​គឺ​ក្មេងៗ។​ រឿង​នេះ​មិន​ធម្មតា​នោះ​ទេ»។​

ចាប់​តាំងពី​មាន​ការ​រក​ឃើញ​ផ្នូរ​ខ្មោច​ជា​ច្រើន​នៅ​ក្នុង​ព្រៃ​នៅ​តាម​ព្រំ​ប្រទល់​ប្រទេស​ថៃ​ និង​ម៉ាឡេស៊ី​កាលពី​ខែ​មុន​កន្លង​មក​នេះ​ អាជ្ញាធរ​ថៃ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​យោធា​ Junta​ បាន​ចាប់ឃុំ​ខ្លួនមនុស្ស​ចំនួន​៥០​នាក់។​

សកម្មជន​បាន​និយាយថា​ ផ្លូវ​រត់ពន្ធមនុស្ស​នេះពុំ​អាច​ដំណើរការ​បាន​ច្រើន​ឆ្នាំទេ ​ប្រសិន​បើ​គ្មាន​ការ​ចូល​ដៃ​ពី​អាជ្ញាធរ​ ពិសេស​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​ម៉ាឡេស៊ី។​ ប្រទេស​ទាំងពីរ​នេះ​សន្យា​ថា ​នឹង​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ។​

មន្រ្តី​យោធា​ជាន់​ខ្ពស់​ថៃ​ម្នាក់​បាន​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ ហើយ​លោក​ជា​ជន​សង្ស័យ​កម្រិត​ខ្ពស់​បំផុត​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស។​

មុន​នឹង​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ លោក​ឧត្តមសេនីយ៍​ Manus Kongpan ថ្លែង​ថា៖ ​«ខ្ញុំ​សុំ​តែ​យុត្តិធម៌​ទេ។ ​ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​សហការ​ជាមួយ​មន្រ្តី​នានា​គ្រប់​វិធានការ»។​

យោង​តាម​នាយក​គម្រោង ​Arakan ​គឺ​លោក​ Chris Lewa ​បាន​ឲ្យ​ដឹង​ថា ​ឥឡូវ​នេះ​ ជំរំ​អ្នក​រត់ពន្ធ​នៅ​តាម​ព្រំប្រទល់​ប្រទេស​ថៃ​ និង​ម៉ាឡេស៊ី ​ ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​ និង​ត្រូវ​បិទហើយ។​ ​មាន​ការ​រៀបចំ​ សម្រាប់​អ្នក​ដែល​ចុះចត​នៅ​ក្បែរ​កន្លែង​ដើម​ ដែល​ជា​ប្រភព​នៃ​ការ​ចេញ​ធ្វើ​ដំណើរ​ដ៏ប្រថុយ​ប្រថាន​របស់​ពួក​គេ។​

លោក​ Lewa ​បាន​ប្រាប់​អ្នក​រាយ​ការណ៍​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​នៅ​ឯ​ទីក្រុង​បាងកក​ថា៖​ «នៅ​មាន​ទូក​ដឹក​មនុស្ស​ទៀត​នៅ​ឯ​សមុទ្រ។ ពួក​យើង​ជឿ​ថា ​ទូក​ទាំង​នោះ​នៅ​ឯ​ឆក​សមុទ្រ​ Bengal»។​

កាលពី​ថ្ងៃពុធ​ មន្ត្រី​ជាន់ខ្ពស់នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​ធ្វើការ​ប៉ាន់​ស្មាន​ថា​ មាន​ជន​ចំណាក​ស្រុក​ប្រមាណ២០០០​នាក់​កំពុង​ស្ថិត​នៅ​ឯ​សមុទ្រ​នៅ​ឡើយ​ ហើយ​ពាក់​កណ្តាល​នៃ​អ្នកទាំងនោះ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រនៃ​ប្រទេស​មីយ៉ាន់ម៉ា​ ឬ​ឥណ្ឌូនេស៊ី​ ឯ​ពាក់កណ្តាល​ទៀត​នៅ​ក្នុង​សមុទ្រ​ Bengal។​

លោក ​Matt Dillon ​តារា​ភាពយន្ត​ជនជាតិ​អាមេរិក​ បាន​ចុះ​ទៅ​ទស្សន​កិច្ច​ឯ​ជំរំ​នៅ​ទីក្រុង ​Sittwe ​នៃ​ប្រទេស​ភូមា​ ដែល​មាន​ជនជាតិ ​Rohingya​ រាប់​ម៉ឺន​នាក់​។ ​លោក​បាន​បង្ហាញ​អំពី​ស្ថានភាព​ដ៏​លំបាក​របស់​អ្នក​ទាំង​នោះ​ ដោយ​និយាយ​ថា ​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកសៅ ​និង ក្រៀមក្រំ​ ដែល​បណ្តាល​មក​ពី​មនុស្ស​លោក​ ប៉ុន្តែ​វា​អាច​ដោះស្រាយ​បាន។​

លោក​ Dillon​ និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ប្រាប់​អ្នក​រាយ​ការណ៍​ព័ត៌មាន​ ដោយ​សង្ខេប​នៅ​ទីក្រុងបាងកក​ថា៖​ «អ្នក​ទាំង​នោះ​មិនមែន​រស់​នៅ​ក្នុង​ជំរំ ​ព្រោះតែ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នោះ​ទេ»។

ក្នុង​ការ​ឆ្លើយ​សំណួររបស់​វីអូអេ ​លោក​និយាយ​ថា ​«នេះ​ជា​បញ្ហា​មនុស្សជាតិ​ដែល​បង្ក​ឡើង​ដោយ​ការ​មិន​ចេះ​អត់ឱន​ឲ្យ​គ្នា ​ការ​បំភ័យ ​ការ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​នៅ​រស់រាន​មាន​ជីវិត»។​

តារា​ភាពយន្ត​រូបនេះ​បាន​ពន្យល់​ថា ​លោក​បាន​សម្រេច​ចិត្ត​ទៅ​ជំរំ​នោះ​ បន្ទាប់​ពី​បាន​ឮ​សេចក្តី​អំពាវនាវ​ដ៏​គួរ​ឲ្យ​សោកសៅ ​កាលពី​ខែ​មុន​ពី​សកម្ម​ជន ​Rohingya ​ម្នាក់។​

កិច្ច​ប្រជុំ​ចម្រុះជាតិ​សាសន៍​បន្ទាន់​មួយ​ ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​យោធា​ថៃ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នោះ​ ពុំ​បាន​រក​ឃើញដំណោះស្រាយ​ចំពោះ​វិបត្តិ​នេះ​ទេ។ ​ប៉ុន្តែ​មាន​ការ​រំពឹង​ទុក​ថា​ នឹង​មាន​កិច្ច​ពិភាក្សា​រវាង​ប្រទេស​នានា​ក្នុង​សមាគម​អាស៊ាន​ នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ រួមមាន​កិច្ច​សន្ទនា​ដែល​មាន​គោល​បំណង​ដោះស្រាយ​ដើម​ហេតុ​នៃ​បញ្ហា​ចំណាក​ស្រុក​នេះ។​

ប្រទេស​មីយ៉ាន់ម៉ា​ចាត់​ទុក​ថា​ ខ្លួន​រង​សម្ពាធ​ពី​ប្រទេស​ម៉ាឡេស៊ី ​តែ​បណ្តា​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ផ្សេង​ទៀត​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តល់យោបល់ដល់រដ្ឋ​ដទៃ​ក្នុង​តំបន់​នោះ។​

លោកស្រី ​Lilian ​Fan ​អ្នកស្រាវជ្រាវ​ម្នាក់​នៃ​ក្រុម​នយោបាយ​មនុស្ស​ជាតិ​គឺ ​Humanitarian Policy Group ​បាន​និយាយ​ថា៖​ «មាន​សំណួរច្រើន​ឡើងៗ​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់ ​អ្នក​មាន​ឥទ្ធិពល​ក្នុង​តំបន់ ​អតីត​ប្រមុខ​រដ្ឋ​ និង​អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​ ដែល​បាន​និយាយ​ថា​ គោល​ការណ៍​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ចូល​ជ្រៀតជ្រែក​នោះ​ មិន​អាច​ដោះស្រាយ​ជួយ​ដោះស្រាយ​បញ្ហា​បំពាន​សិទ្ធិ​មនុស្ស​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​នេះបានទេ»។​

កាលពី​សប្តាហ៍​មុន​ លោក ​Barack Obama ​ប្រធានាធិបតី​អាមេរិក បាន​ប្រាប់​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា ​ឬ​ភូមា​បញ្ឈប់​ការ​រើសអើង​ប្រឆាំង​នឹង​ជនជាតិ ​Rohingya ​ដែល​គ្មាន​រដ្ឋ​នោះ។ ​លោក​ប្រធានាធិបតី​និយាយ​ថា ​បញ្ឈប់​ការ​រើសអើង​គឺ​ជា​ការ​សំខាន់​ណាស់​សម្រាប់​ជោគជ័យ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា។​

ក្នុងចំណោម​អ្នក​នៅ​លើ​ទូក​ជាមួយ​ជនជាតិ ​Rohingya​ នោះ ​គឺ​មាន​អ្នកជន​ចំណាក​ស្រុក​មកពី​ប្រទេស​បង់ក្លាដេស​ជាង​មួយ​ភាគ​បី ​ដែល​ស្វែង​រក​ឱកាស​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​និង​កន្លែង​ផ្សេងទៀត​ដែល​ប្រសើរ​ជាង​ប្រទេស​ខ្លួន។

លោក ​Richard ​និយាយ​ថា៖ ​«ប្រទេស​បង់ក្លាដេស​ត្រូវ​ពង្រីក ​និង​ពង្រឹង​ប្រព័ន្ធ​ទេសន្តរ​ប្រវេសន៍​ស្របច្បាប់ ​ដើម្បី​ទប់ស្កាត់​ការ​កេង​ប្រវ័ញ្ច​ផ្នែក​សេដ្ឋកិច្ច​លើជន​ចំណាក​ស្រុក។ ​យើង​គិត​ថា ​ចំណាក​ស្រុក​អាច​ជា​រឿង​វិជ្ជមាន ​មិនមែន​ជា​ពាក្យ​មិន​ល្អ​នោះ​ទេ»៕​

ប្រែ​សម្រួលដោយ ស្រេង​ លក្ខិណា